បុណ្យមាឃបូជា

មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន :មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ :1. គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “ សន្តិ “ ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
2. គោលដៅ :សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
1. ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
2. ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។
3. ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
3. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
1. លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
2. លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
3. លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
4. លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
5. លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
6. លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
7. លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
4. មេរៀនពីបុណ្យមាឃបូជា ៖ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
1. ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
2. ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
3. ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
4. ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា។បុណ្យមាឃបូជា ក៏ជាពិធីបូជាមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នា
បា្ររព្ធធ្វើនៅថ្ងៃ ពេញបូណ៌មី ខែមាឃ ។ គេកំណត់យកថៃ្ងពេញបូណ៌មី(១៥កើត) ខែមាឃ
ព្រោះថ្ងៃខែនេះទាក់ទងទៅនឹងពុទ្ធប្រវត្តិដូចវិសាខបូជាដែរ ហើយជាបុណ្យដែលគេធ្វើឡើង
ដើម្បីថ្វាយគ្រឿងសក្ការៈចំពោះ ព្រះរតនត្រ័យត្រង់ថៃ្ងពេញបូណ៌មី ខែមាឃ មិនមែនជា
បុណ្យបូជាចំពោះខែមាឃត្រង់ៗទេ គឺជា បុណ្យបូជាគ្រឿងសក្ការៈចំពោះព្រះរតនត្រ័យ
តាមរបៀបពុទ្ធសាសនាសុទ្ធសាធឥតលាយឡំដោយ ពិធីព្រាហ្មណ៍សោះឡើយ ។
ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗក្នុងព្រះពុទ្ធសាសនា ២ យ៉ាងគឺ ៖
១ – រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ ហើយប្រជុំ
ចតុរង្គ សន្និបាតប្រកបដោយអង្គ៤ គឺ អង្គទី១ ជាថ្ងៃពេញបូណ៌មីខែមាឃ, អង្គទី២
ព្រះអរហន្ត ១២៥០អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុមអគ្គសាវ័ក២៥០អង្គ
បានមកជួបជុំឯងៗ ឥតមាននរណានិមន្ត, អង្គទី៣ ព្រះអរហន្តទាំងនោះ
សុទ្ធតែសម្រេចអភិញ្ញា៦, អង្គទី៤ ព្រះអរហន្តទាំងនោះ សុទ្ធតែជា ឯហិភិក្ខុ
បួសផ្ទាល់ព្រះអង្គ ដោយមានសកពុកមាត់ពុកចង្កា កោរស្រាប់មានបាត្រនឹងចីវរសម្រេច
ដោយរិទ្ធិ៍ស្រាប់ៗ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ នៅថ្ងៃពេញបូណ៌មី
ខែមាឃ ក្នុងឆ្នាំរកា មុន ពុទ្ធសករាជ ៤៤ ឆ្នាំ ។
២ – រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ មានសេចក្កីដំណាលថា
គ្រាបច្ចិម ពោធិកាល ដែលព្រះពុទ្ធអង្គទ្រង់សណ្ឋិតនៅក្នុងបច្ចិមវ័យ ព្រះជន្មគម្រប់ ៨០ឆ្នាំហើយ
មុនថៃ្ង បរិនិព្វាន៣ខែ គឺថៃ្ងពេញបូណ៌មី ខែមាឃ ទ្រង់ប្រថាប់នៅ បាវាលចេតិយ ។
វេលានោះ ក្រុងមារ មកនិមន្តព្រះអង្គឲ្យបរិនព្វាន ព្រះអង្គទ្រង់មានព្រះបន្ទូលថា នែមារ
អ្នកកំបាច់ ខ្វល់ខ្វាយ មិនយូរ ប៉ុន្មានទេ នៅតែ ៣ ខែទៀតគឺដល់ ថ្ងៃពេញបូណ៌មី
ខែពិសាខខាងមុខនេះ តថាគត នឹងបរិនិព្វាន ហើយ ។ ព្រះសម្មាសម្ពុទ្ធទ្រង់
ដាក់ព្រះជន្មាយុសង្ខារ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ក្នុង ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ៣ខែ ។
តាមទំនៀមពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត ដូច្នេះហើយបានជាគេ
ឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជន
ចាស់ ក្មេង ប្រុស ស្រី ប្រកបដោយគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀន ធូបជាដើម
នៅប្រជុំគ្នាយ៉ាងអ៊ូអរ ។ជាប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណព្រះវិហារ
៣ជុំ សិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀន ធូប បូជា
ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី
ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា
នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ
ដើម្បី ឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង ។
នៅក្នុងប្រទេសកម្ពុជាបុណ្យមាឃបូជា ប្រហែលជាគេប្រារព្ធធ្វើឡើងដំណាល់គ្នានិងបុណ្យ
វិសាខបូជាដែរ ព្រោះបុណ្យទាំងពីរធ្វើឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗ
ក្នុងព្រះពុទ្ធសាសនាដូចគ្នា គឺក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សមារា(ព្រះអង្គដួង)
ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ១៨៥៤។
នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រាទី ៤៣ ចែងថា ពុទ្ធសាសនាជា
សាសនារបស់រដ្ឋ ហេតុដូច្នេះហើយ បុណ្យមាឃបូជាត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា លើកដំកើង
ចាត់ទុកជាថ្ងៃបុណ្យជាតិរបស់ប្រទេសកម្ពុជា ។
មាឃបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស ២យ៉ាងគឺប្រារព្ធយកត្រង់ថ្ងៃដែល
សម្តេចព្រះភគវាទ្រង់សម្តែងនូវឱវាទប្បាតិមោក្ខមួយ និងប្រារព្ធត្រង់ថ្ងៃដែលសម្តេចព្រះសម្ពុទ្ធទ្រង់
ដាក់ព្រះជន្មយុសង្ខារមួយ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោក
កំណត់លើក យកថ្ងៃពេញបូណ៌មី ខែមាឃ ទុកជាពិធីធ្វើសក្ការបូជា ដរាបរៀងរាបមកទល់នឹងសព្វថ្ងៃនេះ ។
របៀបធ្វើមាឃបូជា
មុននឹងប្រកាសមាឃបូជា សូមលោកអាចារ្យនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ
នមស្ការព្រះរតនត្រ័យតាមវិធីរតនប្បណាមសង្ខេប ឬពិស្តារ ហើយសមាទានសីលរួចសឹមប្រកាស មាឃបូជាដូចតទៅនេះ
វិធីប្រកាសមាឃបូជា
(លោកអាចារ្យត្រូវអានមួយឃ្លាម្តងៗ ឲ្យឧបាសក ឧបាសិកា និងពុទ្ធបរិស័ទថាតាម)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។
សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។
ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សំដែងនូវធម៌ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង
ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធ អង្គនោះដោយគោរព ។
( ក្រាបថ្វាយបង្គំម្តង )
និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន
ភគវតា តំ ធម្មំ អាទរេន នមស្សាម ។
ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកំចាត់
បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះ ជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយ
បង្គំនូវព្រះធម៌ដោយគោរព ។
( ក្រាបថ្វាយបង្គំម្តង )
សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ
សង្ឃំ អាទរេន នមស្សាម ។
ព្រះអរិយសង្ឃណា លោកប្រតិត្តិ ដើម្បីកំចាត់បង់ នូវសេចក្តីទុក្ខទាំងពូង ព្រះអរិយសង្ឃ នោះ
ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិដោយប្រពៃមែនពិត យើងខ្ញុំព្រះអង្គ
សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព ។
( ក្រាបថ្វាយបង្គំម្តង )
ថ្ងៃនេះ ជាតិថីពេញបូណ៌មី នៃខែមាឃ មានព្រះច័ន្ទពេញវង់ ត្រូវនឹងថៃ្ងនៃសាវកសន្និបាត
របស់ព្រះសក្យមុនី អរហន្តសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើងសាវកសន្និបាននោះ ប្រកបដោយ អង្គ៤គឺ
ថៃ្ងពេញបូណ៌មី ខែមាឃ ព្រះចន្ទចរចូលក្នុង មាឃនក្ខត្តឫក្សនេះជាអង្គទី១ ព្រះភិក្ខុ
សង្ឃចំនួន ១២៥០អង្គ ឥតមានអ្នកណានិមន្ត ឬណាត់ពេលវេលាគ្នាសោះឡើយ
ក៏ស្រាប់តែមកប្រជុំគ្នា ក្នុង សំណាក់ព្រះបរមសាស្តានាវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន
ក្រុងរាជគ្រឹះ មគធរដ្ឋ វេលាល្ងាច នេះជា អង្គទី២ ព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ
សុទ្ធតែជាឯហិភិក្ខុ ដូចគ្នាទាំងអស់ នេះជាអង្គទី៣ ព្រះភិក្ខុ សង្ឃចំនួន
១២៥០អង្គសុទ្ធតែជា ព្រះអរហន្តខីណាស្រពទាំងអស់នេះជាអង្គទី៤.
ព្រះសព្វញ្ញូពុទ្ធ ទ្រង់ត្រាស់សម្តែងនូវឱវាទប្បាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃនោះ។
ការប្រជុំសាវ័កបែបនេះ ហៅថា ចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គ៤
ក្នុងពុទ្ធកាលនៃព្រះសក្យមុនី បរមគ្រូរបស់យើង មាន តែម្តងប៉ុណោះ ។
មួយទៀតកាលដែលព្រះបរមសាស្តានៃយើង ទ្រង់មាន ព្រះជន្ម
បើគិតតាម ឈ្មោះ ខែ នៅខ្វះ៤ខែ បើគិតតាមចំនួនថ្ងៃនៅខ្វះ៨៨ថៃ្ង
ទៀតនឹងគ្រប់៨០ឆ្នាំគត់ ព្រះអង្គទ្រង់កំណត់ នូវព្រះជន្មាយុសង្ខារថា
ម្នាលភិក្ខុទាំងឡាយ គិតពិថ្ងៃនេះទៅនៅខ្វះតែ ៤ខែ ទៀទេ
តថាគតនឹង រលត់ ខន្ធ ចូលកាន់បរិនិព្វាន ។ ការកំណត់ព្រះជន្មាយុ
នេះនោថ្ងៃ១៥កើត ខែមាឃដែរ ។ តិថីនេះជា ឧបលក្ខិតសម័យមួយដ៍ឧត្តម
ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសំរាប់ ពុទ្ធមាមិកជនទាំងបព្វជិត ទាំង
គ្រហស្ថ ប្រជុំគ្នាធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធ អង្គនោះ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះអរិសង្ឃជាសាវ័ករបស់អង្គ។
ឥឡូវនេះ យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជន បានមកប្រជុំគ្នាបានរៀបគ្រឿង សក្ការ
បូជា មានទៀនធូបនិងផ្កាជាដើម ក្នុងទីនេះដែលមានព្រះពុទ្ធរូបស្នងព្រះអង្គ គង់ជាប្រធាន
ហាក់ ដូច ជាព្រះបរមសាស្តាអង្គនោះ ទ្រង់ស្តេចមកគង់ក្នុងទីចំពោះមុខនៃយើង ទាំងអស់គ្នាយើងខ្ញុំថ្វាយ
នូវគ្រឿងសក្ការបូជាទាំង នេះចំពោះព្រះសម្មាសម្ពុទ្ធ ព្រះអង្គនោះ ព្រមទាំងព្រះធម៌
និងព្រះអរិយ សង្ឃ រតនត្រ័យទាំង បីដោយសេចក្តីគោរព ។
បពិត្រព្រះសក្យមុនីបរមគ្រូ របស់ទេវតានិងមនុស្សក្នុងលោក ឥតមានបុគ្គលណា មូយត្រឹម
ស្មើដោយព្រះអង្គឡើយ ទោះបីព្រះអង្គចូលបរិនិព្វាន បាត់ព្រះរូបព្រះកាយអស់កាល យូរអង្វែងទៅហើយ
ក៏ពិតមែន ប៉ុន្តែទ្រង់បានប្រតិស្ថាន ព្រះវិសុទ្ធោវាទគឺព្រះធម៌វិន័យ ដ៏បរិសុទ្ធ វិសេស ទុកជា
ទ្រង់ព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះសារីរិកធាតុ និងព្រះ ពុទ្ធរូប ស្នងព្រអង្គ
ក៏នៅមានប្រាកដដែរ សូមព្រះដ៏មានបុណ្យ ជាបរមសាស្តា ទ្រង់ព្រះមេត្តា ទទួលនូវ គ្រឿង
សក្ការបូជារបស់យើងខ្ញុំព្រះអង្គ ដែលរៀបចំថ្វាយ ក្នុងនេះ ដើម្បីជាផលានិសង្ស ឲ្យយើងខ្ញុំ ព្រះអង្គ
បានប្រកបដោយឥដ្ឋមនុញ្ញផល វិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូរលាយ អស់កាល ជាអង្វែងទៅ ។
( ក្រាបថ្វាយបង្គំម្តង )
វេរគ្រឿងសក្ការបូជា
អជ្ជាយំ ភោន្តោ មាឃបុណ្ណមី សម្បត្តោ មាឃនក្ខត្តេន យុត្តោ បុណ្ណចន្ទោ
ហោតិ តទា ហិ អរហន្តសម្មសម្ពុទ្ធោ វេឡុវនេ កលន្ទកនិវាបេ មាឃបុណ្ណមីយំ វឌ្ឍមានកច្ឆាយាយ
ចតុរង្គិកេ សាវកសន្និបាតេ ឱវាទប្បតិមោក្ខំ ឧទ្ទិសិត្វា វិសុទ្ធុប្បោសថំ អកាសិ សព្វេសំ
ខីណាសវានំយេវ អឌ្ឍតេឡាសានំ ភិក្ខុសតានំ ។
អថ ច បន អម្ហាកំ លោកនាយកោ បាវាលចេតិយេ សតោ សម្បជានោ អសីតិយា វស្សកាលេ
ឥតោ តិណ្ណំ មាសានំ អច្ជយេន តថាគតោ បរិនិព្វាយិស្សាមីតិ អាយុសង្ខារំ ឱស្សជ្ជំ ឱស្សជ្ជត្វា ច បន
ភូមិចាលោ អហោសិ ។ តេនហិ មយន្ទានិ ឥមំ មាឃបុណ្ណមឹ នក្ខត្តសមយំ យថាតក្កលសទិសំ
សម្បត្តា តស្ស តំ តំ អនស្សមានា ឥធ សមាគតា រតនត្តយស្ស ឥមេហិ ទីបធូបុបា្ផទិសក្ការេហិ
អភិបូជេម សាធុ នោ ភន្តេ ភគវា សសាវកសង្ឃោ សុចិរបរិនិព្វុតោបិ ឥមេ សក្ការេ បដិគ្គណ្ហតុ អម្ហាកំ
ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
បពិត្រលោកទាំងឡាយដ៏ចម្រើន ថ្ងៃនេះជាថ្ងៃមាឃបុណ្ណមីដល់ព្រមហើយ ប្រកបហើយ ដោយមាឃនក្ខត្តឬក្ស
មានព្រះច័ន្ទពេញវងបា្រកដ សេចក្តីពិតថា ព្រះអរន្តសម្មាសម្ពុទ្ធ ទ្រង ប្រថាប់នៅក្នុងវេឡុវ័នកលន្ទកនិវាបស្ថាន
សម្តែងនូវឱវាទប្បាតិមោក្ខ ធ្វើវិសុទ្ធិឧបោសថ ចំពោះ ភិក្ខុ១២៥០ អង្គសុទ្ធតែព្រះខីណាស្រពទាំងអស់
ក្នុងទីប្រជុំសាវ័ក ប្រកបដោយអង្គ៤ វេលារសៀល ថ្ងៃពេញ បូណ៌មីខែមាឃ។
មួយវិញទៀត សម្តេចព្រះលោកនាយក អម្ចាស់នៃយើងទ្រង់ប្រថាប់នៅ ក្នុងបាវាលចេតីយ៍
ទ្រង់មានសតិសម្បជញ្ញ:ដាក់ចុះនូវជន្មាយុសង្ខារថា កន្លង៣ខែទៀត រាប់តាំងពីខែនេះ តថាគត
នឹងបរិព្វាន គម្រប់ជន្មាយុ៨០ឆ្នាំគត់ លុះទ្រង់ដាក់ជន្មាយុសង្ខារហើយ ក៏កើតញាប់ញ័រផែនដី ។
ព្រោះហេតុនោះឥឡូវនេះ យើងខ្ញុំទាំងឡាយបើ)ដល់ថ្ងៃមាឃបុណ្ណមី ជានក្ខត្តសម័យ ប្រហែល
ដូចមាឃនក្ខត្តសម័យកាលនោះ ក៏រឭកដល់នូវកាលទាំងពីរនោះ របស់ព្រះដ៏មានព្រះភាគ ទើប
មកជុំគ្នាស្ថាននេះ ធ្វើបូជាចំពោះព្រះរតនត្រ័យ ដោយគ្រឿងសក្ការបូជាទាំងឡាយ មានទៀនធូប
កម្រផ្កាជាដើមនេះ បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន សូមព្រះដ៏មានព្រះភាគ
ព្រមទាំងព្រះសង្ឃ សាវ័ក សូម្បីបរិនិព្វានហើយ ជាយូរអង្វែង សូមទទួលនូវគ្រឿងសក្ការៈទាំងឡាយនេះ
ដើម្បីជា ប្រយោជន៍ និងសេចក្តីសុខ ដល់យើងខ្ញុំទាំងឡាយអស់កាលជាអង្វែងទៅហោង ។
លុះចប់វិធីប្រកាសមាឃបូជានេះហើយ សូមព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាម
វិធីត្រៃប្រណាម និងធម៌សម្រាប់ នមស្ការផ្សេងៗទៀតតាមដែលអាចសូធ្យបានគ្រប់ព្រះអង្គ
បន្ទាប់ មកទៀតគឺនិមន្តធម្មកឋិកសម្តែងធម៌ទេសនា។ លុះចប់ធម៌ទេសនាពុទ្ធបរិស័ទណាចេះសូធ្យធម៌បទ
ផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ ដូចជា នមោ ៨បទ និងធម៌បទដែលពិពណ៌នាអំពីពុទ្ធប្បវត្ត ជាដើម ។
ក្នុងកម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទគួរតែកំសាន្ត តាមផ្លូវព្រះធម៌ឲ្យបានទាល់ភ្លឺ កុំឲ្យខុស
របៀបពីបុរាណមកផង កុំឲ្យចាញ់ប្រៀបពួកកាតូលិក ដែលគេធ្វើបុណ្យណូអែលផង ។

អនុមោទនា មាឃបូជា ព.ស.២៥៥៥ថ្ងៃ អង្គារ 7 ខែកុម្ភៈ 2012

//

មាឃបូជា (អានថា៖ មាឃៈបូជា មិនមែនអាន មាឃបូជា ទេ) វចនានុក្រមខ្មែរ ទំព័រ៨៧២ ន. (សំ.បា. មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ

  1. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូរណ៌មីខែមាឃ),
  2. ព្រះភិក្ខុសង្ឃចំនួន១.២៥០ រូប ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា,
  3. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់,
  4. ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។

ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។

ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាៈ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា។

  • ឆ្នាំនេះមាឃបូជា ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ គ.ស.២០១២។

ព្រះធម្មវិសេសទេសនាអំពីបុណ្យមាឃបូជា

សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

__________________________________________________________

អានបន្ថែម

១. បទយកការណ៍ៈ ប្រវត្តិនៃពិធីបុណ្យ មាឃបូជា ដែលប្រជាពលរដ្ឋខ្មែរ តែងនាំគ្នាប្រារព្ធធ្វើឡើង

២. យុវជនជំនាន់ក្រោយ មិនសូវយល់ដឹងពីបុណ្យមាឃបូជា ក្នុងព្រះពុទ្ធសាសនាឡើយ

៣. ប្រវត្តិបុណ្យមាឃបូជា

៤. ទៅមើលបុណ្យមាឃបូជានៅឧត្តុង្គ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: