«ពុទ្ធគុណ»


«ពុទ្ធគុណ»

ឃុនបណ្ណានុរក្ស

ប៊ូ – ប៉ូ រៀបរៀង

ក្នុង​គម្ពីរ មាន​សេចក្ដី​ថា គុណ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ច្រើន​ណាស់ រាប់​មិន​អស់​ទេ ដូច​មាន​បទ​បាលី​ថា :

ពុទ្ធោបិ ពុទ្ធស្ស កណេយ្យ វណ្ណំ

កប្បម្បិ ចេ អញ្ញមកាសមានោ

ឌីយេថ កប្បោ ចីរទីឃមន្តរេ

វណ្ណោ ន ខីយេថ តថាគតស្ស ។

សូម្បី​ព្រះ​ពុទ្ធ​ទ្រង់​សំដែង តែ​អំពី​គុណ​នៃ​ព្រះ​ពុទ្ធ​ផង​គ្នា មិន​សំដែង​ពីរឿង​អ្វី​ដទៃ​សោះ រហូត​អស់​មួយ​ក័ប្ប កប្ប​ដ៏​យឺន​យូរ​វែង​ឆ្ងាយ ក៏​នឹង​អស់​ទៅ​ទទេ ក្នុង​ចន្លោះ​នោះ ឯ​គុណ​នៃ​ព្រះ​ពុទ្ធ​មិន​អស់​ទៅ​ផង​ឡើយ ​។

សហស្សសីសេបិ ចេ ចោសោ

សិសេ សីសេ សតំ មុខា

មុខេ មុខេ សតំ ជិវ្ហា

ជីវកប្បោ មហិទ្ធិកោ

ន សក្កោតិ ច វណ្ណេតុំ

និស្សេសំ សត្ថុនោ គុណំ ។

ប្រសិន​បើ​មាន មាន​បុរស​ម្នាក់ មាន​ក្បាល​មួយ​ពាន់, ក្នុង​ក្បាល​មួយ​មាន​មាត់​មួយ​រយ, ក្នុង​មាត់​មួយ មាន​អណ្ដាត​មួយ​រយ, បុរស​នោះអាយុ​វែង​ចំនួន​មួយ​ក័ប្ប មាន​ឫទ្ធិ​ច្រើន ក៏​មិន​អាច​នឹង​រៀប​រាប់​គុណ​នៃ​ព្រះ​សាស្ដា​ឲ្យ​អស់​រលីង​ គ្មាន​សេស​សល់​បាន​ឡើយ ​។ ប៉ុន្តែ គុណ​នៃ​ព្រះ​ពុទ្ធ ទោះ​បី​ច្រើន​ដល់​ម្ល៉ោះ​ក៏​ដោយ គង់​លោក​សង្រ្គោះ​ចូល​ក្នុង​​គោល​ធំ​បំ​ផុត​ ៣​យ៉ាង​គឺ

១- វិសុទ្ធិគុណ

២- បញ្ញាគុណ

៣- ករុណាគុណ ។

អធិប្បាយ (១)

សូម្បី​ព្រះ​នាម​ទាំង ៩ តាំងពី អរហំ ដល់ ភគវា ក៏​សង្រ្គោះ​ចូល​ក្នុង​ពុទ្ធ​គុណ ដែល​ជា​គោល​ធំ​បំផុត​ទាំង ៣​នោះ​ដែរ​គឺ អរហំ ជា​គ្រឿង​ប្រកាស​ព្រះ​វិសុទ្ធ​គុណ ។ សម្មាសម្ពុទ្ធ ១ វិជ្ជាចរណសម្បន្នោ ១ សុគតោ ១ លោក វិទូរ ១ ទាំង៤​នេះ​ជា​គ្រឿង​ប្រកាស​ព្រះ​បញ្ញា​គុណ ។ អនុត្តរោ បុរិសទម្មសារថិ ១ សត្ថា ទេវមនុស្សានំ ១ ពុទ្ធោ ១ ភគវា ១ ទាំង៤នេះ ជា​គ្រឿង​ប្រកាស​ព្រះ​ករុណា​គុណ ។ ព្រះ​នាម​ទាំង​៩​មាន​បទ​បាលី​ ក្នុង​នវហរគុណ នឹង​សេចក្ដី​ប្រែ​ដូច​ត​ទៅ​នេះ :

១- អារកត្តា កិលេសេហិ សវាសនេហិ សោ មុនិ សព្វបូជារហត្តា ច វិទិតោ អរហំ ឥតិ ។

ព្រះ​មុនី​អង្គ​នោះ លោក​ហៅ​ព្រះ​អង្គ​ថា “ អរហំ” ព្រោះ​ព្រះ​អង្គ​ឆ្ងាយ​ចាក​កិលេស ព្រម​ទាំង​វាសនា ១ ព្រោះ​ព្រះ​អង្គ​គួរ​ទទួល​សក្ការ​បូជា​របស់​មហាជន​ទូទៅ ១ ។

២- សម្មា សាមញ្ច សច្ចានិ ពុទ្ធោ ច អញ្ញពោធនោ តេនេស សម្មាសម្ពុទ្ធោ សព្វធម្មេសុ ចក្ខុមា ។ ព្រះ​អង្គ​ត្រាស់​ដឹង​អរិយសច្ច​ទាំង​ឡាយ ដោយ​ប្រពៃ​ចំពោះ​ព្រះ​អង្គ​១ ទ្រង់​ដឹក​នាំ​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​តាម​ ១ ព្រោះ​ហេតុ​នោះព្រះ​អង្គ​មាន​ចក្ខុ​ក្នុង​ធម៌​ទាំង​ពួង ទើប​ទ្រង់​ព្រះ​នាម​ថា “ សម្មាសម្ពុទ្ធោ”

៣- វិជ្ជាហិ ចរណេហេស សម្មទេវសមាគតោ វិជ្ជាចរណសម្បន្នោ ឧត្ដមោ ទេវមានុសេ ។ ព្រះ​អង្គ​ប្រកប​ដោយ ​វិជ្ជា ៣ នឹង ​ចរណៈ ១៥ ដោយ​ប្រពៃ ទើប​ទ្រង់​ព្រះ​នាម​ថា “ វិជ្ជាចរណសម្បន្នោ” ព្រះ​អង្គ​ខ្ពស់​ក្នុង​ពួក​ទេវតា​នឹង​មនុស្ស ។

៤- សព្វក្លេសប្បហានេន កតោ សោ សុកតោ មុនិ សម្មា កាយេន វាចាយ មនសាំ សុគតោ គតោ ។ ព្រះ​មុនី​អង្គ​នោះ​ស្ដេច​ទៅ ដោយ​ការ​លះ​បង់​កិលេស​ទាំង​ពួង (មួយ​ទៀត ) ឈ្មោះ​ថា ទ្រង់​យាង​ទៅ​ប្រពៃ​ដោយ​កាយ, វាចា ចិត្ត ទើប​ទ្រង់​ព្រះនាម​ថា “ សុគតោ” ទ្រង់​យាង​ទៅ​ប្រពៃ ។

៥- លោកំ វិភូតតោ សព្វំ ញាណេនាញ្ញាសិ សព្វ ថា នាថោ លោកស្សសម្មាវ តេន លោកវិទូ ជិនោ ។ ព្រះ​ជិនៈ​អង្គ​នោះ ជា​ទី​ពឹង​របស់​លោក ទ្រង់​ជ្រាប​លោក​ទាំង​អស់​យ៉ាង​ជាក់​ច្បាស់​គ្រប់​ប្រការ ដោយ​ព្រះ​ញាណ​ដ៏​ប្រពៃ ហេតុ​នោះ ទើប​ទ្រង់​ព្រះ​នាម​ថា “ លោកវិទូ” ព្រះ​អង្គ​ទ្រង់​ជ្រាប​លោក​ជាក់​ច្បាស់ ។

៦- សារេតា នទេម្មានំ អកុប្បាយ វិមុត្តិយំ តតោ អនុត្តរោ នាថោ បុរិសទម្មសារថិ ។

ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​អ្នក​ដែល​គួរ​ទូន្មាន​បាន ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្នុង​វិមុត្តិ​ដ៏​មិន​កម្រើក ព្រោះ​ហេតុ​នោះ ព្រះ​អង្គ​ជា​លោក​នាថ ទើប​ទ្រង់​ព្រះ​នាម​ថា ​“ អនុត្តរោ បុរិសទម្មសារថិ” ​ព្រះ​អង្គ​ជា​សារថី​ទូន្មាន​បុរស​ពុំ​មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​ស្មើ​បាន ។

៧- លោកិយេហិ ច អត្តេហិ អថោ លោកុត្តរេហិច សត្ថា ទេវមនុស្សានំ សាសិតា ទេវមានុសេ ។

ព្រះ​អង្គ​ទ្រង់​ប្រៀន​ប្រដៅ​ទេវតា​នឹង​មនុស្ស ដោយ​លោកិយ​ប្រយោជន៍ នឹង​លោកុត្តរ​ប្រយោជន៍ ទើប​ទ្រង់​ព្រះ​នាម​ថា “ សត្ថា ទេវមនុស្សានំ” ព្រះ​អង្គ​ជា​សាស្ដា​របស់​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ ​។

៨- សម្ពុជ្ឈិតា ច សច្ចានិ ក្លេសនិទ្ទា បពុជ្ឈិតា សព្វសោ គុណវិកាសម្បត្តោ ពុទ្ធោ នរុត្តមោ ។

ព្រះ​​អង្គ​​ត្រាស់​ដឹង​សច្ចៈ​ទាំង​ឡាយ​ផង ទ្រង់​តើន​ចាក​កិលេស​និទ្រា​ផង ព្រះ​អង្គ​រីក​ពេញ​ដោយ​ព្រះ​គុណ​គ្រប់​យ៉ាង ទើប​ទ្រង់​ព្រះ​នាមថា “ ពុទ្ធោ” ព្រះ​អង្គ​ត្រាស់​ដឹង​ខ្ពង់​ខ្ពស់​ជាង​នរជន​ទាំង​ឡាយ ។

៩- ភាតេន្យ ភគធម្មេហិ សមង្គី ចាតុលោ មុនិ គរុការវយុត្តោ ច វិស្សុតោ ភគវា ឥតិ ។

ព្រះ​​អង្គ​ប្រកប​ព្រម​ដោយ​ជោគ​ជ័យ នឹង​ភគ​ធម៌ ៦ ប្រការ គ្មាន​អ្នក​ណា​ប្រៀប​ស្មើ​បាន ទើប​ទ្រង់​ជាទី​គោរព​របស់​គ្រូ​បា​អា​ចារ្យ​ផង លោក​ថ្វាយ​ព្រះ​នាម​ថា “ ភគវា” ព្រះ​មាន​ព្រះ​ភាគ ។ (ច្បាប់​សូត្រមន្ត ) ។

ព្រះ​នាម​ទាំង​ ៩​នេះ ជា​ព្រះ​គុណ​នេមិត្តិកនាម ព្រោះ​ជាប់​មក​តាម​ហេតុ​គឺ​គុណ​វិសេស មាន​អរហំជា​ដើម ដែល​មាន​ក្នុង​ខន្ធ​សន្ដាន​នៃ​ព្រះ​ពុទ្ធ​អង្គ ឥត​អ្នក​ណា​ថ្វាយ​ឡើយ ស្រាប់​តែ​លេច​ឮ​ល្បី​ខ្ចរ​ខ្ចាយ​ឡើង​ឯង​ៗ​តែ​ម្ដង ជា​មួយ​នឹង​សព្វញ្ញុតញ្ញាណ ដែល​ព្រះ​អង្គ​បាន​ក្បែរ​គល់​ព្រះ​មហា​ពោធិ​ព្រឹក្ស ។ ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​គុណ នមិត្តក​នាម ទាំង ៩ នេះ ដូច​ៗ​គ្នា ឥត​ប្លែក​ពី​គ្នា​ឡើយ ។

ប៉ុន្តែ ក្នុង​គម្ពីរ​វជិរសារ លោក​ញែក ​អនុត្តរោ ជា​ព្រះ​នាម ១ បុរិស​ទម្ម​សារ​ថិ ជា​ព្រះ​នាម​១ រួម​ជា ១០ ព្រះ​នាម​ មាន​បទ​គាថា​ ថា :

យស្ស ទសក្ខរា អ- សំ – វិ – សុ – លោ អ បុ ស – ពុ – ភ

វចសា បតុណា ត្វត្វោ មនសា សោ សុខំ លភិ ។

អក្ខរៈ​ទាំង ​១០​តួ គឺ អ សំ វិ សុ លោ អ បុ ស ពុ ភ ក្ដី សេចក្ដី​អធិប្បាយ (នៃ​អក្ខរៈ​ទាំង ១០ តួនោះ ) ក្ដី គឺ បុគ្គល​ឯ​ណា​មួយ ទោះ​ជា​គ្រហស្ថ​ក្ដី ជា​បព្វជិត​ក្ដី បាន​ធ្វើ​ឲ្យ​ចាំ​ស្ទាត់​ដោយ​វាចា​ចិត្ត​ហើយ គ្រហស្ថ​នឹង​បព្វជិត​ទាំងនោះ ទៀង​តែ​បាន​នូវ​សេចក្ដី​សុខ ។

ឯ​អក្ខរៈ​ទាំង ១០ តួ​នោះ ជា​អាទិសង្កេត គឺ – អរហំ ។ សំ – សម្មាសម្ពុទ្ធោ ។ វិ – វិជ្ជាចរណ​-​សម្បន្នោ ។ សុ – សុគតោ ។ លោ – លោកវិទូ ។ – អនុត្តរោ ។ បុ – បុរិសទម្មសារថិ ។ – សត្ថា ទេវមនុស្សានំ ។ ពុ – ពុទ្ធោ ។ – ភគវា ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: