រឿងនាងកិសាគោតមី

រឿងនាងកិសាគោតមី

សេចក្តីខាងដើម

          ព្រះសាស្តា​ កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ឋនាង កិសាគោតមី ត្រាស់ព្រះធម្មទេសនានេះថា (យោ ច វស្សសតំ ជីវេ)ជា​ដើម ។
ទ្រព្យរសប់សេដ្ឋីក្លាយទៅជាធ្យូងបានឮថា ទ្រព្យ ៤០​កោដិ ក្នុងផ្ទះរបស់លោកសេដ្ឋីម្នាក់ដែលមានប្រក្រតីនៅក្នុងក្រុងសាវត្ថីបានក្លាយ ទៅជាធ្យូងទាំងអស់។ សេដ្ឋីឃើញហេតុដូច្នោះហើយ កើតសេចក្តីសោយសោក មិនព្រមបរិភោគអាហារ ដេកអត់អាហារ នៅលើគ្រែតូចមួយ។​សម្លាញ់របស់សេដ្ឋីនោះសួរថា​ មា្នលសម្លាញ់ ហេតុអ្វី ទើបសម្លាញ់ឯងសោយសោក ? ស្តាប់ដំណឹងនោះហើយក៏បានពោលថាៈ មា្នលសម្លាញ់ៗ​​ ឯងកុំសោយសោកឡើយខ្ញុំដឹងឧបាយមួយ សម្លាញ់ឯងចូរធ្វើតាមឧបាយនោះចុះ។
សេដ្ឋី ម្នាលសម្លាញ់ តើធ្វើយ៉ាងណាទៅ?
សម្លាញ់ ម្នាលសម្លាញ់ លោកចូរក្រាលកន្ទេលត្រង់ រានផ្សាររបស់ខ្លួនធ្វើធ្យូងឲ្យជាគំនរ រួចហើយចូរធ្វើ អាការហាក់ដូចជាអង្គុយលក់ បើមានមនុស្សមកកាន់ទីនោះហើយ ពោលយ៉ាងនេះថា​ “ ជនដ៏សេសគេល ក់សំពត់ ប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម ចម្លែកតែលោកសេដ្ឋីអង្គុយលក់ធ្យូង លោកគប្បីនិយា យ នឹងមនុស្សទាំងនោះថា បើមិនឲ្យយើងលក់របស់យើងឲ្យយើងធ្វើអ្វី?ចំណែកអ្នកណានិយាយ នឹងលោកយ៉ាងនេះថាជនដទៃគេលក់សំពត់ ប្រេង ទឹកឃ្មុំ និងប្រាក់ លោកគប្បីនិយាយ និងបុគ្កលនោះថា “នេះ”លោកគប្បីនិយាយថា “ចូរនាំមាស និងប្រាក់នោះមកមើល”ហើយគប្បីទទួល ដោយដៃរបស់លោកយ៉ាងនេះ នឹងក្លាយទៅជាមាស​ និងប្រាក់ បើជាស្រីក្រមុំ លោកចូរនាំនាងមក​កាន់ផ្ទះរបស់លោក ដើម្បីបុត្ររបស់លោកប្រគល់ទ្រព្យ ៤០កោដិ នោះឲ្យទៅនាង ហើយប្រើ ប្រាស់មាស និងប្រាក់ដែលនាងឲ្យចុះ បើជាប្រុសកំលោះ លោកគប្បីប្រគល់ធីតាដែលពេញវ័យឲ្យទៅគេ ហើយប្រគល់ទ្រព្យ ៤០កោដិ ទៅឲ្យគេហើយប្រើប្រាស់ទ្រព្យដែលគេឲ្យលោកចុះ។
សេដ្ឋីនោះពោលថា ម្នាលសម្លាញ់ ឧបាយនេះល្អណាស់លុះពោលដូច្នោះហើយ ក៏ធ្វើធ្យូង ឲ្យជាគំនរក្នុងរានផ្សាររបស់របស់ខ្លួនហើយ​​ ធ្វើអាការហាក់ដូចជាអង្គុយលក់ធ្យូង។ ពួកមនុស្សឯ ណានិយាយ​នឹងសេដ្ឋិនោះយ៉ាងនេះថា ជនដ៏សេស គេលក់សំពត់ ប្រេង ទឹកឃ្មុំ​ និងស្ករអំពៅជា ដើម ចំណែកលោកអង្គុយលក់​ធ្យូង ចម្លែកណាស់ ក៏ពោលពាក្យតបទៅមនុស្សទាំងអស់នោះថា “បើខ្ញុំមិនលក់វត្ថុរបស់ខ្លួនទេ ឲ្យខ្ញុំធ្វើអ្វី?
[ធ្យូងក្លាយទៅជាទ្រព្យដូចដើម]
គ្រានោះ ក្មេងស្រីជំទង់មា្នក់ ឈ្មោះគោតមី ប្រាកដឈ្មោះថា “កិសាគោតមី” ព្រោះនាងមានរួបរាងស្គម ជាធីតារបស់ត្រកូលដ៏ក្រក្រី ទៅកាន់ផ្សារដោយកិច្ចឯណានីមួយ​ឃើញសេដ្ឋីនោះ ក៏ពោលពាក្យយ៉ាងនេះថា “បពិត្រលោកអ៊ំ ជនដ៏សេសគេលក់សំពត់ ប្រេង ទឹកឃ្មុំ​ និងស្ករអំពៅជាដើម ហេតុមេ្តចក៏លោកអ៊ំ អង្គុយលក់មាស និងប្រាក់ទៅវិញ?
សេដ្ឋី នែនាង ឯណាមាស និងប្រាក់?
នាងគោតមី លោកអ៊ំកំពុងអង្គុយចាប់នោះអ្វី?
សេដ្ឋី នាងចូរនាំមាស និងប្រាក់នោះមកមើល។
នាងក្បង់មាស និងប្រាក់ពេញដៃហើយ ដាក់ក្នុងដៃរបស់សេដ្ឋីនោះ។​ ធ្យូងនោះបានក្លាយទៅជាមាស និងប្រាក់ដូចដើមវិញ។
គ្រានោះ សេដ្ឋីនោះសួរនាងថា មា្នលនាងដ៏ចម្រើន​ផ្ទះរបស់នាងនៅឯណា?​ នាងប្រាប់ថា បពិត្រលោកអ៊ំផ្ទះរបស់នាងខ្ញុំនៅឯណោះ បានដឹងថា នាងនៅមិនទានមានស្វាមីក៏រៀបចំទ្រព្យទុកដាក់ត្រឹមត្រូវ​ ហើយនាំនាងមកកាន់ផ្ទះរបស់ខ្លួនដើម្បីធ្វើជាភរិយានៃបុត្ររបស់ខ្លួន ហើយប្រគល់ទ្រព្យ ៤០កោដិ នោះឲ្យនាងគ្រប់គ្រង់។​ទ្រព្យទាំងអស់ បានក្លាយទៅជាមាសនិងប្រាក់ដូច ដើមវិញទាំងអស់។
សម័យក្រោយមក នាងក៏បានតាំងគក៌។ ដោយកាលកន្លងទៅ ១០ខែនាងក៏បានប្រសូត្រ បុត្រ។ បុត្រនោះបានធ្វើមរណកាលនៅពេលដែលចេះដើរ។ នាងមិនព្រមឲ្យគេយកសាកសពកូននោះទៅដុត ព្រោះនាងមិនធ្លាប់ឃើញសេចក្តីស្លាប់ក៏បីសាកសពបុត្រដែលស្លាប់ហើយដោយ បំណងថា នឹងដើរសួររកថ្នាំដើម្បីព្យាបាលបុត្ររបស់ខ្លួន ដើរសួររកថ្នាំទៅតាមលំដាប់ផ្ទះថា មា្នល អ្នកទាំងឡាយ តើអ្នកទាំងឡាយចេះផ្សំថ្នាំដើម្បីបុត្ររបស់ខ្ញុំដែរទេ? ខណៈនោះអ្នកទាំងឡាយពោលនឹងនាងថា ម្នាលនាងដ៏ចម្រើន នាងឯងឆ្កួតហើយ ឬ? បានជានាងដើរសួររកថ្នាំដើម្បីបុត្រ ដែលស្លាប់ហើយយ៉ាងនេះ។ នាងបានសម្គាល់ថា នឹងបានជួបមនុស្សដែលចេះផ្សំថ្នាំ ដើម្បីបុត្ររបស់ខ្លួនជាប្រាកដ ទើបចេះតែដើរសួររកមិនឈប់។
គ្រានោះ បុរសដែលជាបណ្ឌិតម្នាក់ ឃើញនាងហើយគិតថា “ធីតារបស់យើងនេះ ទើបនឹង​ប្រសូត្របុត្រដំបូង មិនធ្លាប់ឃើញសេចក្តី​ កាលដែលយើងជួបនាងឲ្យរួចផុតអំពីសេចក្តីទុក្ខរមែង សមគួរពិតៗ” លុះគិតដូច្នេះហើយ ក៏ពោលទៅកាន់នាងថា “មា្នលនាងដ៏ចម្រើន ខ្ញុំមិនចេះផ្សំថ្នាំទេ​ប៉ុន្តែខ្ញុំស្គាល់អ្នកដែលចេះផ្សំថ្នាំ”។
នាងគោតមី បពិត្រអ្នកដ៏ចម្រើន តើបុគ្គលណាទៅដែលចេះផ្សំថ្នាំនោះ?
បណ្ឌិត ម្នាលនាងដ៏ចម្រើន គឺព្រះសម្មាសម្ពុទ្ធ នាងចូរទៅសួរព្រះអង្គរចុះ។
នាងពោលថា បពិត្រអ្នកដ៏ចម្រើន ខ្ញុំនឹងចូរទៅសួរលុះពោលដូច្នេះហើយ ក៏ចូលទៅគាល់ព្រះសាសា្ត ថ្វាយបង្គំហើយឈរនៅក្នុងទីដ៏សមគួរមួយហើយ ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ឮថាព្រះអង្គទ្រង់ជ្រាបថ្នាំដើម្បីបុត្ររបស់នាងខ្ញុំឬ? ព្រះសាស្តា មា្នលនាងកិសាគោតមី តថាគតដឹង។ នាងគោតមី បពិត្រព្រះអង្គដ៏ចម្រើន បានអ្វីទើបសមគួរ?
ព្រះសាសា្ត មា្នលនាងកិសោគោតមី នាងចូរទៅស្វែងរកគ្រាប់ស្ពៃមួយក្តាប់មក តថាគតនឹងផ្សំថ្នាំឲ្យ។ នាងគោតមី បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងទៅស្វែងរកបាន ប៉ុន្តែបានអំពីផ្ទះនរណាទើបគួរ?
ព្រះសាស្តា ក្នុងផ្ទះរបស់បុគ្គលណា មិនធ្លាប់មានបុត្រ ឬធីតាស្លាប់ បានអំពីផ្ទះអ្នកនោះទើបគួរ។ នាងទូលថា “ប្រពៃហើយ ព្រះអង្គ” លុះពោលដូច្នេះហើយ ក៏ថ្វាយបង្គំព្រះសាស្តា បីបុត្រដែលស្លាប់ហើយនោះ ចូលទៅកាន់ស្រុកឈរនៅនឹងមាត់ទ្វារផ្ទះដំបូងរបស់អ្នកស្រុក រួចសួរ
ថា​ ម្នាលអ្នកដ៏ចម្រើន ក្នុងផ្ទះនេះមានគ្រាប់ស្ពៃដែរឬទេ? ពីព្រោះខ្ញុំត្រូវការគ្រាប់ស្ពៃយកទៅថ្វាយ ព្រះសម្មាសម្ពុទ្ធ ដើម្បីឲ្យព្រះអង្គផ្សំថ្នាំឲ្យបុត្ររបស់ខ្ញុំ “កាលគេឆ្លើយថា”​មា្នលនាងដ៏ចម្រើនមាន “ក៏ពោលថា” បើដូច្នោះ ឲ្យខ្ញុំសូមមួយក្តាប់” កាលម្ចាស់គេយកគ្រាប់ស្ពៃមកឲ្យ នាងក៏សួរថា “បពិត្រអ្នកម្តាយ តើក្នុងផ្ទះនេះធ្លាប់មានបុត្រឬធីតាស្លាប់ដែរ​​រឺទេ?” កាលគេឆ្លើយថា “មា្នលនាងអើយនាងនិយាយអ្វី?​ ព្រោះមនុស្សដែលរស់មានតិចជាងម​នុស្សស្លាប់ ”ទើបពោលថា” បើដូច្នោះ ចូរយកគ្រាប់ស្ពៃរបស់លោកទៅវិញចុះ ពីព្រោះវាមិនមែនជាថ្នាំដើម្បីបុត្ររបស់ខ្ញុំទេ” ពោលដូច្នោះ ហើយក៏ឲ្យគ្រាប់ស្ពៃទៅម្ចាសផ្ទះវិញ​នាងដើរសួររកគ្រាប់ស្ពៃ ដោយទំនងនេះតាំងអំពីផ្ទះ ដែលនៅខាងដើមភូមិរហូតដល់ផ្ទះដែលនៅខាងចុងភូមិ។ នាងដើរទៅដល់ផ្ទះមួយក្រោយគេបង្អស់ ក៏នៅតែមិនបានគ្រាប់ស្ពៃ លុះដល់ពេលរសៀល នាងក៏គិតថា ឳ…….កម្មនេះធ្ងន់ណាស់យើងបានសម្គាល់ថា​បុត្ររបស់យើងតែម្នាក់ប៉ុណ្ណោះស្លាប់ ប៉ុន្តែតាមការពិតមនុស្សដែលនៅក្នុងស្រុកភូមិទាំងអស់ ស្លាប់ច្រើនជាងមនុស្សរស់ លុះនាងមានគំនិតគិតដូច្នោះហើយ ហឬទ័យដែល ទន់ដោយសេចក្តីស្រឡាញ់ចំពោះបុត្រ ក៏បានដល់ភាពរឹងប៉ឹងឡើងវិញ។ នាងបោះសាកសពបុត្រនោះចោលក្នុងព្រៃ ហើយដើរទៅរកកាន់សម្នាក់ព្រះសាស្តា ថ្វាយបង្គំហើយ ឈរនៅក្នុងទីដ៏សមគួរមួយ។
គ្រានោះ ព្រះសាស្តាត្រាស់នឹងនាងថា មា្នលនាងកិសាគោតមី នាងបានយល់ថាបុត្ររបស់យើងប៉ុណ្ណោះស្លាប់ ប៉ុន្តែតាមការពិតនោះ សេចក្តីស្លាប់នេះ ជាធម៌ទៀងទាត់សម្រាប់សត្វទាំង ឡាយព្រោះថា មច្ចុរាជ រមែងទាញកន្ត្រាក់សត្វទាំងអស់ដែលមានអធ្យាស្រ័យមិនទាន់គ្រប់គ្រាន់ នោះ​ឯង​ ទម្លាក់ទៅក្នុងមហាសមុទ្រ​គឺអបាយភូមិ ដូចជាអន្លង់ទឹកដ៏ធំ ដូច្នោះកាលនឹងទ្រង់បន្តអនុ សន្ឋិដើម្បីសម្តែងធម៌ ទើបបានត្រាស់ព្រះគាថានេះថា៖
មច្ចុ រមែងនាំជនអ្នកវង្វេងជ្រប់ក្នុងបុត្រ និងសត្វចិញ្ចឹម អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ទៅដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះ។
     ក្នុងកាលចប់ទេសនា នាងកិសោគោតមី បានតាំងនៅក្នុងសោតាបត្តិផល សូម្បីជនដទៃជាច្រើន ក៏បានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើមដែរ។
នាងបួសក្នុងព្រះពុទ្ធសាសនា
ចំណែកនាងកិសោគោតមីនោះ បានទទួលសូមបព្វជ្ជានឹងព្រះសាស្តា។ ព្រះសាស្តាទ្រង់បញ្ជូនទៅកាន់សម្នាក់នាងភិក្ខុនី​ដើម្បីឲ្យពួកភិក្ខុនីបំបួសនាង ។​ លុះបានឧបសម្បទាហើយក៏ មាននាមប្រាកដថា កិសាគោតមីថេរី។
ថ្ងៃមួយនាងដល់វេនធ្វើកិច្ចក្នុងរោងឧបោសថ ពេលនោះនាងអុជប្រទីបឲ្យឆេះឡើងឃើញអណ្តាតប្រទីបឆេះសន្ឋោសន្ឋៅឡើងហើយ ក៏រលត់ទៅវិញ នាងក៏កាន់យកជាអារម្មណ៍ថា សត្វទាំងឡាយក៏យ៉ាងនេះដែរ កើតឡើង និងរលត់ទៅវិញដូចអណ្តាតប្រទីបនេះ អ្នកដែលដល់និព្វាន រមែងមិនប្រាកដដូច្នោះទេ។ ព្រះសាស្តា ទ្រង់គង់នៅក្នុងព្រះគន្ឋកុដិ ទ្រង់ផ្សាយព្រះរស្មីទៅ ដូចជាទ្រង់គង់នៅចំពោះមុខនាង ត្រាស់ថា “ម្នាលនាងកិសាគោតមី សេចក្តីនោះយ៉ាងហ្នឹងហើយ សត្វទាំងអស់រមែងកើត និងរលត់​ ដូចជាអណ្តាតប្រទីបដូច្នោះ អ្នកដែលដល់ព្រះនិពា្វនហើយ រមែងមិនដូច្នោះទេ ការរស់នៅសូម្បីតែមួយខណៈរបស់អ្នកឃើញព្រះនិពា្វន​ ប្រសើរជាងការរស់ នៅអស់មួយរយឆ្នាំ របស់បុគ្គលដែលមិនឃើញព្រះនិពា្វន លុះសម្តែងដូច្នោះហើយ ក៏ទ្រង់បន្តអនុសន្ឋិដើម្បីសម្តែងធម៍ ទើបត្រាស់ព្រះគាថានេះថា៖
១៣ យោ វស្សសតំ ជីវេ អបស្សំ អមតំ បទំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ អមតំ បទំ។
បុគ្គលណា រស់នៅ ១០០ឆ្នាំ​មិនឃើញផ្លូវព្រះនិពា្វន ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកអ្នក ឃើញផ្លូវព្រះនិពា្វន ប្រសើជាង។

អធិប្បយាគាថា

            បណ្តាបទទាំងនោះ ពីរបទថា អមតំ បទំ សេចក្តីថាងមតមហានិព្វាន ដែលជាចំណែកនៃធម៍ប្រាសចាកមរណៈ។
ពាក្យដ៏សេស ដូចពាក្យដែលមានមកហើយក្នុងកាលមុននោះឯង។ ក្នុងកាលចប់ទេសនា នាងកិសាគោតមីគង់កន្លែងដដែលនោះឯង បានតាំងនៅក្នុងព្រះអរហត្ត ព្រមទាំងបដិសម្ភិទាទាំងឡាយ ដូច្នោះឯង៕៚៚៚

(រឿងនាងកិសាគោតមី ចប់)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: