គុណសម្បត្តិរបស់អ្នកដឹកនាំ

ព្រះបាទធម្មិក ដោយឥន្ទបញ្ញោ ហេង មណីចិន្តា

អ្នកដឹកនាំត្រូវមានសុខភាពសមត្ថភាព និងគុណធម៌ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំល្អ។

សុខភាព 

ជាគុណសម្បត្តិផ្នែករាងកាយដែលអ្នកដឹកនាំទាំងឡាយត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានរឹងប៉ឹង។

សមត្ថភាព 

ជាគុណសម្បត្តិផ្នែកសតិបញ្ញាដែលអ្នកដឹកនាំទំាងឡាយត្រូវបំពេញបន្ថែមឲ្យរឹងរឹតតែខ្លាំងក្លាឡើងជាលំដាប់។

គុណធម៌ 

ជាគុណសម្បត្តិផ្នែកផ្លូវចិត្តនិងការ ប្រព្រឹត្តិ ដែលអ្នកដឹកនាំត្រូវថែរក្សា និងគោរពស្មើអាយុជីវិតរបស់ខ្លួន។ បើប្រៀបធៀបនឹងលំនៅដ្ឋានរបស់មនុស្ស គុណសម្បត្តិទាំង៣ ប្រការនេះមានដូចតទៅ៖

គុណសម្បត្តិបីយ៉ាងរបស់អ្នកដឹកនាំ

សុខភាព ទុកជាសសរផ្ទះ មាននាទីសម្រាប់ទ្រ
សមត្ថភាព ទុកដូចជាជញ្ជាំងផ្ទះ មាននាទីសម្រាប់បិទបាំង
គុណធម៌ ទុកដូចជាដំបូលផ្ទះ មាននាទីសម្រាប់ការពារ

គុណសម្បត្តិទី១ សុខភាព

លក្ខណៈរបស់អ្នកមានសុខភាពល្អរួមមានដូចជា៖
– ជាបុរសឬស្ត្រីពេញលក្ខណៈ
– រាងកាយមិនពិកលពិការ
– ជាមនុស្សមិនជរាពេក
– ជាមនុស្សមិនវិកលចរិត មិនសរសៃប្រសាទ
– ធន់នឹងជំងឺ គឺមិនងាយឈឺផ្តេសផ្តាស
– មិនមានរោគធ្ងន់ ឬសាហាវណាមួយបៀតបៀន
– ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក
បើសិនជាមានជំងឺបៀតបៀន ត្រូវប្រញាប់ព្យាបាលឲ្យបានរួសរាន់ ព្រោះថាការបណ្តែតបណ្តោយជំងឺតិចតួចថ្ងៃនេះ អាចនឹងឲ្យឈឺធ្ងន់ថ្ងៃស្អែកដែលរឹតឲ្យខូចការកាន់តែច្រើន។ នៅសហរដ្ឋអាមេរិកកាលប្រធានាធិបតេយ្យរ៉ូណាល់រេហ្គិន មានជំងឺធ្ងន់ ត្រូវវះកាត់ គេឃើញថាលុយដុល្លារ ដែលជារូបិយបណ្ណគោលនៃសេដ្ឋកិច្ចពិភពលោកចុះថោកភ្លាមមួយរំពេច រីឯក្នុងករណីប្រទេសកម្ពុជាវិញ ជំងឺរបស់សេនាប្រមុខ លន់ នល់ ជាបច្ច័យមួយយ៉ាងធំផងដែរ ដែលនាំឲ្យប្រទេសខ្មែរធ្លាក់ចុះ ព្រោះលោកលន់ នល់ មិនអាចមានសមត្ថភាពបញ្ជា និងដឹកនាំប្រទេសឲ្យដិតដល់។
ពុទ្ធភាសិតមួយពោលថា “ អរោគ្យា បរមា លាភា ការមិនមានរោគ គឺជាលាភដ៏ធំបំផុត” ។

គុណសម្បត្តិទី២ សមត្ថភាព

សមត្ថភាព គឺភាពដែលអាចបំពេញកិច្ចការណាមួយឲ្យសម្រេចបានដោយមធ្យោបាយគ្រប់បែប យ៉ាង ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ទាំងផ្លូវសម្ភារៈ។ សមត្ថភាព គឺជាដំណើរធ្វើកើត ដំណើរដែលអាចទៅរួចអាចប្រឹងប្រែងបាន។
លក្ខណៈរបស់អ្នកមានសមត្ថភាពមាន៨យ៉ាង គឺជាអ្នកជឿមានហេតុផល ជាអ្នកមានញាណ ជាអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់ ជាអ្នកខ្លាំងប្រសើរលើសគេ ជាអ្នកមានកម្លាំង១០ ជាអ្នកមានទេពកោសល្យ ជាអ្នកមានយុត្តិធម៌ និងជាអ្នកមានសេចក្តីព្យាយាម។
– អ្នកជឿមានហេតុផលៈ 

ធ្វើមេគេហើយ នៅត្រចៀកស្រាលទៀត

 ” នេះជាពាក្យដែលខ្មែរចំណាំនិយាយរិះគន់មេដឹកនាំណាដែលគេនិយាយអ្វី បន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះគិតថារឿងហ្នឹងជារឿងពិត។ គោលការណ៍នៃការជឿចំនួន១០យ៉ាងដែលត្រូវយកមកពិចារណាមុនដាក់ជំនឿ ថារឿងហ្នឹងពិតឬមិនពិត៖ (១) កុំដាក់ចិត្តជឿព្រោះគ្រាន់តែការបានឮតៗគ្នាមក (២) កុំដាក់ចិត្តជឿព្រោះដោយការកាន់តៗគ្នាជាប្រពៃណីតមក (៣) កុំដាក់ចិត្តជឿព្រោះដោយការនិទានតៗគ្នា (៤) កុំដាក់ចិត្តជឿព្រោះដោយការអាងតម្រាឬគម្ពី (៥) កុំដាក់ចិត្តជឿព្រោះការគិតបែបតក្កវិទ្យា (៦) កុំដាក់ចិត្តជឿដោយការអនុមាន (៧) កុំដាក់ចិត្តជឿព្រោះការពិចារណាតាមបែបហេតុផល (៨) កុំដាក់ចិត្តជឿព្រោះត្រូវនឹងទ្រឹស្តីដែលបានពិនិត្យហើយ (៩) កុំដាក់ចិត្តជឿព្រោះមើលទៅរូបលក្ខណៈដូចជាអញ្ចឹងមែន (១០) កុំដាក់ចិត្តជឿព្រោះលោកនោះជាគ្រូរបស់យើង។
– អ្នកមានញាណៈ

ជាអ្នកមានប្រាជ្ញាចាក់ឆ្លុះ ដឹងជ្រៅជ្រះ ដឹងសព្វគ្រប់។ ញាណ ឬការដឹងច្បាស់មាន៣ប្រការ គឺដឹងអតីតកាល(ដឹងពីអតីតកាលរបស់រឿង កិច្ចការ ឬហេតុការណ៍ណាមួយដោយច្បាស់លាស់ និងអាចកំណត់លំដាប់ហេតុការណ៍នោះបានគ្រប់លក្ខណៈ) ដឹងអនាគត(កាត់ស្មានហេតុការណ៍ដែលនឹងកើតឡើងបានដោយត្រឹមត្រូវ ដោយយោងភ្ជាប់នឹងហេតុការណ៍បច្ចុប្បន្ន) និងដឹងបច្ចុប្បន្ន (ដឹងដំណើរការដែលកំពុងប្រព្រឹត្តិទៅ មានលក្ខណៈបែបណា មានបច្ច័យអ្វីខ្លះ មានលក្ខណ្ឌយ៉ាងណា)។

– អ្នកមានប្រាជ្ញាជាន់ខ្ពស់ៈ 

(១)ឃើញហេតុណាមួយកើតឡើង ក៏អាចវែកញែកពង្រីក ថ្លឹងថ្លែង តភ្ជាប់ទៅរកហេតុផល ឬវិបាកដែលនឹងត្រូវកើតឡើងភ្លាមមួយរំពេច ដូចពាក្យខ្មែរច្រើនពោលថា “ និយាយតែពីរបីម៉ាត់រហ័សយល់ដឹងថាចង់ធ្វើអ្វី ចង់បានអ្វីភ្លាម  ”  (២) ឆាប់ចាប់បានសេចក្តីលំអិតនៃបញ្ហា ឬរឿងណាមួយដែលគេពន្យល់ ដឹងថារឿងហ្នឹងមានប្រភពមកពីណា (៣) មានបញ្ញាឆ្លៀវឆ្លាតក្នុងភាសា ស្គាល់ស័ព្ទ ពាក្យបញ្ញត្តិ ស្ទាត់ជំនាញក្នុងការនិយាយ ចេះនិយាយពិរោះឲ្យគេស្តាប់បាន ឲ្យគេចូលចិត្ត និងឲ្យគេជឿជាក់ តាមសេចក្តីប្រថ្នារបស់ខ្លួន (៤) បញ្ញាគិតលឿន យល់ច្បាស់ក្នុងចំណេះដឹង អាចយកទៅប្រើការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមស្ថានការណ៍។

– អ្នកខ្លាំងប្រសើរលើសគេៈ 

អ្នកដឹកនាំគេ ត្រូវខ្លាំងជាងប្រជាជន ទើបប្រជាជនទុកចិត្តឲ្យធ្វើជាប្រមុខគេបាន។ ដើម្បីក្លាយជាមនុស្សអច្ឆរិយៈក្នុងក្រសែភ្នែកប្រជាជន អ្នកដឹកនាំត្រូវ (១) ការឃើញដ៏ប្រសើរៈ ជាអ្នកឃើញសេចក្តីទុក្ខរបស់ប្រជាជន ឃើញបញ្ហាក្នុងសង្គម ជាអ្នកពេញចិត្តក្នុងការដើរសាកសួរប្រជាជនខ្លួន (២) ការស្តាប់ដ៏ប្រសើរៈ ចេះស្តាប់ ចូលចិត្តស្តាប់ និងពូកែស្តាប់ (៣) កាលបើអ្នកដឹកនាំបានឃើញ បានដឹង នូវបញ្ហា សេចក្តីត្រូវការ និងដំណោះស្រាយ ហើយ អ្នកដឹកនាំត្រូវយកមកចាត់ចែងជាក្រុម ជាថ្នាក់ ទៅតាមប្រភេទ តាមលំដាប់សំខាន់។ កន្លែងណាដែលព័ត៌មានមានមិនគ្រប់គ្រាន់ក៏យកមកបំពេញបន្ថែម។ កន្លែងដែលលើសហួសពីការពិត ក៏កាត់ចេញចម្រាញ់តែរបស់ណាដែលមានប្រយោជន៍ពិតៗ (៤) ការសិក្សាដ៏ប្រសើរៈ សិក្សាពិនិត្យឲ្យបានច្បាស់ អ្វីជាបញ្ហាចំបងរបស់រាស្ត្រ អ្វីជាប្រភពនៃបញ្ហាទាំងនោះ អ្វីជាសេចក្តីត្រូវការដែលរាស្ត្រចង់បានយ៉ាងពិតប្រាកដ កម្មវិធីនិងមធ្យោបាយណាដែលអាចអាចកំចាត់នូវបញ្ហានិងបំពេញសេចក្តី ត្រូវការរបស់រាស្ត្របាន។ (៥) ជាអ្នកបម្រើដ៏ប្រសើរៈ បន្ទាប់ពីបានសិក្សានូវបញ្ហា សេចក្តីត្រូវការ និងវិធីដោះស្រាយហើយ ត្រូវយកទៅអនុវត្តន៍ឲ្យក្លាយជាប្រយោជន៍រាស្ត្រ។ (៦) ការរំលឹកដ៏ប្រសើរៈ កិច្ចការណាដែលអនុវត្តន៍ហើយ អ្នកដឹកនាំត្រូវតាមដាន ស្តាប់ឲ្យបានជារឿយៗ ថាមានដំណើរដល់ណាហើយ មានបញ្ហាអ្វីជាឧបសគ្គថែមទៀតទេ។ រួចហើយក៏យកព័ត៌មានទាំងនោះមកចាត់លំដាប់សារជាថ្មី ព្រមទាំងសិក្សាឲ្យបានច្បាស់លាស់។

– អ្នកមានកម្លាំង១០៖ 

(១)យល់ច្បាស់ពីច្បាប់និងគោលការណ៍ដែលទាក់ទងនឹងតួនាទីរបស់ខ្លួន (២) យល់ពីការប្រព្រឹត្តិរបស់មនុស្សនិងដឹងថាការប្រព្រឹត្តិបែបនេះនឹង នាំដល់លទ្ធផលបែបនោះ ឬថាលទ្ធផលបែបនេះចេញមកពីការប្រព្រឹត្តិបែបណា (៣) យល់ដឹងពីមធ្យោបាយ យុទ្ធសាស្ត្រសម្រាប់នាំទៅរកគោលដៅ (៤) យល់ដឹងច្បាស់ក្នុងរឿងសង្គមវិទ្យា រដ្ឋសាស្ត្រ (៥) យល់ច្បាស់ពីលក្ខណៈខុសគ្នារបស់បុគ្គលនីមួយៗ ក្រុមនីមួយៗ បក្សនីមួយៗ ទាំងខាងអាធ្យាស្រ័យ និន្នាការ មនោគមវិជ្ជា និងភាពប៉ិនប្រសព្វពីកំណើត (៦) យល់ដឹងពីភាពផ្សេងៗ រវាងបុគ្គលខាងផ្នែកកម្រិតសតិបញ្ញា សមត្ថភាព វិវឌ្ឍនាការក្នុងផ្នែកផ្សេងៗ និងការត្រៀមខ្លួនដើម្បីធ្វើការអភិវឌ្ឍន៍ (៧) ដឹងនូវបច្ច័យផ្សេងៗដែលនឹងទៅជាឧបសគ្គ ឬជាជំនួសក្នុងការដឹកនាំ និងចេះកែខៃកត្តាទាំងនោះ (៨) ដឹងពីអតីតកាល និងបទពិសោធន៍របស់អ្នកនៅក្រោមបង្គាប់ (៩) ប្រមើលមើលដឹងនូវផលអនាគត និង (១០) ដឹងច្បាស់ប្រាកដក្នុងចិត្តនូវលក្ខណៈផលសម្រេចដែលខ្លួនចង់បាន។

– អ្នកមានទេពកោសល្យៈ 

ប៉ិនប្រសប់ ឈ្លាសវៃ ដូចពាក្យខ្មែរនិយាយថា “ចេះដប់មិនស្មើប្រសប់មួយ”។ (១) ឆ្លាតក្នុងការចំរើន ដឹងធ្វើអ្វីនាំឲ្យចំរើន (២) ឆ្លាតក្នុងសេចក្តីវិនាស ដឹងថាអ្វីដែលនាំឲ្យកើតក្តីវិនាស (៣) ប៉ិនប្រសប់ក្នុងវិធីដោះស្រាយនិងសម្រេចផល។

– អ្នកមានយុត្តិធម៌ៈ ជៀសវាងអគតិ៤ គឺ (១) លំអៀងព្រោះស្រឡាញ់ (២) លំអៀងព្រោះក្រោធ ព្រោះស្អប់ (៣) លំអៀងព្រោះខ្លាច មានខ្លាចគេបៀតបៀនជាដើម (៤) លំអៀងព្រោះវង្វេងព្រោះ មិនដឹងដល់សាច់រឿង។

– អ្នកមានសេចក្តីព្យាយាមៈ សេចក្តីព្យាយាមរបស់ អ្នកដឹកនាំត្រូវប្រកបដោយអង្គ៤ប្រការ គឺព្យាយាមការពារកុំឲ្យកើតបញ្ហា ព្យាយាមកំចាត់បញ្ហាដែលមានឲ្យអស់ទៅ ព្យាយាមសាងនូវសេចក្តីសុខស្រួលឲ្យកើតមានឡើង និងព្យាយាមរក្សានូវសេចក្តីសុខស្រួលនោះឲ្យគង់វង្សចម្រើនតទៅ ទៀត។

គុណសម្បត្តិទី៣ គុណធម៌
គុណធម៌ធំៗរបស់អ្នកដឹកនាំមាន ទសពិធរាជធម៌ ១០ចំនុច និង ព្រហ្មវិហារធម៌ ៤ចំនុច។
– ទសពិធរាជធម៌

១. ទាន បានដល់ការឲ្យ៣ប្រការធំៗ គឺ ឲ្យវត្ថុ ឲ្យចំណេះដឹង និងឲ្យការអភ័យទោស។
២. សីល ឬការប្រព្រឹត្តល្អៈ ធ្វើខ្លួនស្ថិតក្នុងប្រក្រតីភាព មិនបង្កសេចក្តីក្តៅក្រហាយដល់អ្នកដទៃ គោរពច្បាប់វិន័យ ចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត និងប្រើរបស់ទ្រព្យប្រកបដោយការពិចារណា។
៣. បរិច្ចាគ ឬការបរិច្ចាគៈ លះបង់ដោយពុំគិតចង់បានអ្វីមកវិញ ដែលជាបច្ច័យឲ្យគេគោរព សរសើរ ជាគម្រូ។ លះបង់ទ្រព្យដើម្បីអវៈយវៈ លះបង់អវៈយវៈដើម្បីជីវិត លះបង់ជីវិតដើម្បីភាពត្រឹមត្រូវ។
៤. អាជ្ជវៈ ឬការស្មោះត្រង់ៈ ត្រង់ក្នុងតួនាទី ត្រង់ក្នុងការងារ ត្រង់ចំពោះវាចា ត្រង់ចំពោះបុគ្គល ត្រង់ចំពោះប្រជារាស្ត្រ និងត្រង់ចំពោះសេចក្តីល្អ។
៥. មទ្ទវៈ ឬការទន់ភ្លន់ៈ មិនរឹងរូស មិនចចេស គោរពទៅតាមមតិរបស់រាស្ត្រ បត់បែនទៅតាមស្ថានការណ៍ ធ្វើឲ្យសង្គម កើតសាមគ្គីភាព។
៦. តបៈ ឬការដុតកិលេសៈ ការដុតកំដៅអំពើអាក្រក់ ដុតកម្លោចជនអាក្រក់កុំឲ្យមានក្នុងសង្គម ធ្វើឲ្យជនអាក្រក់មិនហ៊ានធ្វើបាបតទៅទៀត ធ្វើឲ្យជនល្អមានចិត្តធ្វើល្អជាប្រយោជន៍រួម។
៧. អក្កោធៈ ឬការមិនក្រោធៈ មិនក្រោធ មិនខឹង ព្រោះសេចដ្ឋកិច្ចក្តី នយោបាយក្តី ទាហានក្តី មិនអាចប្រើខឹងបានទេ ព្រោះខឹងនាំឲ្យខុស។
៨. អវិហឹង្សា ឬការមិនបៀតបៀនៈ គោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិស្ត្រី និងសិទ្ធិសត្វតិរច្ឆាន។
៩. ខន្តី ឬការអត់ធន់ៈ ទាល់តែ អត់ធន់ អត់ទ្រាំ អត់ធ្មត់ ទើបសមគួរធ្វើជាអ្នកដឹកនាំ។ អត់ធន់ចំពោះកិលេសខ្លួន អត់ធន់ចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន អត់ធន់ចំពោះអ្នកតូច អត់ធន់ចំពោះការងាររបស់ខ្លួន អត់ធន់ចំពោះពាក្យណែនាំ ពាក្យប្រឹក្សា អត់ធន់ចំពោះសេចក្តីប្រមាទធ្វេសប្រហែល អត់ធន់ចំពោះមនុស្សល្ងង់ អត់ធន់ចំពោះកូនក្មេង អត់ធន់ចំពោះអ្នកប្រឆាំង អត់ធន់ចំពោះពាក្យត្មះតិះដៀល អត់ធន់ចំពោះសង្គម អត់ធន់ចំពោះពេលវេលា អត់ធន់ចំពោះការប្រែប្រួលនៃធម្មជាតិ អត់ធន់ចំពោះបដិបត្តិធម៌ ។ល។
១០. អវិរោធនៈ ឬការមិនធ្វើខុសៈ ភាវនាជាប់ជាប្រចាំថា អញនឹងមិនធ្វើខុស អញនឹងមិនធ្វើខុស 
– ព្រហ្មវិហារធម៌ៈ

១. មេត្តាៈ អាណិតស្រឡាញ់ចង់ឲ្យគេបានសុខ។
២. ករុណាៈ ជួយសង្គ្រោះឲ្យគេរួចពីទុក្ខ។
៣. មុទិតាៈ ត្រេកអរដែលគេបានសុខ។
៤. ឧបេក្ខាៈ ដាក់ចិត្តជាកណ្តាល

ប្រភពៈ 

សៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា បោះពុម្ពឆ្នាំ១៩៩៥

សាលារៀន salarean.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: