ស្ដេចចក្រពត្តិ

ស្តេច​ចក្រ​ពត្តិ គឺ​ជា​ស្តេច​គ្រប់​គ្រង​នគរ​ប្រកប​ដោយ​ធម៌ ជាក្សត្រមាន​អំណាច ឈ្នះ​សង្គ្រាម​មាន​ទី​បំផុត​ទល់​នឹង​សមុទ្រ​ទាំង​៤ មាន​ជន​បទ​ដ៏​មាំ​មួន ប្រកប​ដោយ​រតនៈ​៧​ប្រការ គឺ ចក្ករ័ត​ន៍ (​ចក្រកែវ​)​១ ហត្ថីរ័តន៍ (​ដំរីកែវ​)​១ អស្សរ័តន៍​(​សេះ​កែវ​)​១ មណិរ័តន៍(​កែវមណី​)១ ឥត្ថីរ័តន៍​(​ស្រ្តី​កែវ)​១ គហបតី​រ័តន៍​(គហបតី​កែវ)​១ បរិនាយករ័តន៍(​នាយ​បរិនាយកកែវ)១ និង​ប្រកប​ដោយ​ឫទ្ធិ​៤​យ៉ាង។ ព្រះអង្គ​មាន​ព្រះរាជ​បុត្រ​ច្រើន​ជាង​ពាន់ ជា​អ្នក​ក្លៀវ​ក្លា មាន​សភាព​ជា​អ្នក​ព្យាយាម​(ក្លាហាន) អាច​ញំាញី​នូវ​សេនា​របស់​ស្តេច​ដទៃ​បាន ព្រះ​អង្គ​គ្រប​សង្កត់​នូវ​ផែនដី មាន​សាគរ​ជា​ទី​បំផុត ទ្រង់​គ្រប់​គ្រង​ដោយ​ធម៌ មិន​បាច់​ប្រើ​អាជ្ញា មិន​បាច់​ប្រើ​សាស្ត្រា​វុធ​ឡើយ។

  • រតនៈ​ទាំង​៧​ប្រការ​នោះ​គឺ
  1. ចក្ករ័តន៍ ជា​ទិព្វ​មាន​កាំ​១ពាន់ ព្រម​ទាំង​ខ្នង​កង់​និង​ដុំ បរិបូណ៌​ដោយ​អាការ​ទាំង​ពួង។ ពេល​ចក្ក​រ័តន៍​នេះ​ទៅ​ដល់​ប្រទេស​ណា ស្តេច​ចក្រ​ក៏​ទៅ​ប្រថាប់​ទី​នោះព្រម​ដោយ​ចតុរង្គ​សេនា(​សេនា​ប្រកប​ដោយ​ អង្គ​៤)​។ ពួក​ស្តេច​ណា​ដែល​ជា​សត្រូវ​ក៏​បាក់​បប​ខ្លប​ខ្លាច​អំណាច​ សុំ​ចុះ​ចូល និង​សុំ​អោយ​ស្តេច​ចក្រ​គ្រប់​គ្រង​ប្រទេស​ខ្លួន។
  2. ហត្ថីរ័តន៍ (ដំរី​កែវ) ជា​ស្តេច​ដំរី​ឈ្មោះ​ឧបោសថ មាន​សម្បុរ​ស​សុទ្ធ មាន​អវយវៈ​តូច​ធំ​សមរម្យ​ទាំង​អស់ ជា​ដំរី​មាន​ឫទ្ធិ អាច​ហោះ​ទៅ​លើ​អាកាស​បាន។
  3. អស្សរ័តន៍ (សេះ​កែវ) ជា​ស្តេច​សេះ​ឈ្មោះ​វលាហកៈ មាន​សម្បុរ​ស​សុទ្ធ មាន​សម្បុរ​ត្រង់​​ក្បាល​ខ្មៅ​រលើប ដូច​ជា​សម្បុរ​នៃ​ក​ក្អែក មាន​សក់​ស​ក្បុស ដូច​បណ្តូល​ស្មៅ​យាប្លង ជា​សេះ​មាន​ឫទ្ធិ​អាច​ហោះ​ទៅ​លើ​អាកាស​បាន។
  4. មណិរ័តន៍ ជា​កែវ​ពិទូរ្យ​មាន​ជាតិ​ល្អ មាន​ជ្រុង​៨ ដែល​ជាង​ច្នៃ​ល្អ​ហើយ មាន​ពណ៌​ថ្លា​ស្អាត​បរិបូណ៌​ដោយ​អាការ​គ្រប់​យ៉ាង។ មណិរ័តន៍​នេះ​មាន​ពន្លឺ​ផ្សាយ​ទៅ​បាន​មួយ​យោជន៍​ជុំ​វិញ។
  5. ឥត្ថីរ័តន៍ (ស្រី​កែវ) ជា​ស្ត្រី​មាន​រូប​ឆោម​ល្អ​គួរ​អោយ​អ្នក​ផង​ពិត​ពិល​រមិល​មើល គួរ​ជ្រះ​ថ្លា ប្រកប​ដោយ​សម្បុរ​ល្អ​ក្រៃ​លែង មិន​ខ្ពស់​ពេក មិន​ទាប​ពេក មិន​ស្គម​ពេក មិន​ធាត់​ពេក មិន​ខ្មៅ​ពេក មិន​ស​ពេក លើល​លែង​កន្លង​ហួស​សម្បុរ​ស្រ្តី​ជា​មនុស្ស តែ​មិន​ដល់​សម្បុរ​ទេវតា។ ឥត្ថី​រ័តន៍​​ មាន​កាយ​សម្ផ័ស្ស​ទន់​ល្មើយ ដូច​ជា​សំឡី​គរ ឬ​សំឡី​កប្បាស។ កាល​រដូវ​ត្រជាក់ នាង​មាន​ខ្លួន​ក្តៅ កាល​រដូវ​ក្តៅ​ នាង​មាន​ខ្លួន​ត្រជាក់។ នាង​មាន​ក្លិន​ខ្លឹម​ចន្ទន៍​ផ្សាយ​ចេញ​អំពី​កាយ មាន​ក្លិន​ផ្កា​ឧប្បល​ផ្សាយ​ចេញ​អំពី​មាត់។ នាង​ជា​ស្ត្រី​ដែល​សូម្បី​តែចិត្ត ក៏​មិន​ប្រព្រឹត្ត​កន្លងស្តេច​ចក្រ​ជា​ស្វាមី​ឡើយ។ ជា​ស្ត្រី​គោរព​តួ​នាទី​ខ្លួន​ប្រព្រឹត្ត​ត្រូវ​ព្រះ​ហឫទ័យ ពោល​តែ​ពាក្យ​ជា​ទី​ពេញ​ព្រះ​ទ័យ​របស់​ស្តេច​ចក្រពត្តិ។
  6. គហបតីរ័តន៍ មាន​ទិព្វ​ចក្ខុ​ ដែល​កើត​ពី​ផល​កម្ម អាច​មើល​ឃើញ​កំណប់​ទ្រព្យ​ដែល​មាន​ម្ចាស់​និង​មិនមាន​ម្ចាស់​បាន។
  7. បរិនាយករ័តន៍ (បរិនាយក​កែវ) ជា​បណ្ឌិត​វាង​វៃ មាន​ប្រាជ្ញា អង់​អាចជា​អ្នក​ប្រឹក្សា​ផ្តល់​យោបល់​ ជួយ​ជ្រោម​ជ្រែង​ដល់​ស្តេច​ចក្រពត្តិ។
  • ស្តេច​ចក្រពត្តិ ទ្រង់​ប្រកប​ដោយ​ឫទ្ធិ​៤​យ៉ាង​គឺ
  1. ទ្រង់​មាន​​រូបឆោម​​ល្អគួរ​អោយ​អ្នក​ផង​ពិត​ពិល​រមិល​មើល គួរ​ជ្រះ​ថ្លា ទ្រង់​ប្រកប​ដោយ​ឆវីវណ្ណ ល្អ​ក្រៃ​លែង​ជាង​មនុស្ស​ទាំង​ឡាយ​ក្នុង​លោក​នេះ។
  2. ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​វែង ទ្រង់​ឋិត​នៅ​អស់​កាល​ជា​យូរ​អង្វែង​ក្រៃ​លែង​ជាង​មនុស្ស​ទាំង​ឡាយ។
  3. ទ្រង់​មិន​មាន​អាពាធ មិន​មាន​ទុក្ខ​ប្រកប​ដោយ​ភ្លើង​ធាតុ ដែល​កើត​អំពី​កម្ម​មាន​វិបាក​ស្មើ​គ្នា មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក លើស​ជាង​មនុស្ស​ដទៃ។
  4. ទ្រង់​ជា​ទី​ស្រឡាញ់ ជា​ទី​ពេញ​ចិត្ត​នៃ​ព្រាហ្មណ៍​ និង​គហបតី​ទាំង​ឡាយ។

យោង

ព្រះត្រៃបិដក​លេខ​១៧

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: