ពាក្យ​ថា “​មង្គល​”

ពាក្យ​ថា “​មង្គល​” មានន័យ​ថា ការរីកចម្រើន​, សេចក្តីសុខ​ចម្រើន​សួស្តីដែល​ជាទី​ប្រាថ្នា​របស់​មនុស្ស ។ ដោយហេតុ តែ​ចង់​បាន​មង្គល​គឺក្តី​សុខ​ចំរើន​នេះមនុស្ស​មាន​ការប្រព្រឹត្តិ​ផ្សេងៗ​ គ្នា ដោយ​អ្នកខ្លះ​បួងសួង​ពពួក​ទេវតា​, អ្នកខ្លះ​បូជា​ដល់​អាទិទេព ឬ​ព្រះ​របស់​ពួកគេ​, អ្នកខ្លះ​បួងសួង​អារក្ស​, អ្នកតា​, ខ្មោច​ព្រាយ​បិសាច​, ជីដូន​ជីតាជាដើម ។ ចំពោះ​ព្រះពុទ្ធសាសនា ការ​បួងសួង​ទាំងនេះ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ។​​នៅក្នុង​គម្ពីរ​មង្គល​ ត្ថ​ទីប​នី មាន​ដំណាល​ថា មុន​ពេល​ព្រះពុទ្ធ​បាន​ត្រាស់ដឹងនិង​ជំនាន់​ពុទ្ធ​កាល នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​រុងរឿង​នោះពួក​លោក​អ្នកប្រាជ្ញ មានការមិនចុះសម្រុង​គ្នា​អំពី​គោលការណ៍​ដែល​នឹង​នាំមក​នូវ​ក្តី​ចំរើន ឬ មង្គល រហូតដល់​មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា​តាំង​ពី​ពួក​អ្នកប្រាជ្ញ​រហូតដល់​ មន្ត្រី​រាជការ​, ប្រជារាស្ត្រ និង ដល់​ពពួក​ទេវតា ។​ ​ ​លុះ​ដល់​ព្រះពុទ្ធ​ត្រាស់ដឹង​ក្នុង​លោក ពួកគេ​បាន​នាំគ្នា​ចូលគាល់ និងសួរ​ព្រះសម្មា សម្ពុទ្ធ​អំពី​មង្គល ។ ​ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា មង្គល​បានមកពី​ការប្រតិបត្តិ​ដ៏​ត្រឹមត្រូវនិងមានគោល ការណ៍​ច្បាស់លាស់ ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់មិនមែន​បាន​មក​ពី​ការ​បួងសួង អធិដ្ឋាន​ចំពោះ​ព្រះ ចំពោះ​អាទិទេព ឬទេវតា​អង្គណាឬរង់ចាំ វាសនា ​ពី​បុព្វ​ជាតិ​ឡើយ ។ ព្រះអង្គ​បាន​បង្រៀន​ថាផ្លូវ​ដែល​នាំទៅរក​ក្តីសុខប្រាស ចាក​កង្វល់អោយបាន​ដល់​នូវ​ការ​ចំរើន​លូតលាស់​រុងរឿង និង សន្តិភាព​នោះ​មាន ៣៨​ប្រការ​: សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា៖ ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តាសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។ (ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងតបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា៖)
កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំងបីនេះជាមង្គលដ៏ឧត្តម ។
កិរិយានៅក្នុងប្រទេសដ៏សមគួរ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន១ កិរិយាតម្កល់ខ្លួនដោយប្រពៃ១ ទាំង ៣ នេះមង្គលដ៏ឧត្តម ។
ភាវៈនៃបុគ្គលបានស្តាប់បានរៀនហើយដោយច្រើន១សិល្បសាស្ត្រគឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ១ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ១ វាចាដែលបុគ្គលពោលត្រឹមត្រូវ១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
កិរិយាបរិច្ចាគទាន១កិរិយាប្រព្រឹត្តនូវធម៌១សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ១ ការងារទាំងឡាយដែលមិនមានទោស១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប១សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ១ ទាំង៣នេះជាមង្គលដ៏ឧត្តម។
សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព១កិរិយាប្រព្រឹត្តបន្ទាបនូវខ្លួន១ សេចក្តីត្រេកអរចំពោះ របស់ដែលមាន១ ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលអ្នកដទៃធ្វើហើយដល់ខ្លួន១ កិរិយាស្តាប់នូវធម៌ តាមកាល១ ទាំង៥នេះជាមង្គលដ៏ឧត្តម ។
សេចក្តីអត់ធន់១ ភាវៈនៃបុគ្គលដែលប្រដៅបានដោយងាយ១ កិរិយាបានឃើញបានជួបនូវ សមណៈទាំងឡាយ១ ធម្មសាកច្ឆា គឺកិរិយាសន្ទនានូវធម៌ទៅវិញទៅ មកតាមកាល១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
សេចក្តីព្យាយាមដុតនូវបាបធម៌១ កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ១ កិរិយាឃើញនូវអរិយសច្ច ទាំងឡាយ១ កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន១ ទាំង៤នេះជាមង្គលដ៏ឧត្តម ។
ចិត្តនៃបុគ្គលឯណាដែលមានលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ១ មិនមានសេចក្តីសោក១ មានធូលីគឺរាគៈទៅប្រាសហើយ១ ជាចិត្តក្សេមក្សាន្ត១ ទាំង៤នេះ ជាមង្គលដ៏ឧត្តម ។
សេចក្តីបកស្រាយ
១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ចពាលា​នំ ) ។​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថាបុគ្គល​ពាល​មាន​៣​ជំពូក​គឺ ​ក​. បុគ្គល​ល្ងង់​ខ្លៅ គ្មាន​គំនិតប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព និង គំនិត​ប្រាជ្ញាជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ ចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុធ្វើខ្លួន​អោយ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬធ្វើខ្លួន​អោយ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែលខ្លួន​ មាន​ឱកាស​កើត​ជា​មនុស្ស​។​ ​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬប្រយោជន៍​ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ ​អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃឬ​ស្វែងរក ក្តី​សុខ​អោយ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​។​ ​គ​. បុគ្គល​ធ្វើអោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។ ​ ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​អោយបាន​ប្រសើរបុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នាប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ ដោយ​បញ្ញា ត្បិត​ថាបើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ នោះដែរ​។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរអោយខ្លាច​ជាង​អ្វីៗ​ទាំងអស់ហើយ​មិន​គប្បី សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះក្រៅពី​ធ្វើអោយ​យើង​វិនាស​ ប្រយោជន៍ អា​សោចិ​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅថែម​ទាំង​នាំអោយ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថាប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបអ្នកហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះឡើយហើយ​គប្បី នៅ​តែ​ម្នាក់ ឯង​ដោយ​រឹងមាំ​ចុះ ។ ការចេះ​ប្រុងប្រយ័ត្នហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា នេះ​ជា​មង្គល​ដ៏​ឧត្តម ។​
២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា ) ។ ​ បណ្ឌិត គឺ​លោកអ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង ក្តី​សុខ​របស់ខ្លួន​និងមិន​ធ្វើអោយ​អ្នក ដទៃ​ខូចប្រយោជន៍ ឬ ខូច​ក្តី​សុខមិន​ធ្វើអោយ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀត​បុគ្គល​ដែលជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ជា​បុគ្គល​ ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ (​ហិរិ ) និង​ខ្លា​ចក្តីអាក្រក់មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយ ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ (​ឱត្តប្បៈ )​។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចំរើន​ទាំង​គំនិត ប្រាជ្ញាទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និង ដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយពួក​បុគ្គល​គប្បី​ខ្នះខ្នែង ស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ដូច្នេះ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​
៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ចបូ​ជនី​យានំ )​ ។​បូជា​គឺ​ការអោយ ឬ ការគោរព​ប្រតិបត្តិមាន​ពីរ​យ៉ាង​គឺ​៖ ​ក​. បូជា​ដោយ​ការ​អោយ​សម្ភារៈ​ផ្សេងៗ (​អាមិស​បូជា ) ​ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់និង អនុវត្តតាម (​បដិបត្តិ​បូជា )​។​ ​ ការបូជា ជា​ការប្រសើរប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាល គ្មាន​គុណធម៌ គ្មាន​សីលធម៌ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯង និង សង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយក្តៅ ក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផងជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​ តំកើង​សភាវៈ​អាក្រក់ ។ ហេតុនេះការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជាគឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃតែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះមាន​ជាអាទិ៍ ព្រះពុទ្ធ​, ព្រះធម៌​, ព្រះសង្ឃ​, មាតា​, បិតា​, គ្រូអាចារ្យ និងអ្នក​ដែល​មាន​គុណូ បក្ការៈ​ចំពោះ​ខ្លួន ឬ ចំពោះ​សង្គម​ជាតិ​ជាដើម ។ដូច្នេះ​ការគោរព ​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេសវា​សោច )​។ ​ ប្រទេស​ដ៏​សមគួរ​គឺ​ប្រទេស ដែល​មាន​សុខសន្តិភាពគ្មាន​សង្គ្រាម​កាប់សំលាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃនិង​សម្បូរ ដោយ​អ្នកប្រាជ្ញ រាជ​បណ្ឌិត្យ អ្នក​មាន​គុណធម៌ និង សីលធម៌​ថ្លៃថ្នូរប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ និង​ធម៌​វិន័យ​ត្រឹមត្រូវជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ និង មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការគោរព​ច្បាប់ ដោយ​យុត្តិធម៌ និង ជាហេតុ​នាំ​ឱ្យ​មានក្តី​ចម្រើន​រុងរឿង ។ការរស់នៅ​ក្នុង​ប្រទេស​បែបនេះ​ជាការ​ប្រពៃ​ព្រោះ​ជា​គ្រឹះ​ក្នុង​ ការអភិវឌ្ឍន៍គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សមគួរ​បែបនេះជា​មង្គល​ដ៏​ឧត្តម ។​
៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា ) ។ ​ ធម្មតា​អ្នក​ដែល​បាន​យល់ច្បាស់នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត និង​ផល​អាក្រក់​នៃ​អំពើ​ទុច្ចរិតតែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​ គ្រប់យ៉ាង ហើយ រួត​រះ​ធ្វើបុណ្យ​រាល់ៗ​ជាតិព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ ។ ន័យ​នេះ​ក៏​បាន​ដល់​ការកសាង ឬការខិតខំ​ប្រឹងប្រែង​ក​សាង​សមត្ថភាព និង លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដូច​ជា​ការត្រៀម​ធនធាន​ទុកជាមុន លុះ​ពេល​ត្រូវការ ក៏​អាច​យក​សមត្ថភាព លក្ខណៈសម្បត្តិ និងធនធាន​នោះ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ការខិតខំ​លះបង់​បាន​នូវ​អំពើ​អាក្រក់ហើយ​ព្យាយាម​ធ្វើ​ឱ្យបាន​នូវ​ អំពើ​ល្អ​ក្នុង​កាល​មុន ជា​មង្គល​ដ៏​ឧត្តម ។
៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​។ ​ តំកល់​ខ្លួន មានន័យ​ថាការ​ធ្វើ​ខ្លួន​នៅក្នុង​ប្រភេទ​ណា​មួយ ។ ប្រការនេះ បាន​ដល់​កិរិយា​ចេះ​ពិចារណាឱ្យ​យល់​ច្បាស់​លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯអំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល យ៉ាង​មុតមាំព្រមទាំង​ញ៉ាំង​ខ្លួន ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាននិង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្មហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​ សីល ភា​វនា សមាធិអោយ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជឹលច្រអូស តាំងខ្លួន​អោយ​នៅ​ក្នុង​សត្តិអោយ​នៅ ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬមិន​យក​ខ្លូន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់​ណាមួយ យ៉ាង​នេះ​ជា​មង្គល​ដ៏​ឧត្តម។​
៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​។ ​ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការអាននិង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្ញូវ​លោក និង ផ្លូវ​ធម៌ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ និង​ដំបូន្មាន របស់​ព្រឹទ្ធាចារ្យ មាតា បិតា គ្រូនិង រៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​សមត្ថភាពនិង មាន​គំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជាហេតុ​ញ៉ាំង​ប្រយោជន៍និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។ ការខិតខំ​ស្តាប់អាន និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​។ ​ ប្រការ​នេះ​បាន​ដល់​ការចេះដឹង និង ការ​ប៉ិនប្រសប់ស្ទាត់ជំនាញ​ក្នុង​សិប្បកម្ម បច្ចេក ទេស​ទាំងឡាយ យ៉ាងហោច​ណាស់​អោយ​ស្ទាត់​ជំនាញនូវ មុខវិជ្ជា​ណា ដែល​ខ្លួន​បាន​សិក្សា (​ឬ នៅក្នុង​មុខ​តំណែង​ដែល​ខ្លួន​ប្រកប​ធ្វើ ) ដែល​នាំមក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដូច្នេះ​កិរិយា​ឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួងជា​មង្គល​ដ៏​ឧត្តម ។​
៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ចសុ​សិក្ខិ​តោ ) ។ ​ វិន័យ​គឺជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធសាសនា ។សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិតបាន​ដល់​វិន័យ​របស់​អ្នកបួស និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។បុគ្គល​ដែល​មាន​ចំណេះវិជ្ជា មាន​ទ្រព្យ សម្បត្តិ យសស័ក្តមានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អាណា​ចារ គ្មាន​វិន័យគ្មាន​សីលធម៌ រស់នៅ​ដោយ​ការបំពាន លើ​ច្បាប់​នោះគេ​នឹង​មិន​ទទួលបាន​ការគោរព​កោតសរសើរ​ឡើយ ប្រសិនបើ​ទទួលបាន​វិញគឺ​បាន​តែ​ពួក​មនុស្ស​អែបអប​រណេបរណប​ប៉ុណ្ណោះហើយ​ មិនយូរប៉ុន្មាន​គេ​នឹង​ទទួលបាន​នូវ​ក្តី វិនាស​ជាមិនខា​ន ។ហេតុនេះ​កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋ និង​ព្យាយាមប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។​
១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​។ ​ មនុស្ស​តែង​ប្រើ​ការនិយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង និងផ្តល់​ព័ត៌មាន​ដល់​គ្នា នឹង​គ្នា ប៉ុន្តែព្រះពុទ្ធ​បាន​បង្រៀន​អោយ​យើង​ចេះ​ជ្រើសរើសពាក្យសំដី​សម្រាប់​និយាយ​ ស្តីអោយ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ ដាំ​ដុះសាប​ព្រួស​យ៉ាង​នោះដែរ ហើយ​ព្រះអង្គតែង​បាន​បង្រៀន​យើង​កុំអោយ​ពោល​ពាក្យ​ណា​ដែល​ធ្វើអោយ​អ្នក​ដទៃ​ ឈឺចាប់ ខូច​ប្រយោជន៍បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។ ពាក្យ​ល្អ ពីរោះមាន​ប្រយោជន៍​សូម្បីតែ​មួយ​ឃ្លា មួយ​ប្រយោគ ក៏​ប្រសើរ​ជាង​ពាក្យ​រោយ​រាយឥតប្រយោជន៍​រាប់​ពាប់​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុគឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល ១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១, អំពី​ការសណ្តោស​១, អំពី​ការ​សប់​សាត់​កាយ​និង​ចិត្ត​១, អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួកក្រុម​១, អំពី​ការព្យាយាម​១, អំពី​សីល​១, អំពី​សមាធិ​១, អំពី​បញ្ញា​១, អំពី​ព្រះ​និព្វាន​១ និង​អំពី​ធម៌​រំលត់ទុក្ខ​១ ។កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ ) ។ ​ កូនប្រុស​-​ស្រី មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម មាតា បិតាធ្វើ​ការងារ​ជំនួស​គាត់​រក្សា​វង្ស​ត្រកួល​ឱ្យ​គង់វង្ស និង​ខ្ពង់ខ្ពស់ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា អ្នកទទួល​មរតក​ពី​គាត់ ធ្វើបុណ្យ​ជូន​គាត់​ជា​ដើម ។ព្រោះថា កូន​ដែល​ដឹង​គុណមាតា បិតា ហើយ​ប្រព្រឹត្ត​ប្រតិបត្តិ​គោរព​មាតា បិតាដូច​ពោល​មកនេះ រមែង​មិន​ច្យុត​ឡើយ ។ ដូច្នេះ​កិរិយា​បម្រើ ទំនុក​បម្រុង មាតា បិតាជា​មង្គល​ដ៏​ឧត្តម ។​
១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្សសង្គហោ )​។ មាតាបិតាដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូនគឺ​ហាមឃាត់​កូន​ កុំឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​១, ណែនាំ​កូន​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ (​ទាំង​ការគិតទាំង​សកម្មភាពនិងពាក្យសំដី )​ជា​អំពើ​មានតែ​ប្រយោជន៍មិន​នាំ​ផល​ក្តៅក្រហាយ​១, ទំនុកបម្រុង​កូន​ឱ្យបាន​រៀនសូត្រអោយមាន​ចំណេះដឹងមាន​សមត្ថភាព​អាច​រស់នៅ​ដោយ ​ថ្លៃថ្នូរ​១, ទុកដាក់​កូន​ឱ្យ​មាន​គូស្រករ​ត្រឹមត្រូវ​១, និង​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១, ឈ្មោះ​ថា​ជា​មាតាបិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ។ឯ​ស្វាមី​ដែល​បាន​បំពេញ​ កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺនិយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១, មិន​មើលងាយ​ភរិយា​១, មិន​ក្បត់​ភរិយា​១, ផ្គត់ផ្គង់​ភរិយា​១និង​ផ្តល់​សិទ្ធិ​ក្នុង​ផ្ទះ​ឱ្យ​ភរិយា​១ឈ្មោះ​ថា​ ស្វាមីសង្គ្រោះ​ភរិយា។បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញនិងទៀងទាត់​ ឈ្មោះថា​ជា​អ្នក​បាន​កសាង​គ្រឺះ​សុភមង្គល​ទាំងក្នុង​គ្រួសារនិងសម្រាប់​ សង្គមជាតិ។ដូច្នេះ​កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យបាន​ល្អ​ក្នុង​ការសង្គ្រោះ ​បុត្រ​និង ​ភរិយាជា​មង្គល​ដ៏​ឧត្តម។​
១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​លា ចកម្ម​ន្តា )​។ ​ នេះ​បាន​ដល់​ការចេះ​បែងចែក​ប្រភេទ​ការងារ​អោយ​ដាច់​ដោយឡែក​ពីគ្នា និងបំពេញ​ស្រេច​រួចរាល់​មិន​ទុក​ចោល​កណ្តាល​ទី ។ អ្នក​ដែល​ធ្វើការ មិន​ច្របូកច្របល់គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម ហ្មឺង​ម៉ាត់ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ ធ្វើ​បាន​យ៉ាង​នេះពិតជា​នាំមក​សេចក្តីចម្រើន​ជា​លំដាប់ ។ ដូច្នេះ​ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ជា​មង្គល​ដ៏​ឧត្តម ។​
១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ ) ។ ទានគឺ​ការ​អោយហើយ​គោលដៅនិងបំណង​នៃ​ការ​អោយ​នេះគឺ​មិនមែន​ក្នុងបំណង​ដើម្បី​ ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ។បុគ្គល​ដែល​បាន​អោយ​របស់​អ្វី​ម្យ៉ាង​ទៅ​ បុគ្គល​ណា​ហើយរំពឹង​ចង់បានការ​តបស្នង​ដោយ​ប្រការ​ណាមួយបុគ្គល​នោះ​មិនមែន​ជា ​អ្នក​ធ្វើ​ទាន​ទេគឺជា​អ្នក​ធ្វើ​វិនិយោគ។ការ​ធ្វើ​ទាន​គឺ​ដើម្បី​ កាត់បន្ថយនូវ​គំលាត​គ្នា​រវាងអ្នកមាន​និង​អ្នកក្រនិងជា​ការលើកស្ទួយ​វប្បធម៌ ​ចែករំលែកក៏​ជា​វិធី​ដើម្បី​កុំ​អោយ​មនុស្ស​គិតតែ​ពី​ការ​បានដែល​ជា​ហេតុ​ បង្ក​អោយមានទំនាស់​ផ្សេងៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍។ធ្វើ​ទាន​បាន​ដល់​ការ​ ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺការ​ឱ្យ​សម្ភារៈ​សម្រាប់​ទ្រទ្រង់​ជីវិតដូចជាសម្លៀក​ បំពាក់ចំណីអាហារផ្ទះសម្បែងនិង​ថ្នាំ​ព្យាបាល​រោគ​ជាដើម ហៅថាអាមិស​ទានគឺ​ការអោយ​វត្ថុសម្ភារៈ​១ និង​ការ​ឱ្យ​ចំណេះវិជ្ជា​គំនិត​យោបល់​ល្អដើម្បី​គេ​បាន​ស្គាល់​ខុស​ ត្រូវស្គាល់​ផ្លូវទៅ​រក​ប្រយោជន៍និងភាពជោគជ័យល្អ​អាក្រក់បុណ្យ​បាប​ ជាដើមហៅថាធម្ម​ទានគឺ​ការ​អោយ​ចំណេះវិជ្ជាគំនិត​ប្រាជ្ញា​១។កិរិយា​ដែលបាន​ ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការនេះជា​មង្គល​ដ៏​ឧត្តម។​
១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា ) ។ ​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១, កិរិយា​មិន​លួចប្លន់​១, កិរិយា​មិន​ប្រព្រឹត្ត ល្មើស​ក្នុង​កាមតណ្ហា​១, កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១, កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុច​អាលបំបែកបំបាក់​១, កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១, កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១, កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្នកដទៃ​១, កិរិយា​មិន​គុំគួន​ព្យាបាទ​អ្នកដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវគឺ​យល់ថា​ធ្វើ​ល្អ​បានល្អ ធ្វើ អាក្រក់​បាន​អាក្រក់ និងយល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង លោកិយ​១ ។កិរិយា​ដែល​ចេះ​ពិចារណា​ឱ្យបាន​ជាក់ច្បាស់ហើយ​ប្រព្រឹត្ត​ឱ្យបាន​ ត្រឹមត្រូវ​តាម​ធម៌​ទាំង​១០ ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម។​
១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ ) ។ ​ ដែល​ហៅថា​ញាតិ បាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាងគឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ ខាង​មាតា​ចុះមក និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (​ដែល​ហៅថា ញាតិ​ប្រាំពីរ សន្តាន )​។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន និង​សង្គ្រោះយិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយ​ញាតិសន្តាន​របស់ខ្លួន​អោយ បាន​សិក្សាអប់រំមានមុខ​របរ​ការងា​រ​សុចរិត និង ជួយ​ដាស់តឿន​ដឹកនាំ​អោយ​ពួកគេ​ដើរ​លើ​ផ្លូវ​ល្អផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ ចូរប្រយ័ត្ន ប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លំអៀងប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង គុណធម៌ (​ដោយសារតែ​ការយោគយល់​ថា ជា​សាច់ញាតិ ) ។ដូច្នេះ​ការចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ ប្រពៃជា​មង្គល​ដ៏​ឧត្តម ។​
១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ ) ។ ​ ការងារ​ទាំងឡាយ​ដែល ផ្ទុយ​នឹង​អំពើអាក្រក់ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ លោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ការងារ​ដែល​មិន មាន​ទោស​ដូច​ជា ការ ចិញ្ចឹម​មាតា បិតា គ្រូអាចារ្យចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាងសម្បត្តិ​សាធារណៈ​មាន ស្ពាន ផ្លូវថ្នល់ សាលារៀន​ជាដើម និង​ការ​ចែកចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នូវ​ធម៌​ដ៏​ប្រពៃ​ ដល់​អ្នកដទៃដើម្បីឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់​ហើយ​ព្យាយាមប្រព្រឹត្ត​តែ​អំពើ​ល្អ​ជា​ដើម ។ ទាំងនេះ​គឺជា​ការងារ​មិន​មាន​ទោស ។ការប្រព្រឹត្ត​តែ​ការងារ​មិនមានទោសជាមង្គលដ៏ឧត្តម។
១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា ) ។ ​ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង ឬ​ឮ ឬ​ឃើញគេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់ អំពើ​បាប​ទាំងឡាយ មានការប្រព្រឹត្ត​ខុស​ក្នុងុកាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និងធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ មាន​ការកាប់​សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញបៀត​បៀត​ក្តី​សុខ​ដល់​គ្នា​នឹង​គ្នា​ជាដើម​ផង ថែមទាំង​មានក្តី​សង្វេគ​តក់ស្លុតចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។ឯការ​វៀរចាក​បាប​បាន​ដល់​ការចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ ទាំងឡាយដូចដែល​បាន​ពោល​មក​ហើយ​ជា​ដើម ព្រោះ​មាន​សទ្ធា​ជឿជាក់ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អធ្វើ​អាក្រក់​ពិតជា បាន​អាក្រក់ ។ ដូច្នេះ​កិរិយា​ដែល​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា វៀរចាក​បាប​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​
អានអត្ថបទបន្ត..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: