ទំនៀមទំលាប់ចូលម្លប់ខ្មែរ

ទំនៀមទំលាប់ចូលម្លប់ខ្មែរ

(តពីទំព័រមុន)

ទំនៀមទំលាប់ចូលម្លប់នេះ គឺក្នុងគោលបំណងបំពេញលក្ខណៈអោយកូនស្រី ទាំងផ្នែក​រូប​សម្បតិ្ត ទាំងផ្នែកចរិយាសម្បត្តិ និងវិជា្ជសម្បត្តិ ។ ក្នុងចំណោមសម្បត្តិទាំងនេះ សង្គមអោយតំលៃ​ខាំ្លងលើ​ផ្នែក​ចរិយាសម្បត្តិ ។ នារីដែលមានចរិយាល្អប្រពៃនោះ បានទទួល​ការអោយ​តំលៃពីសង្គម ជាងនារីដែល​មាន​រូប​ល្អ តែខ្វះចរិយា ។ គេនិយមអោយតំលៃថា នារីដែលមានចរិយាល្អ និង​សមត្ថភាពគ្រប់គ្រាន់ ជានារី​គ្រប់លក្ខណ៍ ។ ការអោយតំលៃបែបនេះ គឺជាលក្ខណវិនិច្ឆ័យ​សំរាប់​អប់រំលើកដំកើង​នារីអោយក្លាយ​ទៅជា​មេ ជាអ្នកដឹកនាំគ្រួសារ និងសង្គម ។ អាស្រ័យហេតុនេះ បានជាបង្ខំនារីអោយគោរព​ក្រិត្យ​ច្បាប់​ដ៏​តឹង​រឹង​បែប​នេះ ។ ពិតមែនតែវិធីចូលម្លប់ ត្រូវរលត់រលាយ​ទៅហើយក្តី ក៏ព្រលឹងនៃការអប់រំនារី​នៅតែ​ដើរតាម​លំអាននេះដដែល ។ ដូចនេះ ព្រលឹងមាតាធិបតេយ្យ​មានអត្ថិភាពជានិច្ច គ្រប់កាលៈទេសៈក្នុងសង្គម​ជាតិខ្មែរ ។ គេនៅតែអោយតំលៃលើនារីថា ជាអ្នក​ដឹកនាំគ្រួសារ ថែរក្សាទ្រព្យសម្បត្តិ និងផ្សារសាមគ្គីភាព មិត្តភាពជាមួយអ្នកជិតខាង ។ នារីខ្វះ​លក្ខណចរិយា និងសមត្ថភាពពិតជាធើ្វអោយគ្រួសារអាប់អោន​កិត្តិយស និងកិត្យានុភាពនៅក្នុងសង្គម ។
ពិធីសែនមេបា
ពិធីសែនមេបា បានឆ្លុះបញ្ចាំងអោយឃើញលក្ខណពិសេសរបស់សង្គមខ្មែរពីបុរាណ ដែល​សង្កត់​​ធ្ងន់​លើការបំពេញ លក្ខណៈអោយនារី ។ ច្បាប់មេបា គឺជាបន្ទាត់សីលធម៌ដ៏តឹងតែងមួយ​ដែលនារី​ត្រូវ​អនុវត្ត​​ជាប្រចាំក្នុងសង្គម ។ សង្គមបានទទួលស្គាល់តែនារីណាដែលគ្រប់លក្ខណ៍ មានចរិយា​ល្អប្រសើរ អនុវត្តមិនប្រាសចាកសីលធម៌ដែលមេបាកំណត់អោយ ។ បើនារីណាអនុវត្តបា្រសចាក​សីលធម៌ នារីនោះ​ត្រូវ​ទទួលទណ្ឌកម្មពីគ្រួសារ និងពីសង្គម ។
បើការសិក្សាលើពាក្យ មេបា យើងឃើញថាមានពាក្យពីមាត់ គឺពាក្យ មេ (ម៉ែ មី)និងពាក្យ បា (សគាល់ឪពុក) ។ តែក្នុងការប្រើផ្សំគ្នា ពាក្យនេះពុំមែនមានន័យតែត្រឹមតែមា្តយឪពុកនោះទេ គឺសំគាល់​ដល់​​ព្រលឹងជីដូន ជីតា ញាតិទាំងប្រាំពីរសនា្តន ដែលបានសា្លប់បាត់បង់ជីវិតទៅហើយ ហើយនៅមាន​ព្រលឹង​ចាំថែរក្សា មើលការខុសត្រូវលើកូនចៅជំនាន់ក្រោយ ។ បើកូនចៅមិនបានគោរព​សីលធម៌របស់​មេបា​​នោះទេ (ខុសមេបា) ព្រលឹងមេបា នឹងខឹងសំបាហើយដាក់ទណ្ឌកម្ម ពិតមែនតែមិនផ្ទាល់ ចំពោះ បុគ្គលអ្នកធើ្វកំហុស តែចំពោះសមាជិកគ្រួសារណាមួយ ក្នុងញាតិប្រាំពីរសនា្តន [12] អោយឈឺ ដើម្បី អោយញាតិមិត្តទាំងប្រាំពីរសន្តានស្រាវជ្រាវអ្នកប្រព្រឹត្តកំហុស ។ គ្រួសារអ្នកជំងឺ បន្ទាប់ពីព្យាបាល តាម ថ្នាំសង្កូវមិនត្រូវ ពេលនោះគ្រួសារត្រូវ មើលអាការជំងឺបន្ទាប់មករកគ្រូទាយទស្សន៍ ។ ពេលគ្រូទាយ ថា ខុសមេបានោះ គេត្រូវរៀបចំពិធីសែនព្រេន អង្វរករមេបា កុំអោយប្រកាន់ ។
ការខុសមេបាមាន​ ៣ បែប៖
– ខុសមេបាចាស់ទុំ
ខុសមេបាចាស់ទុំ សីលធម៌របស់មេបាគឺហាមប្រាមមិនអោយបងប្អូន​ក្នុងញាតិមិត្តប្រាំពីសន្តាន​ទាស់​ទែងរាំងមាត់គ្នា ។ នៅពេលដែលគ្រួសារណាទាស់រាំងមាត់គ្នាមេបាប្រកាន់​ហើយធើ្វអោយ​សមាជិក​​​​នៃគ្រួសារណាមួយឈឺ ។ បើមានការខុសមេបាចាស់ទុំនេះ គេត្រូវប្រមូលបងប្អូន​ចាស់​ទុំ​ក្នុងញាតិ ៧ សន្តាន ពិសេសអ្នកដែលឈ្លោះប្រកែករាំងមាត់នឹងគ្នា មកផ្ទះគ្រួសារអ្នកជម្ងឺសែន​ព្រេន​ថា្វយតង្វាយ ម្លូស្លា អុចទៀនធូប ដើម្បីអង្វរករមេបាសុំអោយឈប់ប្រកាន់ ឈប់ខឹងកូន​ចៅ​ទៅទៀត ។ យើងខ្ញុំជាកូន​ចៅ​សន្យាថា ឈប់ឈ្លោះប្រកែកទាស់ទែងគ្នាទៅទៀតហើយ ។ សុំមេបា​ជួយ​អ្នកជម្ងឺ​អោយ​សេះស្បើយ​ពី​ពេល​​នេះតទៅ ។
– ខុសមេបា ក្រមុំ កំលោះ
នៅពេលដែលក្រមុំ កំលោះបំពានលើសីលធម៌របស់មេបា ដោយលួចលាក់ទាក់ទងគ្នា រួមសង្វាស​ជាមួយ​គ្នា​មិនអោយឪពុកមា្តយដឹងលឺនោះ មេបាមិនសប្បាយចិត្តខឹងសំបា ហើយធើ្វអោយ​សមាជិក​នៃ​គ្រួសារ​ណាមួយឈឺ ។ នៅពេលណាគេដឺងថាជម្ងឺនោះ បណ្តាលមកពីមេបាខឹងសំបានោះ គេអញ្ជើញ​ចាស់​ទុំ ញាតិសន្តានដែលមានកូនក្រមុំ មកចូលរួមក្នុងពិធីបូលពងមាន់នៅផ្ទះអ្នកជម្ងឺ រួចគេចាប់​ធ្វើ​ពិធីបូលពងមាន់ ដើម្បីរកកូនក្រមុំដែលប្រព្រឹត្តកំហុសប្រាសចាកពីច្បាប់មេបានោះ ។ ពិធីនេះ​ ប្រារព្ធធើ្វ​ឡើងដោយ គ្មានភេ្លងភ្លាត់ទេ គេរៀបចំតង្វាយមួយថាស អង្ករមួយល្អី ។ នៅចំកណ្តាលអង្ករនោះ គេដាក់​ពងមាន់​មួយ​ពីលើ ។ អ្នកធើ្វពិធីនេះ គេយកតែនារីទេ ។ នារីនោះ​ត្រូវមាន វ័យចំណាស់មាន​ចរិយា​ត្រឹមត្រូវ​សុភាព​រាបសា​ហើយទទួលការគោរពពីអ្នកផងទាំងពួង ។ មុនដំបូង នារី​នោះ​​លើក​ពងមាន់បញ្ឈរ រួច​និយាយ​​​បួងសួងដល់ មេបា អារក្ខ អ្នកតា​ហើយ​ក៏ចាប់​រោយអង្ក​រលើ​ពង​មាន់ ​ដោយបូលឈ្មោះកូន​ក្រមុំ​ក្នុង​ញាតិ ៧ សន្តានម្តងមួយៗ ។ ពេលអង្ករជាប់​លើពងមាន់ ហើយបូលចំឈ្មោះកូនក្រមុំណា ម្នាក់នោះគេ​សន្មត់​ថា នារីនោះបានប្រព្រឹត្តកន្លង​នឹងសីលធម៌មេបា ។ សូម្បីបញ្ជាក់គេរោយអង្ករ ៣ ដងលើ​ពងមាន់​នោះ បើនៅតែជាប់ដែល គេសន្មត់​សំរេចថានារីនោះជាអ្នកធើ្វកំហុសពិតប្រាកដ ។ ពេល​ដឹង​ពិតប្រាកដ​នូវ​មុខ​មាត់នារីដែលធើ្វកំហុស គេហៅនារីនោះមកសែនព្រេងនៅផ្ទះអ្នកជម្ងឺ អង្វរករ​អោយ​មេបាឈប់​ប្រកាន់​​ទោសពៃរ៍តទៀត ហើយ​សុំ​​អោយអ្នកជម្ងឺបានសេះស្បើយដូចដើម ។
– ខុសមេបាផ្កាប់មុខ រឺ បិទមុខ
សំដៅសកម្មភាពផិតក្បត់នឹងប្តី ទៅមានសហាយ ។ ខុសមេបាផ្កាប់មុខ​នេះជាការ​លំបាក។ការ​រក​អ្នក​ប្រព្រឹត្តខុសនឹង សីលធម៌មេបា​នោះប្រព្រឹត្តទៅ​ដូច​​ជា​ក្នុងពិធីខុសមេបាក្រមុំកំលោះដែរ តែគេ​បូលតែ​ក្នុងចំណោមនារីដែលមានប្តីហើយ នៅក្នុងញាតិ ៧ សន្តាន ។
នៅក្នុងទំនៀមទំលាប់ខ្មែរ នារីមានតួនាទីចំបងនៅក្នុងគ្រូសារក៏ដូចជានៅក្នុងសង្គមដែរ ។ នារី​មាន​​​​​ភារកិច្ចអប់រំកូនចៅ ប្តីសី ព្រមទាំងជាអ្នករៀបចំជីវភាពគ្រួសារ ជាអ្នកថែរក្សាទ្រព្យសម្បត្តិ ជាអ្នក​ស្មោះ​​ត្រង់ មានអាកប្បកិរិយាសុភាពរាបសាជាអ្នកផ្សារសាមគ្គីភាពជាមួយអ្នកជិតខាង ។ ដូចនេះ​ត្រូវ​​តែ​មានសីលធម៌ខ្ពស់ជាងបុរស ។ នារីត្រូវស្ថិតនៅក្រោមច្បាប់សង្គម ត្រូវហាត់ពត់លត់ដំខ្លាំង និងតឹងរឹង​បំផុត ព្រោះខ្លួនមានតួនាទីធំធេងជាងបុរស ។ សង្គមបានអោយតំលៃលើនារី ហេតុនេះហើយ​បាន​ជា គេ​ខិតខំបង្កើនសីលធម៌ពិសេសមួយសម្រាប់នារី ។ នារីណាមួយ​ពុំដើរ​តាម​គន្លង​សីលធម៌ពិសេសនេះ ត្រូវ​ទទួល​ទណ្ឌកម្ម រឺ ខូច កិត្តិយស ដោយសង្គមដាក់ទោស ។ ច្បាប់មេបា បានអប់រំនារី​អោយក្លាយ​ទៅជា​នារី​គ្រប់លក្ខណ៍ ដើម្បីដឹកនាំគ្រួសារ និងសង្គមអោយបានល្អទៅអនាគត ។ នារីដែលប្រព្រឹត្តខុស​នឹងសីល​ធម៌​​ដូចជាលួចលាក់រួមរក្សគ្នាដោយមិនអោយចាស់ទុំដឹង ផិតប្តីរបស់ខ្លួន​នោះ បានធើ្វ​អោយ​កិត្តិយស​​ផ្ទាល់​​​ខ្លួន និងគ្រួសារចុះដល់​បាតដាល​ដោយខ្លួន​បានអនុវត្ត​ប្រាសចាកគន្លង​សីលធម៌​មេបា ។ នារី​ប្រព្រឹត្ត​ខុស​​នឹងច្បាប់មេបា ត្រូវទទួលទណ្ឌកម្មគ្រប់បែបយ៉ាងពីមា្តយឪពុកពីសង្គម ។ ពិធីសែនព្រេន​មេបា​នេះ បាន​បញ្ចាំង អោយឃើញនូវលក្ខណពិសេសនៃរបបមាតាធិបតេយ្យ គេខិតខំរើសនារី និងអប់រំនារីអោយ ក្លាយទៅជាមេពិតប្រាកដ ។ នារីដែលអនុវត្តខុសពីច្បាប់មេបា គឺមិនមែនបនោ្ថក ត្រឹមតែកិត្តិយស​ផ្ទាល់​ខ្លួន និងគ្រួសារប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផលវិបាកអាក្រក់ដល់គ្រួសារ កូន ចៅនៅពេលក្រោយទៀត ដូចជាគេពុំព្រមអោយតំលៃកូនចៅរបស់ខ្លួន ដោយគេយល់ថា “ម៉ែយ៉ាងម៉េច កូនក៏យ៉ាងនោះដែរ”​ ទោះជា​កូននោះមានរូបសម្បត្តិ និងចរិយាសម្បត្តិល្អយ៉ាងណាក៏ដោយ ។
ផលវិបាកដ៏ធ្ងន់មួយទៀត គេមិនបានអោយតំលៃលើនារីដែលគ្មានខាន់សា្លទេ ។ ជាការឈឺចាប់​ណាស់ ចំពោះដំនៀលថា កូនឥតខាន់ស្លានោះ ។
ដូចនេះពិធីសែនមេបានេះ គឺជាបន្ទាត់សីលធម៌ល្អមួយផ្នែក ដែលសង្គមជ្រើរើស​ដើម្បីអប់រំ​នារីឲ្យ​ក្លាយជាមេ ដែលមានលក្ខណពិសេស ផ្ទាល់​សម្រាប់​ទ្រទ្រង់សង្គម​ឲ្យបានល្អប្រសើរ ។ នារីដែលគោរព​មិនបានបន្ទាត់សីលធម៌នេះ ត្រូវទទួល​​ទណ្ដកម្ម​​ពីសង្គមតាមផ្លូវកាយ ក៏ដុចជាផ្លូវចិត្តផងដែរ ។
ពិធីពេលមានគត៌ឆ្លងទនេ្ល [13]
សង្គមខ្មែរយើងចាត់ទុកស្រ្តីខ្មែរណាដែលមានកូន ជាមង្គលជាមេគ្រួសារ ។ ហេតុ​​នេះស្រី​ណា​ដែល​​រៀបការ​​​​ហើយ មិនមានកូនតែងតែខំគ្រប់វិធីដើម្បីឲ្យមានកូន ។ ដំបូងគេ​ពឹងពាក់​ឆ្មប ឲ្យមកគាស់​កកាយពោះពុងតាមវិធីឆ្មប ។ បើពុំបានសម្រេចទេ នាងត្រូវបន់ស្រន់​សុំកូនពីព្រះអង្គ​ស័ក្តសិទ្ធិ រឺ អ្នក​តាពូកែ រឺ ក៏យាយទេពល្បីល្បាញជាដើម ។ ពេលនោះ​គេត្រូវ​​រៀបចំពិធី ដោយមានស្លាធម៌​មួយគូ ទៀន​ធូប​​អុជថ្វាយ ហើយនិយាយបន់ស្រន់តាម បំណងប្រាថា្ន ។ ស្រីអារឹសកូនក៏ខិតខំបន់ស្រន់​ដូច​ខាងលើដែរ ។
១​. មុនពេលឆ្លងទនេ្ល
កាលណាមានផ្ទៃពោះ ហើយដើម្បីរក្សាគត៌ឲ្យបានគង់វង្ស នាងត្រូវប្រកាន់ត្រនមមួយចំនួន ដូច​ជា៖
– កុំសម្លាប់សត្វតូច ធំ
– កុំក្តិចបំពង់ត្រួយឈើ រឺ អន្លត់
– កុំទទួលទានបបរ នាំអោយកូនមិនស្អាត
– កុំទទួលទានគ្រឿងហឺរ នាំឲ្យកូនក្តៅក្រហលក្រហាយ
– កុំសា្តប់រឿងនិទានអំពី ខោ្មចបិសាច នាំឲ្យភ័យខា្លច
– កុំស្លៀកពាក់រឹតរួតខំា្លងពេក នាំឲ្យចង្អៀតចង្អល់ដល់កូន
– បើមានសូរ្យគា្រស រឺ ចន្ទគ្រាស ត្រូវយកអកកំបោរមកដាក់លើពោះ ដើម្បីជួយសង្កត់​ទារក​​នៅក្នុងផ្ទៃកុំឲ្យភ័យ រឺភ្ញាក់ផ្អើលនឹងមហិទ្ធិរិទ្ធិរាហូ។ បើពុំនោះទេ កូននឹង​កើត​មក​​ល្ងីល្ងើដោយរាហ៍កន្លង ។
– កុំឈោងយករបស់ដែលនៅខ្ពស់ផុតដៃ នាំឲ្យរបូតទងសុកពីកូន ។
ក្រៅពីត្រនមខាលើ មានត្រនមជាច្រើនទៀត ដើម្បីកូនកើតបានស្រួលដូចជា៖
– កុំដេកថ្ងៃ កុំងូតទឹកយប់ នាំឲ្យកូនថោ្លសពិបាកកើត
– កុំអង្គុយមាត់ទា្វរ រឺមាត់ជណ្តើរ ខា្លចកូនកើតមិនរួច
– កុំទៅសួរសុខទុក្ខ អ្នកដែលកើតកូនពិបាក
– កុំដេកដំអក់ ត្រូវរហ័សរហួនក្រោកមុនប្តី នាំឲ្យកើតកូនបានស្រួល ។
ចំណែកប្តីវិញ ពេលប្រពន្ធមានគត៌ ត្រូវមានចិត្តសន្តោសភរិយា និងបុត្រនៅក្នុង​ផ្ទៃ ។​គេមិនត្រូវធើ្វ​អំពើណា ដែលនាំឲ្យប្រពន្ធព្រួយចិត្ត ហើយគេត្រូវថា្នក់ថ្នមប្រពន្ធ ហើយ​និងត្រូវ​​ពោលពាក្យពីរោះ ពិសា ។ គេមិនត្រូវអោយប្រពន្ធ ធើ្វការធ្ងន់ ដើរឆ្ងាយហាលថ្ងៃ​ ហាលភ្លៀងខ្យល់ ។ កាលណាប្រពន្ធចង់បរិភោគអ្វី ប្តីត្រូវឧស្សាហ៍រកយាយម៉បមកគាស់កកាយ សា្ទបពោះអោយញឹកញាប់ ព្រមទាំរក​ថ្នាំសង្កូវសំរាប់​ឲ្យកូន​កើតបានស្រួលទៀតផង ដូចជាថ្នាំស្ងោរ សំបកឈើឬសឈើ ផ្កាឈួក​ក្រៀម រឺ ជីរនាងវងក្រៀមជាដើម ។ មិនតែប៉ុណ្ណោះ ប្តីត្រូវខិតខំស្វែងរកប្រដាប់​ប្រដា​ចំាបាច់​មួយចំនួន​ទៀតសំរាប់ពេលឆ្លងទន្លេ ដូចជា អុស ធ្យូង ពិសេសអុសដើមក្រសាំង សម្រាប់ប្រពន្ធអាំង​ភើ្លង​ក្នុងពេលក្រោយឆ្លងទន្លេ ។ ត្រូវរកទៀន ធូប ក្រមួនសុទ្ធ ម្លូសា្ល សម្រាប់ជាសក្ការៈជូនយាយម៉ប ។ ម្យ៉ាងទៀត គេត្រូវរកប្រដាប់ប្រដាដូចជា​ ស្រូវមួយ តៅ រឺ មួយកញ្ជើ ស្រូវនេះហៅថា ស្រូវពន្លៃ (សម្រាប់ជប់បង្ហើយទារក) សា្លធម៌ ចេក ប្រាក់រៀល ស្រាមួយ ដប អង្ករ កាំបិតកោរ អំបោះខ្មៅ ដីមួយដុំ ប្រទីបមួយ ។ ប្រដាប់ប្រដាទាំងនេះសម្រាប់ ដាក់ជា កំណល់ ជូនយាយម៉ប ក្នុងបំណង​សំដែងការដឹងគុណ ហើយវត្ថុខ្លះជាឧបករណ៍ សម្រាប់ប្រើប្រាស់ពេលឆ្លងទន្លេ វត្ថុខ្លះទៀតធើ្វជានិមិត្តរូប គិតពិចារណានៃមនុស្សម្នាផងទាំងពួង ដូចជាស្រូវ តំណាងគ្រប់ពូជ​ដែល​បង្កើត​ដើមស្រូវ និងបន្ត​បង្កើតពូជថ្មីៗទៀត ដីមួយដុំ តំណាងជាតិកំណើតជាមនុស្ស ប្រទីប​តំណាង​គុណធម៌​ដែលកសាង​ឲ្យបានកើតជាមនុស្សជាដើម ។ បន្ថែមលើនេះទៀត គេត្រូវរក​ថ្នាំ​សង្កូវ​​​សម្រាប់ការពារ​ក្រោយ​​​ពេល​ឆ្លងទន្លេ ។
២. ពេលឆ្លងទនេ្ល
នៅពេលស្រ្តីមានគត៌ចាប់ឈឺពោះ ប្តី រឺ បងប្អូនញាតិមិត្តជិតស្និទ្ធ ត្រូវរវៀសរវៃទៅអញ្ជើញ​យាយ​ម៉បមកភ្លាម ដោយយក គ្រឿងសំភារៈមានស្លាត្រួយ ទៀនធូបជាដើម​ទៅ​ជូនគាត់ផង ។ គេប្រុងប្រៀប​រៀបចំទឹកក្កៅ ទឹកត្រជាក់ ស្រូវ ពន្លៃជាស្រេច ។ នៅ​តំបន់​ខ្លះ នៅពេលកំពុងឈឺពោះ រៀបចំពិធីបន់ស្រន់​តូចមួយដល់វត្ថុសក្តិសិទ្ធិ រឺ អ្នកតា អ្នកដូនក្នុងភូមិ ដើម្បីអោយការឆ្លងទន្លេប្រព្រឹត្តទៅបាន​ដោយ​សុខ​សប្បាយ កុំបីជួបនឹងឧបសគ្គអី្វឡើយ ។ ពេលឆ្លងទន្លេ យាយម៉បមានភារកិច្ចសំខាន់ណាស់ ។ បុរស​​ពុំ​អាចចូលកន្លែងឆ្លងទន្លេបានទេ លើកលែងពេលមាន​អាសន្ន​អន្ធក្រ ។ តាមទស្សនៈខ្មែរ​យើងតួនាទី​ជា​ឆ្មប​គឺនារី គេមិន​ចង់ឲ្យ​បុរស​ទទួល​តួនា​ទីនេះទេ ។
៣. ក្រោយពេលឆ្លងទនេ្ល
ពេលឆ្លងទន្លេរួចហើយ ម្តាយត្រូវអាំងភ្លើង លោកអាចារ្យតែងសូត្រមន្តអាគមព័ទ្ធសីមា គូសខ្វែង​ដោយកំបោរលើក្បាលសសរគ្រែ រឺបិទខ្វែងដោយក្រមួនសុទ្ធក៏បាន ដើម្បការពារកុំឲ្យ​ខ្មោច​បិសាច​​មក​បៀត​បៀនដល់ម្តាយ និងកូនខ្ចី ។ ជូន កាលគេយកកាំបិត រឺ កន្ត្រៃ ទៅដាក់លើ​ក្បាលដំណេក​កូន​ខ្ចី​ថែម​ទៀត ។ ពេលគ្រប់ថ្ងៃហើយ គេធើ្វពិធីទំលាក់ចង្ក្រាន ដោយឆ្មបយកបាយសំណែន ៤ ដុំ ដាក់​លើ​​​ស្លឹក​ចេក ហើយសូត្របន់ស្រន់ដល់ព្រះធរណី និងមេបា​សុំជួយថែរក្សាម្តាយ និងកូនខ្ចីឲ្យមានសុខ​ភាពល្អ​បរិបូណ៌ ។ បន្ទាប់មក គេធើ្វពិធីជូនរង្វាន់ និងពិធីសុំខមាទោសចំពោះឆ្មប ។ ត្រង់នេះបញ្ជាក់ថា នារីខ្មែរយើង​ចាត់​ទុក​យាយម៉បជាអ្នកមានគុណរបស់ខ្លួន និងកូនហើយគេពុំភ្លេចគុណនោះសោះឡើយ ។
ហេតុនេះ តាំងពីពេលរៀបការរួច រហូតដល់ពេលឆ្លងទន្លេ ស្រ្តីខ្វល់ខ្វាយក្នុង​ការបំពេញ​លក្ខណ​សម្បត្តិ​​​​​របស់ខ្លួនឲ្យបានពេញលេញ ដំបូងគឺជាភរិយាល្អ ជាមង្គលក្នុង​គ្រួសារ បន្ទាប់មក​គឺ​មា្តយ​ដ៏​ល្អ​របស់​កូន ។ ក្នុងន័យនេះហើយ ទើបនាងត្រូវបន់ស្រន់សុំកូន បើនាង​គា្មនកូន ។ ពេលមានផ្ទៃពោះ នាង​ខិខំ​រក្សា​គត៌ដោយកាន់ត្រនមជាច្រើន។ ប្តីវិញក៏ខិតខំ​ចូលរួម​យ៉ាងណា​ឲ្យប្រពន្ធបានសុខសុវត្ថិភាព ហើយ​កូន​នៅក្នុងផ្ទៃរស់រាន​មានជីវិតរហូត​ដល់​កើត ។ ពោលគឺ ប្តីមានការងារជាច្រើន ត្រូវបំពេញ​សម្រាប់​ធើ្វ​​ឲ្យ” មេជាមង្កល “ បានស្រនុកសុខសប្បាយ រហូតដល់ឆ្លងទន្លេរួច ។ អ្នកដទៃ ពិសេស​យាយម៉ប ត្រូវ​ចូល​​​រួម​ធើ្វ​​ឲ្យ” មង្គល “នៃគ្រួសារបានសុខដុមរមនាដែរ ។
ការទាំ្រទ្រពោះ រក្សាគត៌ និងឆ្លងទន្លេ ជាភារកិច្ចដ៏លំបាកក្រៃលែងនៃស្រី្តក្នុងលោក ។ វាជា​បញ្ហា​អាយុជីវិតនៃមាតា តែវាជាករណីកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការបន្តអត្ថិភាព នៃមនុស្សជាតិ ។ ករណី​កិច្ច​​នេះ ជា​គុណ​​បំណាច់ដ៏ធំធេងនៃស្រ្តីចំពោះមនុស្សលោក ។ ពួកបុរសមិនអាចធើ្វបានទេ ។ នៅ​ក្នុង​សង្គម​​ខ្មែរការ​បង្កើត​កូន មិនគ្រាន់តែជាករណីកិច្ច របស់ស្រ្តីចំពោះមនុស្សជាតិប៉ុណ្ណោះ​ទេ​ តែវា​ជា​កាតព្វកិច្ច ដាច់ខាត​ដែលនារីត្រូវបំពេញឲ្យខាងតែបាន ដើម្បីបង្រ្គប់លក្ខណសម្បត្តិខ្លួនជា “មេ “ គឺគុណសម្បត្តិ​ជាមាតា ។ បើ​ខ្លួន​​គ្មានកូនរក្សាកូនមិនរស់ សង្គម​នឹងលែងទទួលស្គាល់តំលៃជា “មេ” ហើយ​ដកសិទ្ធិជា​មេផ្ទះ​ចេញ​ថែម​ទៀត ។ ព្រោះបើគ្មានកូន គឺគ្មាន​សុភមង្គលដល់គ្រួសារ ដល់ពូជពង្សវង្ស​ត្រកូល​ឡើយ ។ ដូចនេះហើយ នារីខ្មែរមា្នក់ៗស្ទុះស្ទាខ្លាំងណាស់ ក្នុងការធើ្វយ៉ាងណាអោយមានគត៌ រក្សាគត៌ឲ្យគង់ បង្កើតកូនឲ្យបាន​ដូចអ្នកដទៃ ហើយថែរក្សាឲ្យរស់រាន មានជីវិតរហូតដល់ធំ ។
រួមមកក្នុងសង្គមខ្មែរ ពិធីផ្សេងៗសម្រាប់ឲ្យមានគត៌ រក្សាគត៌ និងឲ្យកូនកើតបានដោយសុវត្ថិភាព ជាមធ្យោបាយរក្សាតំលៃនារីផ្ទាល់ខ្លួនឲ្យស្ថិតក្នុងគុណសម្បត្តិជា ‘មេ” ជា “មង្គល”​ ។ សង្គមខ្មែរតម្រួវឲ្យ​នារី​​ ផ្ទាល់ខ្លួនក្តី ប្តីក្តី អ្នកដទៃក្តី ធើ្វយ៉ាងណា ឲ្យនារីសម្រេចបំណងខាងលើនេះ ឲ្យខាង​តែបាន ។
សន្និដ្ឋាន
ទំនៀមទំលាប់ទាំង ៣ ខាងលើនេះ បានបង្ហាញឲ្យឃើញថា ដានមាតាធិបតេយ្យ មាន​អត្ថភាព​នៅ​ក្នុងសង្គមខ្មែរនៅឡើយ ។ ពិធីចូលម្លប់ ជាពិធីមួយដែលខ្មែរយើងនិយម ធើ្វឡើង​ដើម្បី​ប្រកាស​ពេលគ្រប់​ការ ថែទំាសុខភាព លំអសំរស់ផ្លូវកាយ អប់រំផ្លូវចិត្ត ចរិយា​មារយាទ​ឲ្យល្អប្រពៃ បង្ហាត់​វិជ្ជាមេផ្ទះជាការងារ​ស្រី្ត រៀនចំណេះជំនាញខ្លះៗត្រៀមខ្លួនទទួល​ភារកិច្ចដ៏ធ្ងន់ធ្ងរ ជា​ភរិយា​ល្អ និងជា​មាតា​ប្រពៃទៅអនាគត ។ ពិធីសែនព្រេនមេបា បង្ហាញឲ្យឃើញថា សង្គមខ្មែរ​គោរព​ទំនៀមទំលាប់​តឹងរ៉ឹងក្នុងការថែរក្សា​គុណសម្បត្តិ​ស្រ្តី ជាកូនស្រីល្អ ជាភរិយាល្អ ។ កូនល្អមិនត្រូវ “ទុំមុនស្រគាល”​​​ ឡើយ ។ ប្រពន្ធល្អមិនត្រូវក្បត់ប្តី ។ មេបាចាស់ទុំទទួល​មរណភាព​ទៅ​ហើយក្តី នៅរស់​នៅ​​​ឡើយ​ក្តី តែងតែឃ្លាំមើលគ្រប់ពេលវេលា ក្នុងគោល​បំណងកែលំអឲ្យទាន់ពេល​វេលា​នូវកំហុសឆ្គង ដែលកូនចៅ​បានប្រព្រឹត្ត ពិសេសកំហុសខាងផ្លូវ​ស្នេហា កាមតណ្ហា ។ ការតឹងតែង​នេះ គឺ​ដើម្បីរក្សា​កិត្តិយស និងគុណសម្បត្តិ ដ៏ឧត្តុង្គឧត្តមនៃស្រ្តីជាមេ ជា​មង្គល​នេះឯង ។ ពិធី​ផ្សេងៗក្នុង​រយៈ​កាល​មានគត៌ រហូតដល់ឆ្លងទន្លេ ជួយ​បំពេញ​​​លក្ខណៈជាមាតា​ដល់​ស្រ្តី​ជាធំ ជាមង្គលឲ្យបាន​សម្រេច​តាមបំណង​នៃ​សង្គម ។
ដូចនេះ ទំនៀមទំលាប់ទាំង ៣​ខាលើ ជាភស្តុតាងក្នុងការបញ្ជាក់ថា ទស្សនៈស្រ្តីជាមេ ជាមង្គល​ក្នុង​គ្រួសារ និងក្នុងសង្កម នៅរស់នៅឡើយនៅក្នុងសង្គមខែ្មររហូតដល់សព្វថ្ងៃនេះ ។
ឯកសារៈពិគ្រោះ
ព្រលឹងមាតាធិបតេយ្យ ក្នុងសង្គមខ្មែរ​ និពន្ធដោយ ឯកឧត្តម ងួន ញ៉ិល។ ការបោះ​ពុម្ព​ផ្សាយ​របស់កាសែតប្រជាជន ឆ្នាំ ១៩៩២
[1] គិន ណន ក្រមុំចូលម្លប់ និង ពិធីរើសគួស្រករ
[2] P.Maspero Ceremonies Privees Des Cambodgiens P.34
[3] P.Maspero Ceremonies Privees Des Cambodgiens P.34
[4] សូមមើលពិធីទាំងនេះ ក្នុងពិធីរៀបការ
[5] សូមមើលពិធីទាំងនេះ ក្នុងពិធីរៀងអាពាហ៍ពិពាហ៍នៅទំព័រខាងក្រោយ
[6] បាយបួស គឺជាបាយដែលគេហូបដោយគ្មានសាច់សត្វមានជីវិត
[7] វចនានុក្រមពុទ្ធសាសនបណ្ឌិត្យទំព័រ ៦០៨
[8] ប្រជុំរឿងព្រេងភាគ​ ៩ ពុទ្ធសាសនបណ្ឌិត្យ ១៩៧៤ ទំព័រ ៥៥
[9] ព្រះបាទសុរិយាវរ្ម័នទី ២
[10] គ្រូពស់ ហ្មពស់
[11] ទឹកមង្គល ទឹកមន្ត
[12] ញាតិប្រាំពីសន្តាន គិតខាលើ ៣ (មា្តយឪពុក.ជីដូនជីតា.យាយទូតតាទូត) ខាងក្រោម ៣ (កូនចៅ.ចៅទូត)

[13] ព្រឹតិ្តប័ត្រវិទ្យាសា្ថនខ្មែរ.បនលេខ ៧.លេខ ៨ ទំព័រ ៣៦-៤២

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: