រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់

ព្រះសុរិយាចោលពន្លឺពណ៌មាសលើសិរីសោភ័ណ បីដូចប្រាប់ថាព្រឹត្តិការណ៌មួយយ៉ាងចម្លែក នឹងចាប់កើតមានថ្ងៃនោះតទៅមិនខាន។
ស្រីស្រស់ទេវី បុត្រីវិសេសក្លាហាន ដើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។
ព្រឹកនោះធម្មជាតិជូនទេសភាពមួយជាទីពេញចិត្តបំផុត។រុក្ខាមានស្លឹកពណ៌បៃតងខ្ចី ត្រដាងផ្ទៃមួយយ៉ាងធំទូលាយទៅលើពសុធា។នៅចុងស្លឹកនីមួយៗ នៅទងធាងនីមួយៗ នៅកៀនមែកនីមួយៗ គឺបុប្ផាពណ៌ស លឿង ខៀវ ក្រហម ស្វាយ រីករហង់ត្រង់នោះគ្រប់បែបយ៉ាង ខ្លះមានរំយោលឆើតឆាយ ខ្លះមានទងផ្កាជាក្បាច់ ជាក្បូរដែលធ្វើឲ្យចក្ខុមនុស្សលោកឃើញចម្លែកប្លែកអស្ចារ្យ ចង់ឲ្យតែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។
រឿងមហាចោរនៅទល់ដែន ០២.gif
ឱ! ស្នាដៃធម្មជាតិដែលចេះតុបតែងលោក តើអ្នកកើតឡើងសម្រាប់តែទេវីបុត្រីវិសេសក្លាហានម្នាក់ឯងឬ?ឬសម្រាប់អ្នកទាំងអស់គ្នា? អ្នកនិងកញ្ញាទេវី ហាក់ចេញតែពីគុម្ពមួយ ពីព្រោះល្អឆើតឆាយផុតវិសេសដូចគ្នា។
នាងទេវីដើរមួយៗ យ៉ាងស្រាលខ្លួន។ ស្រីស្រស់ក្រឡេកមើលនាយអាយ ឈប់រើសផ្កាណាដែលនាងស្រឡាញ់។ នាងបេះផ្កាមួយយកមកសៀតលេងនឹងសក់នាង។នាងយកមកល្បងសៀតលើទ្រូងនាង រួចយកមកដាក់ផ្ទឹមនឹងមុខនាង។នាងរឹតតែល្អជាងមុនទៅទៀត។នារីសប្បាយរីករាយក្នុងចិត្តឥតឧបមា។
ក្នុងមួយនាទីដ៏សុខសាន្តនេះ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្មជាតិទាំងមូលគឺជាទ្រព្យរបស់នាងទាំងអស់ ដែលមាននាងជាព្រះខន្តិយានីយ៍ម្ចាស់ស្រីតែមួយ។
តាំងពីតូចមក នាងពុំដែលបានសប្បាយថ្ងៃណាមួយដូចថ្ងៃនេះឡើយ។នាងជាស្រីធ្លាប់តែរស់ក្នុងបរិវេណផ្ទះ ក្នុងជញ្ជាំងស្លឹកក្រៀមទាំងបួនជុំវិញ។ក្រៅពីព្រំដែនដែលវត្ថុមើលឃើញ កាន់បាននោះនៅមានរបងដែកមួយបែបទៀតដែលភ្នែកធម្មតាមើលមិនឃើញឡើយ គឺរបងទំនៀមទម្លាប់។
ខ័ណ្ឌសីមានេះ ចងក ចងដៃ ចងជើង ចងចិត្តនាងមិនឲ្យទៅណាបានឆ្ងាយពីខ្ទមនាងឡើយ។ហេតុនេះជីវិតទេវីស្រីកល្យាណគឺជាជីវិតក្នុងរូង ក្នុងអណ្តូងងងឹត ក្នុងកន្លែងឃុំឃាំងបីដូចជីវិតអ្នកទោស។ក្នុងមួយអាទិត្យទាល់តែចំថ្ងៃសីលទើបនាងបានចេញដើរម្តង ដោយមានកិច្ចបេះផ្កាជាហេតុ។ក្នុងពេលសេរីដ៏ថ្លៃវិចិត្រនេះ កញ្ញាហាក់បានធូរសាច់ ធូរឈាម ធូរសរសៃ ដោយបានដកដង្ហើមយកខ្យល់ថ្មីក្នុងទីសួន។
ហេតុថ្ងៃសីលចំពោះនាងគឺថ្ងៃរួចខ្លួន ថ្ងៃថ្មី ថ្ងៃសប្បាយ ថ្ងៃមនុស្ស ថ្ងៃស្មើមុខ ថ្ងៃសិទ្ធិ ថ្ងៃសេរី។
កញ្ញាបេះបុប្ផាគ្រប់ពណ៌បានមួយដុំធំ។នាងទៅបត់ជើងលើស្មៅ។នាងក្រងផ្កា នាងញញឹម នាងធ្មេចភ្នែក ចិត្តស្រីស្រម័យនឹក… នឹក… នាងនឹកដល់គូស្នេហារបស់នាង ម្តេចក៏បាត់យូរម៉្លេះ មិនឃើញមក? តើប្រុសជីវិតទៅណា? តើថ្លៃឧត្តមរវល់ការអ្វី? តើថ្លើមថ្លៃផុតអស់ប្រុសឈឺហើយ ឬដូចម្តេច? តើសង្សារប្រសើរភ្លេចនាងឬ? តើព្រលឹងបងស្នេហាប្អូនដូចប្អូនស្នេហាបងឬទេ? តើគូស្នេហាហ៊ានប្តូរជីវិតនឹងបងឬទេ?
ចំណោទទាំងប៉ុន្មាននេះ បុរសម្នាក់មាឌធំ ស្មាទូលាយ ដើមទ្រូងធំ ចង្កេះរាវ សក់រួញអង្គាដី មុខស្រស់ ភ្នែកមុតថ្លា សម្លៀកបំពាក់រុងរឿង អាវពណ៌ខៀវរលើបរលោង ដាវស្រោមពណ៌មាសព្យួរនៅចង្កេះ សមជាអ្នកមានបណ្តាសក្តិខ្ពស់ អាយុប្រមាណជាង២០ឆ្នាំ ស្ទុះភ្លែតចេញពីគុម្ពផ្ការហ័ស ដូចគ្នាមកចាប់ឱបនាងទេវីពីក្រោយរឹតជាប់ដូចដង្កាប់ ឱនមុខថើប…។
នារីដំបូងភ្ញាក់ខ្លួនដូចកន្ត្រាក់ ប៉ុន្តែលុះដៃនិងដៃជួបគ្នា មុខនិងមុខជល់គ្នា ម្រាមនាងរាវរឹតកប្រុសចម្លែកជើងឆើតនេះយ៉ាងខ្លាំងបន្ថែមទៀត។រួចគឺឈាមដែលរត់ខុសធម្មតា គឺបេះដូងដែលវាយលឿនជាងធម្មតាគឺមនោសញ្ចេតនាដែលជ្រួល ខ្មួលលើសធម្មតាក្នុងរូបយុវជនទាំងពីរ។
តណ្ហា! ឱតណ្ហា! នារីភ្លេចអស់ហើយ! ផ្កាទៅដោយផ្កា ឳពុកទៅដោយឳពុក ដីទៅដោយដី ធម្មជាតិទៅដោយធម្មជាតិ នៅសល់តែវត្ថុគឺបងនិងប្អូនប៉ុណ្ណោះដែលអ្នកផងស្គាល់ឈ្មោះហៅថា សេចក្តីស្នេហាឬរាគៈ ឬភ្លើងមេត្រី។
នាងទេវីនិយាយខ្សឹបៗដាក់ត្រចៀកបុរសថា៖
នាងហៅបន្តទៀត៖
បង! បងមានន្ទ!
បុរសលើកស្រីឡើងឲ្យអង្គុយ។អ្នកសើចរកនាង ឃើញធ្មេញសស្គុស យកម្រាមដៃចាប់ចង្កានាងដោយមេត្រី រួចឆ្លើយតិចៗទៅវិញ៖
បងស្រឡាញ់អូនណា! បងមិនចង់លែងអូនឲ្យផុតពីរង្វង់ដៃបងទេ បងចង់តែនៅឱបជាប់សាច់មួយជាមួយអូន។
នារីបែបអៀន មុខឡើងក្រហម ញញឹមចុងតមាត់តបទៅវិញ។បុរសចាប់បង្វិលខ្លួននាងយ៉ាងលឿន ខ្នងនាងក៏បានមកជាប់នឹងដើមទ្រូងប្រុសជាទីស្នេហា។
ក្នុងសន្ទុះនេះ ស្ត្រីផ្តេកក្បាលនាងលើស្មាមានន្ទជាគូជីវិតយ៉ាងស្និទ្ធស្នាល។ ដៃបុរសឱបរឹតចង្កេះនាង។ ដៃនាងអង្អែលដៃបុរស។ នាងហាក់បាត់ខ្មាសបន្តិចដែរ ដោយនៅមិនចំកែវភ្នែកបុរសដូចមុនពេក។ ស្រីធីតានិយាយដោយក្រៀមក្រំថា៖
ប្អូនក៏ស្រឡាញ់បងដែរ… អូ ទេ! ប្អូនស្រឡាញ់បងណាស់។
បុរសឆ្លើយកាត់ដោយម៉ឹងម៉ាត់ថា៖
អូនដឹងទេ ហេតុអ្វីបានជាអូនស្រឡាញ់បង?
នាងទេវីខ្មួលរំជួលក្នុងចិត្តពេកក្រៃ នាងគ្រវីក្បាលដកដង្ហើមធំឆ្លើយដោយមានសម្លេងស្រងូតស្រងាត់វិញថា៖
ហ៊ី! ប្អូនអូននិយាយមិនបានអស់ដូចចិត្តទេ។ប៉ុន្តែបើនិយាយឲ្យខ្លី ប្អូនស្រឡាញ់បងពីព្រោះស្រឡាញ់ៗៗប៉ុណ្ណោះឯង។
មានន្ទមានចិត្តគ្រលួចអាណិតស្រី។នាងទេវីលើកដៃឡើងអង្អែលថ្គាមបុរសជាទីស្នេហា។នាងនិយាយមួយៗថា៖
ប្អូនស្រឡាញ់បង ពីព្រោះបងមានលក្ខណៈពេញជាមនុស្ស។ពេញយ៉ាងណា?គឺបងជាខ្មែរ បងស្រឡាញ់ជាតិខ្មែរ បងស្រឡាញ់អ្នកស្រុកខ្មែរ បងធ្វើការរកប្រយោជន៍ឲ្យខ្មែរ បងហ៊ានប្តូរជីវិតនិងខ្មែរ បងហ៊ានស្លាប់និងខ្មែរ បងមិនប្រកាន់កិច្ចការ មិនថាជាការណាជាការណា បងមិនយករឿងបុណ្យសក្តិមកជាគ្រឿងបំពុលខ្លួនបង បងមិនយករឿងទ្រព្យសម្បត្តិមកសង្កត់ខ្លួនបង មិនបង្ខូចខ្លួននឹងរឿងស្រី ស្រា ល្បែង របាំ។បងជាមនុស្សថ្លៃថ្លាណាស់… ប្អូនសូមទោស ប្អូននិយាយមិនអស់ទេ។
បុរសញញឹមរួចឆ្លើយវិញថា៖
ក្នុងលោកនេះមានតែប្អូនមួយទេដែលចេះពិនិត្យមើល ហើយស្គាល់តម្លៃពិតៗរបស់មនុស្ស។បងស្រឡាញ់ប្អូន ពីព្រោះតែអូនមានចិត្តខ្ពស់មែននេះ។លាក់បាំងអ្វី មានខ្លះគេស្រឡាញ់មនុស្ស ដោយមនុស្សនោះមានបុណ្យសក្តិ ទ្រព្យសម្បត្តិ ចេះធ្វើឫកធំ ចេះក្អេងក្អាង ចេះដេក ចេះនៅស្ងៀមដោយឥតធ្វើការ ចេះបរិភោគម្ហូបឆ្ងាញ់ ដោយឥតចាំបាច់ធ្វើការបង្កើនឲ្យបានប្រាក់ ចេះវោហាអាងអួតខាងជេរស្តី ខាងបញ្ជោរ ចេះមួលបង្កាច់។ម៉្លោះហើយ អ្វីដែលខុសទៅជាត្រូវ ត្រូវទៅជាខុស អាក្រក់ទៅជាល្អ ល្អទៅជាអាក្រក់ បាត់អស់យុត្តិធម៌ សីលធម៌ មនុស្សធម៌។ម្យ៉ាងទៀត បងដែលស្រឡាញ់អូននេះគឺស្រឡាញ់ព្រោះតែអូនក្រ។បងដឹងថា គឺមកពីអូននេះហើយបានជាឳពុកបងមាន។ទ្រព្យសម្បត្តិដែលអូនត្រូវមាន បានទៅអ្នកមានវិញ។និយាយដូច្នេះ បងខ្លោចចិត្តអាណិតដល់ជនអ្នកក្រទាំងអស់គ្នាណាស់។សព្វថ្ងៃបងច្បាំងនឹងគំនិតលោភា ទោសាទាំងនោះ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនដល់អ្នកទាំងអស់គ្នាណាស់។ហេតុនេះ ចូរអូនត្រាទុកក្នុងចិត្ត ហើយចាំជានិច្ចថា ក្នុងជាតិនេះយើងស្រឡាញ់គ្នា ពុំមែនលើទុក្ខរបស់អ្នកឯទៀតទេ។អូនយល់ទេ?ចាស៎! យល់ហើយ បងនិយាយពីរោះស្តាប់ណាស់។ក្នុងជាតិនេះប្អូនសុំតែរស់ជាមួយបងទេ។ប្អូនមានចិត្តដូចបង គឺស្អប់ស្រីដែលចាំតែទីពឹងលើគេ ធ្វើការមានចៅហ្វាយបង្គាប់រួចសប្បាយតាមបុណ្យគេប៉ុណ្ណោះ។ប្អូនយល់ថា កើតមកជាមនុស្សត្រូវធ្វើដើម្បីរស់។មនុស្សត្រូវដុសខាត់ សម្អាតចិត្ត គឺមិនតាំងខ្លួនជាបញ្ញើក្អែក ឬជាឈ្លើង ដែលរស់ដោយសារឈាមគេនោះទេ។មនុស្សត្រូវរកកិត្តិយស រកសេចក្តីថ្កុំថ្កើង រកសេចក្តីថ្លៃថ្នូរ អំពីការងារដែលធ្វើនេះឯង។ប្អូនរីករាយនឹងរស់ជាមួយបងព្រោះបងមានគំនិតដូចប្អូន។តែប្អូនសុំចិត្តបងមួយ…។គឺអ្វី?គឺកុំទុកប្អូនជាគ្រឿងសម្រាប់សប្បាយ ជាវត្ថុសម្រាប់តម្រេកចិត្តបង ជាគ្រឿងសម្រាប់លម្អ ឬសម្រាប់បម្រើបង…។ប្អូនជាស្រី ប្អូនពុំមែនពឹងបងជាប្រុសនោះទេ។ប្អូនពឹង រួចត្រូវការយ៉ាងដាច់ខាតនឹងពឹង។តែប្អូនសុំបញ្ជាក់ថា ប្អូនពុំពឹងដូចគេឯងទេ។ប្អូនពឹងឲ្យបងជួយបណ្តុះបណ្តាលប្អូនឲ្យដឹង ឲ្យចេះ ឲ្យស្គាល់ផ្លូវល្អចម្រើនប៉ុណ្ណោះឯង។ស្តាប់បានទេ?
មានន្ទពេញចិត្តក្រៃពេកនឹងសម្តីនារីជាសង្សារ អ្នកពុំឆ្លើយភ្លាមទេ អ្នកឱនទៅថើបថ្ពាល់ស្រីដែលនៅជិតនឹងច្រមុះអ្នកស្រាប់។នាងទេវីស្រៀវខ្លួនខ្ញាកៗ នាងចង់ឱនឱបលេបបុរសវិញ តែអៀនពេករកធ្វើអ្វីទៅមិនរួច។នាងរកឧបាយកំប្លែងលេងថា៖
បងកុំទុកអូនដូចជាផ្កាណា! ថើបរួចគ្រវាត់ចោលនោះ។បងថើបអូន ព្រោះស្រឡាញ់អូនទេ។
ដូច្នោះបងអត់ស្រឡាញ់អ្នកណាទៀតទេ។
អ្នកឯទៀត បងស្រឡាញ់ជាមិត្រ ចំណែកអូន បងស្រឡាញ់ជាប្រពន្ធ វាខុសគ្នាឆ្ងាយណាស់ណា៎!បើដូច្នោះមានតែអូនចង់ឲ្យបងដើរថើបគេឯងតែពាសវាលទៅឬ?
ទេៗៗ មិនបានជាដាច់ខាត…។
ចូរអូនកុំទុកបងជាប្រុសផ្កាមាសណា៎! តោងទុកបងត្រឹមជាមាសបានហើយ។
បងជាពេជ្រ។
អូនជាទាំងគ្រាប់។
ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជាងនេះទៅទៀត ខ្ញុំជាមនុស្ស។
បងជាមនុស្សដែរ។
ក្នុងលោកនោះ សូរស្គរលាន់ឮឡើងទូងៗ នៅឯគេហដ្ឋានព្រះកម្ពុត។មានន្ទងើបអើតមើលទៅទិសដែលសូររត់មកដល់។នាងទេវីក៏ក្រោកងាកមើលទៅតាម។ មានន្ទនិយាយទៅកាន់ថា៖
បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត។
អ្នកសើចយ៉ាងស្រស់ដាក់នាង។នាងសើចយ៉ាងស្ងួតដាក់អ្នកដោយមិនចង់ឲ្យឃ្លាតសោះ។ មានន្ទស្ទង់ឃើញចិត្តនាង។អ្នកចាប់ដៃនាងទាំងពីរច្របាច់យ៉ាងខ្លាំង ឱនថើបជាចុងក្រោយបង្អស់ រួចនាងទេវីឈរមើលមុខសង្សារដែលថយខ្លួនមួយៗ ចេញពីនាងទាំងស្តាយ។នារីខ្លោចផ្សាក្នុងចិត្តជាពន់ពេក។ នាងស្រែកតិចៗ ផ្តាំថា៖បង! បង! យប់នេះពេលអាធ្រាត្រសុំជួបនឹងបងមួយភ្លែត ត្រង់ក្រោមដើមពោធិ៍ធំជិតខ្ទមអ្នកតា។
បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា៖
យប់នេះ អាធ្រាត្រក្រោមដើមពោធិ៍ធំ។
កុំខានណា៎!
បាទ! …កុំខានណា៎!
ចាស៎!
ថាហើយបុរសស្ទុះភ្លែតរត់ផ្លោះគុម្ពផ្កាទាំងពួងបាត់ទៅ។នាងកញ្ញាឈរមើលគូសង្សារយ៉ាងរំភើបញាប់ញ័រក្នុងចិត្ត។ នាងងាកចេញហាក់អស់កម្លាំងហេវទន់ដៃ ទន់ជើង ធេងធោងៗក្នុងខ្លួន។នាងដើរមួយៗ ទៅរើសផ្កាដែលនាងបេះចងទុកលើស្មៅ។
ដើរចេញពីទីស្នេហាបានប្រមាណ ប្រហែលដប់ជំហាន បុរសម្នាក់មាឌស្តើងមាំ ប្រដាប់ដោយ គ្រឿងទាហាន អាវុធនៅចង្កេះ រូបឆើត ស្ទុះចេញពីគុម្ពផ្កាមួយមកឱបនាងទេវីពីក្រោយ។ស្រីភ្ញាក់ខ្លួនស្ទើរភ្លាត់ស្មារតី នាងបម្រះយ៉ាងខ្លះអស់ទំហឹង ចងចិញ្ចើម ភ័យផង បបូរមាត់ស្លេកស្លាំង។
ក្នុងមួយវិនាទីនោះ នាងក៏បានរួចពីក្រញាំដៃ ពីបុរសថ្មី។បុរសសើចក្អាកក្អាយដោះមួកគំនាប់នាងយ៉ាងកំប្លែងអស់ពីចិត្ត។
នាងទេវីខាំធ្មេញគ្រឺត សំឡក់បុរស មុខនាងដែលស្លាំង ក៏ប្រែជាក្រហមភ្លាម។នាងនិយាយដោយសង្កត់ពាក្យទៅរកយុវជនចម្លែកថា៖
យី! លោកកាមា! ចៀសចេញពីទីនេះឲ្យឆាប់។
នាងចង្អុលមុខបុរសដោយបន្តវាចាថា៖
នែ! មុខលោកឯង កុំមកប៉ះសាច់ខ្ញុំណា៎! ប៉ះមិនបានទេ។ទៅៗ ស្អប់មុខណាស់។
បុរសឈ្មោះកាមា ពេបមាត់សើចយ៉ាងវែង ច្រត់ចង្កេះមើលនាងដែលខឹង ហើយពោលតបដោយសម្លេងក្អុលខ្លាំងថា៖
ស្រីដែលមានរូបល្អ ដូចអូន មិនគួរមានចិត្តអាក្រក់សោះ។
ថាហើយកាមាសើចក្អាកក្អាយ សើចឮរំពង។
យី! អីលោកហ៊ានហៅរូបខ្ញុំអូនផង? ខ្ញុំជាប្អូនលោកពីកាលណាមក? មនុស្សអីក៏មានចិត្តឫស្យា មុខក្រាស់ម៉្លេះ?
ថាហើយ នាងច្រត់ដៃនឹងចង្កេះនាង សម្លឹងមុខបុរសគ្មានប្រហែលឡើយ។កាមាសើចដដែល។
បើមិនឲ្យហៅអូន តើឲ្យខ្ញុំហៅអីវិញ? ហៅបង? ហៅអ្នកបង? ហៅមិនកើតទេ។
នាងទេវីឮសម្តីចុងក្រោយនេះ នាងស្មានក្នុងចិត្តថា ប្រហែលបុរសនេះឃើញនាង និងមានន្ទហើយ ពីព្រោះកាមាត្រូវជាប្អូនបង្កើតរបស់មានន្ទ។នាងខំទប់សេចក្តីអៀនខ្មាស ប្រឹងធ្វើទឹកមុខដដែល។
យី! ចំណាស់ប៉ុនខ្ញុំ លោកហៅខ្ញុំបងមិនបានឬ?
ហៅមិនបាន ព្រោះខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ខ្ញុំចង់បានអ្នកជាប្រពន្ធខ្ញុំ។ខ្ញុំប្រាថ្នាលើកតម្កើងអ្នកឲ្យខ្ពស់ផុតអស់នារីដែលមាននៅលើលោកនេះ។ ខ្ញុំចង់ឲ្យអ្នកថ្កុំថ្កើងដោយសារស្នាដៃខ្ញុំ។
មិនបាច់និយាយច្រើនទេ! ខ្ញុំមិនត្រូវការឲ្យលោកលើកតម្កើងខ្ញុំទេ ពាក្យថោក គំនិតទាប ខ្ញុំមិនចង់ស្តាប់លោកទេ។
បុរសឡើងក្រហមស្លឹកត្រចៀក។ដោយស្រឡាញ់នាងទេវីពេក កាមាមើលមុខនាងឃើញល្អអ្វី ក៏ល្អម៉្លេះទេ ទោះកំពុងខឹងក្រញូវដូច្នោះក៏នៅតែល្អ។សម្លេងពីរោះអ្វីក៏ពីរោះម៉្លេះ ទោះគំហក ដៀលត្មះប៉ុណ្ណោះហើយ ក៏នៅតែពីរោះ។អ្នកមើលមុខនាងដោយអង្វរ ហើយពោលថា៖
ខ្ញុំទាប អ្នកខ្ពស់ បានជាខ្ញុំស្រឡាញ់អ្នក។ខ្ញុំសូមចិត្តអ្នកចុះ កុំខឹងអ្វីនឹងខ្ញុំ។ដោយស្រឡាញ់អ្នកពេកហើយ បានជាអម្បាញ់មិញ ខ្ញុំស្ទុះមកឱបអ្នក។សូមទោសអ្នកចុះ កុំប្រកាន់ខ្ញុំ។ខ្ញុំពិតជាស្រឡាញ់អ្នកមែន។ថ្ងៃនេះខ្ញុំចង់និយាយជាមួយនឹងអ្នកឲ្យបានវែងឆ្ងាយ ដើម្បីអ្នកយល់…។
ខ្ញុំមិនបាច់ស្តាប់លោកទេ។ខ្ញុំមិនចង់ស្តាប់ ខ្ញុំមិនចង់យល់លោកទេ។
រឿងមហាចោរនៅទល់ដែន ០៣.gif
កាមាខឹងឆួលក្នុងចិត្ត ដោយមើលឃើញជាក់ថា ធម៌ត្រជាក់មិនបានការ។អ្នកខាំធ្មេញដើរចូលទៅរកនាងប្រាថ្នាគិតចាប់គំហែង ចាប់ដោយកម្លាំងតែម្តង។នារីសម្លឹងបុរសយ៉ាងកកាចបំផុត។កាមាទុចង៉ក់។នាងពោលថា៖
កាមា! កាមា! កាមា! កុំចូលជិត! តែបើចូល មានតែស្លាប់ និងរស់ប៉ុណ្ណោះ!
ខ្ញុំមិនថយមួយជំហានទេ។
ឈប់! កាមា បើចង់និយាយនឹងយើងណាស់ ឈរឲ្យស្ងៀមមួយកន្លែងចម្ងាយបីម៉ែតពីយើង។អើ! ធ្វើយ៉ាងហ្នឹង បានហៅថ្លៃថ្នូរ ពេញដោយជាកូនប្រុស។ឥឡូវនិយាយមកចុះ បើពេញជាកូនប្រុសព្រះកម្ពុតមែន ខ្ញុំស្តាប់។
អ្នកជ្រាបទេ? ខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ឳពុកខ្ញុំ ព្រះកម្ពុតជាចៅហ្វាយលើភពផែនដី ចង្វាត់សិរីសោភ័ណនេះ។ខ្ញុំអាចសូមឪពុកខ្ញុំ ចូលដណ្តឹងអ្នកបាន។តែខ្ញុំគ្រាន់តែចង់ដឹងចិត្តអ្នកបន្ថែមបន្តិចទៀតទេ បានជាខ្ញុំតែងឆ្លៀតឱកាស ចង់ជួបនឹងអ្នក ដើម្បីយើងនិយាយគ្នាឲ្យដឹងដើម ដឹងចុងបន្តិច។ឳពុកខ្ញុំប្រាកដជាស្រឡាញ់អ្នកដែរ ពីព្រោះគាត់បាននិយាយដំណាលពីរឿងអ្នករឿយៗណាស់។
ឪពុកលោកតំណាលពីគ្រប់ស្រីដែលមានរូបល្អ។នេះជាការធម្មតាទេ។
ទេ! លោកប្រហែលជាចង់បានអ្នកជាកូនប្រសាដែរ។
ប្រហែលជាចង់បានខ្ញុំយកទៅធ្វើជាប្រពន្ធខ្លួនឯងទេដឹង? ឳពុកលោកជាមនុស្សមកពីអវចី ប្រពន្ធរាប់ដប់ម្ភៃ លួចកូនគេ លួចប្រពន្ធគេ។
យីអ្នក! ខ្ញុំនិយាយមិនស្តាប់ បានតែបងមានន្ទឬ ទើបនិយាយស្តាប់បាន?
អើ! ខ្ញុំស្តាប់តែមានន្ទពិតប្រាកដមែន។មានន្ទជាគូសង្សារខ្ញុំ ជាប្តីខ្ញុំពេញចិត្ត។អើ! អើ! បើកាមាឯងជាប្អូនមានន្ទ ហើយដឹងថាមានន្ទជាបងកាមាឯងស្រឡាញ់ខ្ញុំហើយ ម្តេចក៏កាមាឯងមកស្រឡាញ់ខ្ញុំទៀត?ឬចង់ក្បត់មានន្ទជាបងបង្កើត? លោកក្បត់ចុះ តែខ្ញុំ ខ្ញុំមិនក្បត់ទេ។កាមា! ខ្ញុំសូមលោករកស្រីណាទៀតទៅ មិនខ្វះទេ ស្រីល្អនោះ។តែធ្វើដូច្នោះ នាំឲ្យបាក់បែកគ្រួសារយើងទេ។ទៅ! កាមាអញ្ជើញទៅចុះ។
កាមារឹតតែខឹងទៀត អ្នកសំឡក់នាងទេវីស្ទើរធ្លុះពីរបី។ខ្យលគំនុំមួយ បោកមកលើដួងចិត្តអ្នកដូចព្យុះសង្ឃរា។យ៉ាងរហ័សអ្នកបែរមុខចេញ ស្ទុះលោតកាត់គុម្ពផ្កាមួយ ពីមួយទៅមួយ តម្រង់ទៅគេហដ្ឋានព្រះកម្ពុតឳពុក។

នាងកញ្ញាទេវីបានធូរ ដូចដកបន្លាពីដើមទ្រូង ធូរចិត្ត ឈរមើលកាមាដែលបាត់ទៅ។អស់កម្លាំងហេវ នារីដើរមួយៗទៅកាន់ផ្ទះនាង៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: