បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង

ព្រះពុទ្ធសាសនា កាលនឹងសាបសូន្យ នឹងសាបសូន្យព្រោះអន្តរធាន ៥ យ៉ាង គឺ

ក)- បរិយត្តិអន្តរធាន សាបសូន្យព្រះបរិយត្តិ,
ខ)- បដិបត្តិអន្តរធាន សាបសូន្យបដិបត្តិ,
គ)- បដិវេធអន្តរធាន សាបសូន្យសេចក្ដីត្រាស់ដឹង,
ឃ)- លិង្គអន្តរធាន សាបសូន្យភេទអ្នកបួស,
ង)- ធាតុអន្តរធាន សាបសូន្យព្រះសារីរិកធាតុ ។

ក)- បរិយត្តិអន្តរធាន

ព្រះបរិយត្តិនឹងសាបសូន្យយ៉ាងនេះ កាលកន្លងទៅ ៗ កើតកលិយុគ, មនុស្សក្នុងសាកលលោកប្រាសចាកមនុស្សធម៌ ព្រោះចំហាយអយុត្តិធម៌ ធម្មជាតិដែលជាឧបការមិនប្រព្រឹត្តទៅដោយប្រពៃ ដូចជាភ្លៀងបង្អុរមិនស្រួល ស្រូវមិនសម្រេចផលជាដើម ។ ម៉្លោះហើយទាយកអ្នកផ្គងបច្ច័យសម្រាប់ការសិក្សាមិនអាចប្រគេន បច្ច័យដល់ភិក្ខុសង្ឃ ពួកភិក្ខុលំបាកដោយបច្ច័យ មិនអាចសង្គ្រោះអន្តេវាសិកអ្នកសិក្សាបរិយត្តិបាន ។ កាលកន្លងទៅ ៗ ភិក្ខុមិនអាចទ្រទ្រង់អត្ថបាន ទ្រទ្រង់បានត្រឹមបាលី។ តទៅ, កាលកន្លងទៅៗ ភិក្ខុមិនអាចទ្រទ្រង់បាលីទាំងអស់ ។ ដំបូង អភិធម្មបិដកសាបសូន្យ ៗ ពីចុងមកមុនគឺ មហាបដ្ឋាន; តមក, យមកៈ, កថាវត្ថុ, បុគ្គលប្បញ្ញត្តិ, ធាតុកថា, វិភង្គ, ធម្មសង្គណី ។ តមក, សុត្តន្តបិដក សាបសូន្យ, អង្គុត្តរនិកាយសាបសូន្យចាប់ដើមអំពីឯកាទសកៈ ដល់ឯកកៈ ; តមក, សំយុត្តនិកាយ សាបសូន្យចាប់ដើមអំពីចក្កបេយ្យាលៈ ដល់ឱឃតរណៈ ; តមក, មជ្ឈិមនិកាយសាបសូន្យចាប់ដើមអំពីឥន្ទ្រិយភាវនៈ ដល់មូលបរិយាយៈ ; តមក, ទីឃនិកាយសាបសូន្យចាប់ដើមអំពី ទសុត្តរៈ ដល់ព្រហ្មជាលៈ ។ បុច្ឆាគាថាមួយក្ដី ពីរក្ដី ឋិតនៅអស់កាលវែងក៏ដោយ ក៏មិនអាចទ្រទ្រង់សាសនាបាន ដូចជាសព្ភិយបុច្ឆា អាឡវកបុច្ឆា ក្នុងកស្សបពុទ្ធសាសនា ។ តមក, ពួកលជ្ជីភិក្ខុទ្រទ្រង់វិន័យ ; ពួកភិក្ខុប្រាថ្នាលាភ, កាលសុត្តន្តបិដកឋិតនៅ ទ្រទ្រង់តែជាតកប៉ុណ្ណោះ ។ កាលកន្លងទៅ ៗ ភិក្ខុមិនអាចទ្រទ្រង់ជាតក, វេស្សន្តរជាតកសាបសូន្យជាដំបូង ; តមក, បណ្ណកជាតកមហានារទជាតក ដោយលំដាប់ច្រាសមក ; អបណ្ណកជាតកសាបសូន្យទីបំផុត ។ ភិក្ខុនៅទ្រទ្រង់វិន័យ ។ កាលកន្លងទៅ ៗ វិន័យសាបសូន្យពីចុងមកមុនគឺ បរិវារៈ ; តមក, ខន្ធកៈ, ភិក្ខុនីវិភង្គ, មហាវិភង្គ, ភិក្ខុទ្រទ្រង់តែឧបោសថក្ខន្ធកៈ ។ គាថា ៤ បទប្រព្រឹត្តក្នុងមនុស្សដរាបណា, ដរាបនោះ បរិយត្តិឈ្មោះថា មិនទាន់អន្តរធាន ។ កាលនោះស្ដេចជ្រះថ្លាឲ្យគេដាក់កហាបណៈមួយពាន់ក្នុងប្រអប់ដាក់ លើកដំរី ឲ្យវាយស្គរសួរថា “អ្នកណាចេះគាថា ៤ បទដែលព្រះពុទ្ធទ្រង់សំដែង អ្នកនោះចូរយកកហាបណៈមួយពាន់នេះចុះ” ។ កាលរាជបុរសវាយស្គរ ៣ ដង មិនមានអ្នកណាទទួលយក, ក៏នាំយកថង់ពេញដោយកហាបណៈ ១ ពាន់ចូលទៅកាន់រាជត្រកូលវិញ ។ កាលនោះឯងហៅថាបរិយត្តិអន្តរធាន ។

ខ) បដិបត្តិអន្តរធាន

បដិបត្តិនឹងសាបសូន្យយ៉ាងនេះ កាលកន្លងទៅ ៗ ពួកភិក្ខុមិនអាចញ៉ាំងឈាន វិបស្សនា មគ្គផលឲ្យកើត, រក្សាតែចាតុប្បារិសុទ្ធិសីល ។ កាលកន្លងទៅ ៗ ពួកភិក្ខុដល់នូវសេចក្ដីបន្ធូរបន្ថយថា “យើងរក្សាចតុប្បារិសុទ្ធិសីលផង ប្រកបរឿយ ៗ នូវប្រធានផង មិនអាចធ្វើឲ្យជាក់ច្បាស់នូវមគ្គផលបាន, ឥឡូវនេះ អរិយធម្មប្បដិវេធធម៌មិនមាន” ហើយក៏ល្មោភខ្ជិល មិនដាស់តឿនរំលឹកទៅវិញទៅមក មិនមានសង្ស័យ ; តមក, ក៏ញាំញីខុទ្ទានុខិទ្ទកសិក្ខាបទ ។ កាលកន្លងទៅ ៗ ភិក្ខុត្រូវអាបត្តិបាចិត្តិយៈ ថុល្លច្ច័យ តពីនោះគរុកាបត្តិបារាជិកឋិតនៅ ។ កាលបើពួកភិក្ខុរក្សាបារាជិក ៤ មានមួយរយអង្គក្ដី មួយពាន់អង្គក្ដី, បដិបត្តិមិនទាន់អន្តរធានទេ ។ លុះតែភិក្ខុក្រោយបង្អស់បែកធ្លាយសីលក្ដី, អស់អាយុក្ដី បដិបត្តិឈ្មោះថា អន្តរធាន ។

គ) បដិវេធអន្តរធាន
បដិវេធៈ គឺអធិគមៈ បានដល់មគ្គ ៤, ផល ៤, បដិសម្ភិទា ៤, វិជ្ជា, អភិញ្ញា ៦ ។ អធិគមៈសាបសូន្យអំពីបដិសម្ភិទាមកមុន ។ លុះសោតាបន្នបុគ្គលក្រោយបង្អស់អស់ជីវិត, អធិមគៈឈ្មោះថា អន្តរធាន ។

ឃ) លិង្គអន្តរធាន
កាលកន្លងទៅ ៗ, ការកាន់បាត្រកាន់ចីវរ, បត់ លា ឈាន ឈានទៅមុខ ឈានថយ មើលទៅមុខ មើលឆ្វេង ស្ដាំ មិនសមរម្យ តាមសមណសារុប្ប មិនជាទីជ្រះថ្លា ។ ពួកភិក្ខុដាក់បាត្រត្រង់អគ្គពាហា (ចុងដើមដៃ) ត្រាច់ទៅ ដូចនិគ្គន្ថស្សមណីកាន់បាត្ររលាឃ្លោក ។ ប៉ុណ្ណេះ លិង្គនៅមិនទាន់អន្តរធាន ។ កាលកន្លងទៅ ៗ ពួកភិក្ខុដាក់បាត្រអំពីអគ្គពាហាយួរដោយដៃ ដោយសង្រែកត្រាច់ទៅ ។ កាលកន្លងទៅ ៗ ភិក្ខុមិនជ្រលក់ចីវរ កាត់សំពត់ធ្វើចីវរចោះតែក្រវិលពិន្ទុកប្បៈប៉ុណ្ណោះប្រើប្រាស់ទៅ ។
តមក, ចោះតែក្រវិល មិនធ្វើពិន្ទុកប្បៈ ។ តមក, មិនធ្វើទាំងពីរ កាត់តែសំពត់ស្លៀកត្រាច់ទៅដូចបរិព្វាជក ។ កាលកន្លងទៅ ៗ ពួកភិក្ខុគិតថា គ្មានប្រយោជន៍អ្វីដោយសំពត់ ក៏ចងខុទ្ទកសាដកនឹងដៃខ្លះនឹងកខ្លះ ផ្សើមសក់ឲ្យទទឹកខ្លះ ចិញ្ចឹមកូនប្រពន្ធធ្វើស្រែចិញ្ចឹមជីវិត ។ កាលនោះជនណាមានទក្ខិណាទានដល់ជនពួកនេះ ឧទ្ទិសចំពោះសង្ឃបានផលច្រើន ។ ព្រះមានជោគត្រាស់ំដៅរឿងនេះថា “ម្នាលអានន្ទ ក្នុងកាលអង្វែងទៅអនាគតនឹងមានពួកគោត្រភូកាសាវៈនឹងក ទ្រុស្តសីល មានធម៌អាក្រក់, ពួកជននឹងឲ្យទានក្នុងគោត្រភូទាំងនោះ ; ម្នាលអានន្ទ ក្នុងកាលនោះ តថាគតពោលថា សង្ឃគតាទក្ខិណាទាននោះ មានផលរាប់មិនបានស្មានមិនត្រូវ” ។ តមក, កាលកន្លងទៅ ៗ ពួកជននោះនាំគ្នាធ្វើអំពើផ្សេង ៗ គិតថាការនេះនាំយឺតយូរ យើងមានប្រយោជន៍អ្វីដល់វត្ថុនោះ ហើយក៏គ្រវាត់សំពត់កាសាវៈនោះចោលក្នុងព្រៃ ។ ក្នុងកាលនោះ លិង្គ ឈ្មោះថា អន្តរធាន ។

ង) ធាតុអន្តរធាន

បរិនិព្វានមាន ៣ គឺ

-កិលេសបរិនិព្វាន មានហើយលើពោធិបល្លង្ក,
-ខន្ធបរិនិព្វាន មានហើយក្នុងក្រុងកុសិនារា,
-ធាតុបរិនិព្វាន នឹងមានក្នុងកាលអនាគត ។
ធាតុបរិនិព្វាន, ព្រះធាតុទាំងឡាយកាលមិនបានសក្ការៈ រាប់អានក្នុងទីនោះ ៗ ក៏ទៅកាន់កន្លែងដែលបានសក្ការៈបូជារាប់អាន ដោយកំលាំងអធិដ្ឋានព្រះពុទ្ធទាំងឡាយ ។ កាលកន្លងទៅ ៗ សក្ការៈបូជារាប់អានមិនមានសព្វឋាន ។ ឮថា ក្នុងកាលសាសនារៀវរោយ ព្រះធាតុទាំងឡាយទៅប្រជុំក្នុងតាម្ពបណ្ណិទ្វីប នឹងទៅកាន់មហាចេតិយ ចេញពីនោះទៅកាន់រាជាយតនចេតិយក្នុងនាគទ្វីប ចេញពីនោះនឹងទៅកាន់មហាពោធិបល្លង្ក ។ ព្រះធាតុទាំងឡាយនឹងមកអំពីនាគភពផង ទេវលោកផង ព្រហ្មលោកផង ទៅកាន់ពោធិបល្លង្កដែរ ។ ព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃក៏មិនវិនាសក្នុងចន្លោះ ។ ព្រះធាតុទាំងឡាយ ប្រជុំនៅមហាពោធិបល្លង្កកាន់យកនូវពុទ្ធរូបផ្ទឹមនឹងពុទ្ធសរីរៈដែល គង់ព្ធដ៏ពោធិមណ្ឌៈ ; មហាបុរិសលក្ខណៈ ៣២, អនុព្យញ្ជនៈ ៨០ ; ពន្លឺផ្សាយចេញ ១ ព្យាមមានគ្រប់ទាំងអស់ ។ លំដាប់នោះ, ព្រះធាតុទាំងឡាយនឹងធ្វើបាដិហារ្យបញ្ចេញឆព្វណ្ណរំសីដូចក្នុងថ្ងៃ យមកប្បាដិហារ្យ ។ រស្មីទាំងនោះនឹងផ្សាយទៅអស់ ១ ម៉ឺនលោកធាតុ ។ ពួកមនុស្សមិនមានក្នុងទីនោះទេ ។ មានតែពួកទេវតា សន្និបាតក្នុង ១ ម៉ឺនចក្រវាឡ ធ្វើនូវការុញ្ញភាពធំជាងក្នុងថ្ងៃបរិនិព្វាននៃព្រះទសពលថា “ព្រះទសពលបរិព្វានក្នុងថ្ងៃនេះ សាសនានឹងឱនថយក្នុងថ្ងៃនេះ, នេះជាបច្ចិមទស្សន៍ នៃពួកយើង” ។ លើកលែងតែអានាគាមី ខីណាសវៈ, ពួកទេវតាដ៏សេសនឹងមិនអាចទ្រទ្រង់ដោយសកភាពបាន ។ លំដាប់នោះ តេជោធាតុតាំងឡើងអំពីធាតុសរីរៈ ញ៉ាំងសរីរៈនោះឲ្យដល់នូវអបណ្ណត្តិកភាព ។ អណ្ដាតភ្លើងឡើងទៅដល់ព្រហ្មលោក ។ បើព្រះធាតុនៅសល់ប៉ុនគ្រាប់ស្ពៃ អណ្ដាតភ្លើងនៅ ។ កាលបើព្រះធាតុទាំងឡាយដល់នូវបរិយាទាន, អណ្ដាតភ្លើងនឹងដាច់សូន្យ ។ ព្រះធាតុទាំងឡាយសំដែងអានុភាពធំយ៉ាងនេះ ទើបបរិនិព្វាន ។
កាលនោះ ពួកទេវតា ដែលប្រជុំគ្នាធ្វើសក្ការៈបូជាដោយគ្រឿងក្រអូប ប្រេងផ្កាទិព្វនឹងតូរ្យតន្ត្រីទិព្វជាដើម ដូចក្នុងថ្ងៃព្រះពុទ្ធទាំងឡាយគង់នៅធ្វើប្រទក្សិណថ្វាយបង្គំ ៣ ដងហើយពោលថា “បពិត្រព្រះមានជោគ យើងទាំងឡាយនឹងបានឃើញព្រះពុទ្ធទាំងឡាយត្រាស់ឯអនាគត” ។

បរិយត្តិអន្តរធាន ជាប្រធាននៃអន្តរធានទាំង ៥ នេះ ព្រោះបរិយត្តិជាប្រមាណនៃសាសនដ្ឋិតិ (ការទ្រទ្រង់ពុទ្ធសាសនា) ។
(ដកស្រង់ចេញពី ធម្មប្បជោត រៀបរៀងដោយព្រះមហា អ៊ុក អ៊ឺន ក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៨ ចុះផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: