ព្រះធម៌

ប្រឡងគ្រូក្របខ័ណ្ឌពុទ្ធិកមធ្យមសិក្សាឆ្នាំ២០១១

វិញ្ញាសា:ព្រះពុទ្ធសាសនា                                            រយ:ពេល  ២  ម៉ោង

សំណួរ

១-ចូរបកស្រាយនូវពុទ្ធោវាទ”សពេ្វ       សង្ខារា    អនិច្ចា”។(៣០ពិន្ទុ)

២-“អដ្ឋង្គិកមគ្គ”គឺជាផ្លូវបដិបត្តិឆ្ពោះទៅរកសេចក្តីរំលត់ទុក្ខ។ចូរពន្យល់(៣០ ពិន្ទុ)

៣-ចូរបង្ហា្ញញឳ្យបានច្បាស់អំពីផលវិបាកនៃ”បញ្ចនីមរណ:”ក្នុងការបដិបត្តិធម៌។(៤០ពិន្ទុ)

ចម្លើយ

នីវរណៈ = ធម៌ដែលជាគ្រឿងរារាំងចិត្តមិនឲ្យបានសម្រេចសេចក្តីល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ

១- កាមច្ឆន្ទៈស្រឡាញ់ចូលចិត្តក្នុងអារម្មណ៍មានរូបជាដើម ដែលជាទីគាប់ចិត្ត។

២- ព្យាបាទៈ ចងចិត្តគំនុំគុំគួនអ្នកដទៃ។

៣- ថីនមិទ្ធៈ ដំណើរដែលចិត្តរុញថយ និងដំណើរងុយងោកងក់។

៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរដែលចិត្តរាយមាយនិងរសាប់រសល់។

៥- វិចិកិច្ឆា សេចក្តីសង្ស័យមិនចេះដាច់ស្រេច។

អធិប្បាយ

អរិយមគ្គមានអង្គ ៨

១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ,

២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ,

៣- សម្មាវាចា សំដីត្រូវ,

៤- សម្មាកម្មន្តៈ ការងារត្រូវ,

៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ,

៦- សម្មាវាយាមៈ ព្យាយាមត្រូវ,

៧- សម្មាសតិ ការរលឹកត្រូវ,

៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។

១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤

១- ទុក្ខៈ ធម្មជាត​ដែល​នាំ​ឲ្យ​លំបាក​ព្រួយ​មាន​ជាតិ​ ជរា​ មរណៈ​ជាដើម,

២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​បាន​ដល់​តណ្ហា,

៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ,

៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ ។

២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ

១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម,

២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ,

៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​។

៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ

១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក,

២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់,

៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ

៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ ។

៤-សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ

១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ,

២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ,

៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំង​ឡាយ ​។

៥-សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវ, សម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោង, ការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើន, ដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌, ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម នឹង​​គោរក្ខ​កម្ម, សម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។

៦-សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ

-ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន,

-ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ,

-ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង,

-ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ ។

៧-សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ

១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ ៗ ក្នុង​​កាយ,

២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ ៗ ក្នុង​​វេទនា.

៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ ៗ ក្នុង​​ចិត្ត,

៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ ៗ ក្នុង​​ធម៌ ។

៨-សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសលធម៌​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ

១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ,

២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​​បីតិ​សុខ​​កើត​​អំពី​​វិវេគ,

៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ នឹង​​ឧបេក្ខា,

៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​នឹង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខ​មសុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ ។

បណ្ដា​​មគ្គ​​ទាំង ៨

-សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតា, នូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហា, នូវ​​ឧបាយ​​ដោះ​​នឹង​​កិរិយា​​ដោះ,

-សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក,

-សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​នឹង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍,

-សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​កាវិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌,

-សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌,

-សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌,

-សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “ លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ដូច​គ្នា,

-សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន​​ចំពោះ​​សត្វ​​នឹង​​សង្ខារ​ ។

មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខា, សម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។

ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​គឺ​អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក នឹង​​ឯកន្ត​​សន្តិភាព គឺ​សន្តិភាព​​សម្រាប់​​ខ្លួន​​នា​​បច្ចុប្បន្ន អនាគត នឹង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ​​នឹង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។

រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជ, ពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។

បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ ។​

(ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​)

ពាក្យថា “ ធម៌” គឺអ្វី?

ពាក្យថាធម៌គឺអ្វី? ​ព្រះ​ពោធិវ័ង្ស សូរ-ហាយ ចៅ​អធិការ​វត្ត​និរោធ​រង្សី អធិបតី​រង​​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក

នមត្តុ សុគតស្ស, ជីរន្តិ វេ រាជរថា សុចិត្តា, អថោ សិរីរម្បិ ជរំ ឧបេតិ, សតញ្ច ធម្មោ ន ជរំ ឧបេតិ

សន្តោ ហវេ សព្ភិ បវេទយន្តិ។

ពុទ្ធភា​សិត​ខាង​លើ​នេះ មាន​មក​ក្នុង​គម្ពីរ​ធម្មបទ ខុទ្ទក​និកាយ ដែល​សម្ដែង​អំពី​ធម៌​របស់​លោក​អ្នក​សប្បុរស ឬ​លោក​អ្នក​ស្ងប់​រម្ងាប់ មាន​ព្រះ​សម្ពុទ្ធ​ជា​ដើម ជា​ធម៌​មិន​ចេះ​ចាស់​ជរា​ដូច​រទេះ ឬ​រាង​កាយ​របស់​មនុស្ស​សត្វ​ឡើយ ។

ពាក្យ​ថា​ធម៌ មាន​ភ័ព្វ​ដែល​គួរ​ប្រែជា​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​ក្នុង​ទីនេះ ពុំ​បាន​វែក​ញែក​ចំពោះ​ស័ព្ទ​ថា​ធម៌​នេះ​ទេ សូម​ចង​វិគ្គហៈ​របស់​ធម៌​តែ​ត្រឹម ៥ បែប ដូច​តទៅ​នេះ

១- ចតូសុ អបាយេ សុ សំសារេ វា សត្តេ អបតមានេ ធារេតីតិ ធម្មោ សភាព​គឺ​សេចក្ដី​ពិត​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំង​ឡាយ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ ឬ​ក្នុង​សំសារ​វដ្ត​ សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។

២- សលក្ខណំ ធារេតីតិ ធម្មោ សភាព​ណា​រមែង​ទ្រទ្រង់​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​គឺ​កុសល​ទាំង ៤ មាន​កាមាវចរ​កុសល​ជា​ដើម សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។

៣- បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាព​ណា រមែង​កម្ចាត់​នូវ​អកុសល​ធម៌​ដ៏​លាមក​ចេញ (ចាកខន្ធសន្តាន) សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។

៤- សោតាបន្នាទីហិ អរិយេហិ ធារិយតីតិ ធម្មោ សភាពណា ដែល​ព្រះ​អរិយៈ​ទាំង​ឡាយ​មាន​ព្រះ​សោតាបន្ន​បុគ្គល​ជា​ដើម​តែង​ទ្រទ្រង់​ទុក (ចាំ​ទុក​ក្នុង​សន្តាន) សភាព​​នោះ​​ហៅ​​ថា​​ធម៌ ​។

៥- យថានុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាព​ណា ទ្រទ្រង់​នូវ​ពួក​សត្វ​ដែល​ប្រតិបត្តិ​សម​គួរ ដល់​ពាក្យ​ប្រៀន​ប្រដៅ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ សភាព​នោះ​ឈ្មោះ​ថា​ធម៌​ ។​

ពាក្យ​ថា​ធម៌ ដូច​វិគ្គហៈ ដែល​ចង​ក្រង​មក​នេះ​មាន​សេចក្ដី​ជ្រាល​ជ្រៅ​ដោយ​ពិត​ ប៉ុន្តែ​បើ​តាម​ទី​ដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ បាន​ដល់​សេចក្ដី​ពិត ដែល​តែង​រស់​នៅ​ប្រចាំ​លោក ។ ពាក្យ​ថា ធម៌ ឬ ធម្មៈ​នេះ បាន​ដល់​សច្ចធម៌ (សេចក្ដី​ពិត) សុចរិត​ធម៌ (ការ​ប្រព្រឹត្ត​ល្អ) យុត្តិ​ធម៌ (ការ​ប្រព្រឹត្ត​ត្រូវ) ។ មួយ​ទៀត ការ​ប្រតិបត្តិ​ចំពោះ​ច្បាប់​ណា​មួយ​ដែល​ប្រាស​ចាក អគតិ​ធម៌ ៤ យ៉ាង មាន​ឆន្ទាគតិ​ជា​ដើម លោក​ហៅ​ថា​ធម៌ ។ ពាក្យ​ថា ធម៌​នេះ បើ​ទុក​ជា​មិន​មាន​គុណ​ស័ព្ទ​ជា កុសល ឬ អកុសល​នៅ​ជិត​ខាង ក៏​បណ្ឌិត​អាច​យល់​បាន​តាម​ដំណើរ​សេចក្ដី ។

ពាក្យថា ធម៌ ដែល​មាន​មក​ក្នុង​ផ្ទៃ​ពុទ្ធភាសិត​ខាង​លើ​នុ៎ះ សំ​ដៅ​យក​សន្តិ គឺ​សេចក្ដី​ស្ងប់​កាយ​វាចា​ចិត្ត ចាក​កិលេស មាន​លោភៈ​ជា​ដើម ដូច​សេចក្ដី​ប្រែ​នៃ​ភាសិត ព្រម​ទាំង​អធិប្បាយ វែក​ញែក​ពង្រីក​ឲ្យ​ពិស្ដារ​ត​ទៅ​នេះ ។

“រាជ​រថ​ទាំង​ឡាយ ដែល​នាយ​ជាង​រចនា​ល្អ​ហើយ រមែង​ចាស់​គ្រាំ​គ្រា​ទៅ​ពុំ​ខាន ទោះ​ទាំង​សរីរៈ​រាង​កាយ (របស់​សត្វ​ទាំង​ឡាយ) ក៏​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា​ដូច្នោះ​ដែរ ទើប​ឯ​ធម៌​របស់​លោក​អ្នក​ស្ងប់ មិន​ដល់​នូវ​សេចក្ដី​គ្រាំ​គ្រា​ដូច្នោះ​ឡើយ ពួក​លោក​អ្ន​ក​ស្ងប់​កិ​លេស រមែង​សន្ទនា​ជា​មួយ​នឹង​ពួក​លោក​អ្នក​ស្ងប់​ផង​គ្នា​បាន” ។

សុភាសិត​ដែល​អាង​មក​នេះ ដើម្បី​បញ្ជាក់​ចំពោះ​ពាក្យ​ថា​ធម៌​ជា​សភាវៈ​ឥត​រូប ដោយ​ហេតុ​ថា​ជា​ច្បាប់​សម្រាប់​ជឿ​កាន់ សម្រាប់​ប្រព្រឹត្ត ដើម្បី​ស្ងប់ ឬ លាង​ជម្រះ​បោស​សម្អាត​កិលេស​ក្នុង​ខន្ធ​សន្តាន​របស់​សត្វ​លោក​ឲ្យ​ជ្រះ​ ស្អាត ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ស្ងប់​រម្ងាប់ ។ មួយ​ទៀត ពាក្យ​ថា​ធម៌​បាន​ដល់​សភាវៈ​ឥត​រូប​មាន​តែ​នាម ដែល​ចប់​កំណើត​រស់​នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​អាស្រ័យ​ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​ឃើញ​ច្បាស់ ហើយ​ទ្រង់​បាន​សម្ដែង​ស្រាវ​ជ្រាវ​ប្រកាស​ចំពោះ​សត្វ​លោក ដើម្បី​ឲ្យ​សត្វ​ប្រតិបត្តិតាម ។ មួយ​វិញទៀត ពាក្យ​ថា ធម៌ សំដៅ​យក​ទាំង​សេចក្ដី​ល្អ ទាំង​សេចក្ដី​អាក្រក់ ទាំង​បុណ្យ​ទាំង​បាប គុណ​ទោស ទាំង​មគ្គផល​និព្វាន ព្រោះ​សភាវៈ​ទាំង​នេះ តែង​រស់​នៅ​ប្រាកដ​ប្រចាំ​លោក មិន​អាច​វិនាស​ចាក​លោក ដោយ​អន្តរាយ​ណា​មួយ​បាន​ឡើយ សូម្បី​លោក​ធាតុ​ទាំ​ងមូល​ត្រូវ​ភ្លើង​ឆេះ ក៏​មិន​អាច​សាបសូន្យ ។ ពាក្យ​ដែល​គេ​តែង​និយាយ​ថា​ព្រះ​ធម៌​សាប​សូន្យ​នោះ ដោយ​ហេតុ​តែ​មិន​មាន​មនុស្ស​គោរព​សិក្សា​ប្រតិបត្តិ​ប៉ុណ្ណោះ ។ ពាក្យ​ថា “ ធម៌” នេះ​ជា​គូ​នឹង​ពាក្យ​ថា “ វិន័យ” របស់​ព្រះ​សម្ពុទ្ធ​ រួម​ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ​ហៅ​ថា “ ពុទ្ធ​សាសន” ​ ប្រែ​ថា ប្រៀន​ប្រដៅ​អប់​រំ ឬ​ជា​មេ​រៀន​ទន្ទិញ​របស់​ព្រះ​សម្មាសម្ពុទ្ធ ដើម្បី​បាន​នូវ​ស​ន្តិវរ​បទ គឺ​ផ្លូវ​សន្តិភាព​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ​ពុទ្ធសាសនា ។

ព្រះ​ពុទ្ធសាសនា​សម្បូណ៌​ដោយ​ទ្រឹស្ដី ដោយ​អត្ថ​បទ ដោយ​និទាន ដែល​ប្រកប​ដោយ​ហេតុ​ផល​ជា​ច្រើន​ណាស់ ជា​សាសនា​ស្រោច​ស្រង់​សត្វ​លោក​ឲ្យ​រួច​ចាក​ទុក្ខ​តាំង​អំពី​បច្ចុប្បន្ន រហូត​ដល់​អនាគត ទុក​ថា​ជា​បទ​សម្រាប់​សិក្សា​ជាន់​ខ្ពស់​បំ​ផុត ដើម្បី​ស្វែង​រក​សន្តិភាព​យ៉ាង​ជាក់​ច្បាស់ បើ​មនុស្ស​ក្នុង​លោក​គ្រប់​ប្រទេស​ទទួល​សិក្សា​ប្រតិបត្តិ​ដោយ​ហ្មត់​ចត់ ។​

សេចក្ដី​ក្នុង​ពុទ្ធភាសិត​គាថា​ខាង​លើ​នុ៎ះ ជា​បទ​សម្រាប់​ពិចារណា​ឲ្យ​ឃើញ​ថា សេចក្ដី​ល្អ, សេចក្ដី​អាក្រក់, មគ្គផល និព្វាន ជា​ធម្មជាត​នៅ​ថ្មី​ជា​និច្ច​គ្រប់​កាល​ទាំង​ពួង មិន​ដល់​នូវ​ការ​គ្រាំ​គ្រា​បាក់​បែក​ទ្រុឌ​ទ្រោម​សាប​សូន្យ​ដូច​រូប​កាយ​ មនុស្ស​សត្វ ឬ​សម្ភារៈ​ណា​មួយ​ឡើយ ។​ មនុស្ស​ក្នុង​សកល​លោក​គ្រប់​ប្រទេស ច្រើន​តែ​មាន​ជំនឿ​បាក់​ផ្នត់​គំនិត ទៅ​តាម​ទ្រឹស្ដី​សាសនា​របស់​ខ្លួន ៗ ស្រេច​នឹង​គ្រូ​ប្រដៅ​សាសនា ដែល​ជា​អ្នក​ដឹក​នាំ​មុន​ដំបូង ។ ក្នុង​ចំណោម​សាសនា​ដែល​នៅ​គ្រប់​ប្រទេស សាសនា​ខ្លះ​ក៏​មាន​ហេតុ​ផល​ល្អ, សាសនា​ខ្លះ ក៏​ឥត​ហេតុ​ផល​ទាល់​តែ​សោះ ប៉ុន្តែ​ដោយ​អំណាច​ជំនឿ​បាក់​ផ្នត់ តាម​វង្ស​ត្រកូល​ជា​យូរ​មក​ហើយ ជា​ហេតុ​នាំ​ឲ្យ​ស្លាប់​គំនិត ដែល​អាច​កែ​ប្រែ​រើ​ខ្លួន​ចេញ​ចាក​សាសនា​នោះ ៗ បាន​ដោយ​ក្រ​ណាស់ ។

ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​មាន​ហេតុ​ផល ជា​មជ្ឈិម​បដិបទា​ដែល​កើត​អំពី​មហា​បុរស​មួយ​រូប គឺ​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ព្រះ​អង្គ​មាន​ជាតិ​ជា​មនុស្ស ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​សុទ្ធោទនៈ សោយ​រាជ្យ​ក្នុង​ក្រុង​កបិល​ពស្តុរាជ​ធានី សព្វ​ថ្ងៃ​ហៅ​ថា​ក្រុង​កដ្ឋ​មណ្ឌូ ប្រទេស​នេប៉ាល់ តាម​ប្រវត្តិ​ដោយ​ពិត​ប្រាកដ ពុំ​មែន​ព្រះ​ពុទ្ធ​ដោយ​មនោគតិ​របស់​អ្នក​និពន្ធ​គម្ពីរ​សាសនា​នោះ​ឡើយ ។ ឧត្តមគតិ​របស់​មនុស្ស អ្នក​កាន់​សាសនា​ក្នុង​លោក​ផ្សេង ៗ គ្នា ដោយ​ហេតុ​ទ្រឹស្ដី​របស់​សាសនា​នោះ ​ៗ នាំ​បំបែក​ឲ្យ​ទៅ​ជា​មនុស្ស​អ្នក​កាន់​អ្នក​ជឿ​នោះ កាច​ឃោរឃៅ​ក្នុង​ការ​កាប់​សម្លាប់​ឥត​គិត​ដល់​ជីវិត​មនុស្ស​សត្វ​សោះ រាប់​ថា​ជា​សាសនា​ខ្វះ​ព្រហ្ម​វិហារ​ធម៌ មិន​គួរ​រាប់​ថា​សាសនា​មាន​ហេតុ​ផ​ល​ល្អ ប្រព្រឹត្ត​ទៅ​ដើម្បី​សន្តិភាព​បាន​ឡើយ ។

ឧត្តមគតិ​របស់​មនុស្ស​អ្នក​កាន់​ព្រះ​ ពុទ្ធសាសនា សម្បូណ៌​ដោយ​ព្រហ្មវិហារ​ធម៌​ចំពោះទាំង​មនុស្ស ទាំង​តិរច្ឆាន គឺ​ទាំង​ជីវិត ទ្រព្យ​សម្បត្តិ​និង​ទី​កន្លែងទឹក​ដី​របស់​អ្នក​ដទៃ រាប់​ថា​ជា​សាសនា គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស​សត្វ​ជា​សាធារណៈ ​ឥត​រើស​ពូជ​ពង្ស​ជាន់​ថ្នាក់​វណ្ណៈណា​មួយ​ទេ ។ ពុទ្ធសាសនា រាប់​ថា​ជា​សាសនា​មាន​ហេតុ​ផល សាង​សន្តិភាព​ដើម្បី​ប្រជា​ពល​លោក​ដោយ​ពិត ជា​សាសនា​ស្លូត​សុភាព ចំពោះ​ជីវិត និង​ទ្រព្យ​សម្បត្តិ​នៃ​គ្នា​និង​គ្នា សម្រាប់​ឧបត្ថម្ភ​ជ្រោម​ជ្រែង​សង្គម​មនុស្ស ឲ្យ​បាន​សន្តិ​សុខ​ចម្រើន​រុង​រឿង​តាម​ឧបនិស្ស័យ​របស់​មនុស្ស មិន​ប្រើ​អំណាច​ជិះ​ជាន់​ឈ្លោះ​ប្រកែក ប្រកាស​សង្គ្រាម​ដល់​គ្នា​នឹង​គ្នា​ឡើយ ។

ធម៌​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​សម្ដែង​ចាប់​ ដើម​អំពី​បឋម​ពោធិកាល រហូត​ដល់​មច្ឆិម​ពោធិ​កាល​នោះ​មាន​ឈ្មោះ​ថា មាន​ន័យ​ច្រើន​យ៉ាង​ជា​អនេក ។ ធម្ម​ទេសនា​របស់​ព្រះអង្គ តាម​ដែល​សង្កេត​ឃើញ​ក្នុង​គម្ពីរ ជួន​កាល​មាន​សេចក្ដី​ល្អិត​ញឹក​ជ្រាល​ជ្រៅ ជួន​កាល​រាក់ ៗ តាម​ឧបនិស្ស័យ​វាសនា​និង​ចរិត​របស់​បរិស័ទ​អ្នក​ស្ដាប់ បើ​ព្រះ​អង្គ​សម្ដែង​ធម៌​ចំពោះ​គ្រហស្ថ​សុទ្ធ ដែល​មិន​លាយ​ដោយ​ពួក​បព្វជិត​ផង​ទេ ច្រើន​តែ​សម្ដែង​អំពី​អនុបុព្វីក​ថា ៥ យ៉ាង មាន​ទាន​កថា​ជា​ដើម និង​ប្រយោជន៍ ៣ យ៉ាង គឺ​ប្រយោជន៍​បច្ចុប្បន្ន ១ បរលោក ១ ព្រះនិព្វាន ១ ។

បើ​ព្រះ​អង្គ​សម្ដែង​ចំពោះ​បព្វជិត​ច្រើន​ តែស​ម្ដែង​អំពី​ផ្លូវ​ឈាន សមាបត្តិ និង​ ព្រះនិព្វាន ដើម្បី​ឲ្យ​សម​តាម​កិច្ច​របស់​អ្នក​បួស​ក្នុង​សាសនា ។ មួយ​ទៀត ធម្ម​ទេសនា ដែល​ព្រះ​អង្គ​សម្ដែង​ចំពោះ​បុគ្គល​នោះ ៗ ច្រើន​តែ​ប្រកាស​ចង្អុល បង្ហាញ​ធម៌​ទាំង​ពីរ​ចំណែក គឺ​ធម៌​ដែល​គួរ​បំពេញ​ឲ្យ​មាន​ឡើង ហៅ​ថា ភាវនា​ខន្ធ ១ ធម៌​ដែល​គួរ​លះ​ចេញ​ហៅ​ថា ប​ហាន​ក្ខន្ធ ១ ។

កុសលធម៌​ទាំង​អស់ ដែល​គួរ​បណ្តុះ​បង្កើត​ឲ្យ​មាន​ឡើង ក្នុង​ខន្ធ​សន្តា​ន​ហៅ​ថា ភាវនា​ខន្ធ បាន​ដល់​និច្ច​សីល ឧបោសថ​សីល បញ្ញាកិ​រិយា​វត្ថុ ១០ និង​សតិប្បដ្ឋាន ៤ ជាដើម ។ អកុសល​ធម៌​ដែល​ត្រូវ​លះ​កាត់​កាល់​ចោល​ចេញ​ដូច​យ៉ាង​កិលេស​ទាំង​ឡាយ មាន​អភិជ្ឈា​វិសម​លោភៈ និង​សំយោជន​ធម៌ ១០ យ៉ាង​ជា​ដើម ហៅ​ថា បហានក្ខន្ធ ។

មនុស្ស​ក្នុង​សក​លលោ​ក ដែល​ធ្លាប់​មាន​ជំនឿ​ក្នុង​សាសនា​ដោយ​រៀង ៗ ខ្លួន គួរ​ពិចារណា​រឿយ ៗ ឲ្យ​ហ្មត់​ចត់ ហើយ​គួរ​កែ​ប្រែ​ជំ​នឿ​ជា​ថ្មី ចំពោះ​សាសនា​ដែល​មិន​មាន​ហេតុ​មិន​មាន​ផល មិន​គួរ​ឲ្យ​គំនិត​ដេក​ដួល​លង់​ទ្រនេស​បាក់​ផ្នត់​ដូច្នោះ​ឡើយ ។

មួយ​ទៀត ពាក្យ​ថា ធម៌ ដោយ​សេចក្ដី​រួប​រួម​ដែល​មាន​នៅ​ក្នុង​អដ្ឋកថា​សង្គីតិ​សូត្រ បាន​ដល់​សត្ថុប្បា​វចនៈ ៥ យ៉ាង គឺៈ

១- ធម៌ បាន​ដល់​ពុទ្ធវចនៈ​ខាង​គម្ពីរ​ព្រះ​សូត្រ

២- អភិធម៌ បាន​ដល់​ពុទ្ធវចនៈខាង​គម្ពីរ​ព្រះ​អភិធម្ម

៣- វិន័យ បាន​ដល់​សិក្ខាបទ​ក្នុង​ឧភតោ​វិភង្គ

៤- អភិវិន័យ បាន​ដល់​ពុទ្ធា​នុញ្ញាត និង ពុទ្ធប្ប​ញ្ញត្តិ​ក្នុង​ខន្ធកៈ និង បរិវារៈ ។

គោល​ដៅ​ត្រង់​ពាក្យ​ថា​ធម៌ ដែល​ព្រះ​សម្មា​សម្ពុទ្ធ សម្ដែង​ទុក​នោះ​មក ដើម្បី​ប្រយោជន៍​ដ៏​ធំបំផុត​នោះ ជា​ពិសេស​គឺ​សម្រាប់​ទូន្មាន​កាយ​វាចា​ចិត្ត​ដែល​ប្រឡាក់​ដោយ​កិលេស​មាន លោភៈ ទោសៈ មោហៈ ជា​ដើម​ហេតុ សម្រាប់​បំផ្លាញ​ជីវិត​មនុស្ស​ក្នុង​សង្គម​ឲ្យ​រង​ទុក្ខ​ឲ្យ​ព្រាត់​ប្រាស​ វិនាស ។

ព្រោះ​ថា សេចក្ដី​ទុក្ខ​ភ័យ​ព្រាត់​ប្រាស​វិនាស​និរាស​ជីវិត មនុស្ស​សត្វ​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​កើត​ហើយ​ក្ដី ដែល​កំពុង​កើត​ឡើង​ក្នុង​បច្ចុប្បន្ន​ក្ដី ដែល​នឹង​កើត​ឡើង​ក្នុង​អនាគត​ក្ដី សុទ្ធ​តែ​កើត​ឡើង​អំពី​ប្រភព​នៃ​កិលេស​មាន​លោភៈជាដើម គឺ​ជា​សមុដ្ឋាន​ដើម​កំណើត​មក​ពី​ឫស​គល់​នៃ​កិលេស ឬ ថា​មាន​កិលេស ៣ ប្រការ គឺ លោភៈ ទោសៈ មោហៈ ជា​អកុសល​មូល ដែល​ចាត់​ថា​ជា​មូល​ដ្ឋាន​នាំ​បង្កើត​ទុក្ខ​ភ័យ​នាំ​ឲ្យ​ហីន​ហោច​ទាំង​ធន​ ធាន​ទាំង​ជីវិត​មនុស្ស​សត្វ ។ ដែល​ហៅ​ថា​ព្រះ​ធម៌​នោះ​សំដៅ​យក​ព្រះ​ពុទ្ធសាសនា​ជា​ឧបាយ​ក្នុង​ផ្លូវ​ ប្រតិបត្តិ ដើម្បី​កាប់​ឆ្ការ​គាស់​រំលើង​កម្ចាត់​ចោល​នូវ​មូលដ្ឋាន​នៃ​កិលេស មិន​ឲ្យ​លូត​លាស់​ដុះ​ដាល​ឡើង​ត​ទៅ​ទៀត​បាន ដើម្បី​សន្តិភាព គឺ​មគ្គ​ផល​និព្វាន​ជា​ស្ថាពរ ដោយ​បាន​ប្រយុទ្ធ យក​ជ័យ​ជម្នះ​ឈ្នះ​កិលេស​គ្រប់​យ៉ាង ទាំង​កិលេស​គ្រោត​គ្រាត និង​កិលេស​យ៉ាង​ល្អិត ។ ព្រោះ​ថា ការ​ឈ្នះ​រវាង​មនុស្ស និង​មនុស្ស​ក្ដី រវាង​មនុស្ស​និង​ធម្មជាតិ​ក្ដី លោក​មិន​រាប់​ថា​ជា​ការ​ឈ្នះ​រាប​ឡើយ​វា​នឹង​អាច​ត្រឡប់​ចាញ់​វិញ​ក្នុង​កាល ​ណា​មួយ​ពុំ​ខាន ការ​ឈ្នះ​ទាំង​នោះពុំ​រាប់​ថា​ប្រសើរ​ទេ ការ​ឈ្នះ​កិលេស​ទើប​ឈ្មោះ​ថា ជា​ការ​ប្រសើរ​បំ​ផុត ជា​ជម្នះ​អ្វី​ទាំង​អស់​ក្នុង​លោក​គឺ​ថា​ជា​ជម្នះ​ឈ្នះ​រាប​លើ​ជាតិ ជរា មរណៈ ដោយ​ពិត ។

ពាក្យថាធម៌គឺអ្វី ? ចប់តែប៉ុណ្ណេះ ។

ឱវាទ១៧បទ
បានចុះផ្សាយ​លើ​ ខែមិថុនា 29, 2011 ដោយ wpbinfo

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: