បុណ្យកឋិនទាន

បុណ្យកឋិនទា

កឋិនទានគឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យហើយ
ក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បាន
តាមចិត្តនោះឡើយគឺរយៈកាលទទួលកឋិនទានក្តីនិងរយៈកាលធ្វើកឋិនទាន​ ក្តីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់

( ២៩ថ្ងៃ )ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ ១៥កើត​ខែកត្តិក។
បើខុសពីសម័យកាលនេះទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូច កឋិន ក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ
ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាម ពុទ្ធានុញ្ញាឡើយ ។ពាក្យថា កឋិនសព្ទនេះ បើតាមអត្ថកថា លោកសំដៅយកពុទ្ធដីកា ដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ហៅថា កឋិនៗនេះលោកពន្យល់ថាមក អំពី កថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ
១.ប្រែថារស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ> កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិនព្រោះលោក
ប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹង ផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំង ឡើងជាកឋិនពេញទី ក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។

២.ប្រែថាពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះ ជាទានវិសេសជាងទានដទៃៗដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ
ជាប្រធាន តែងពោលសរសសើរថាជាទានវិសេសអាចរួបរួមឬសង្រោះទុកនូវអានិសង្ស ៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបាន សមដូចវិគ្គហ ថាបញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ> កថិនំ ធម្មជាតិឯណាក្រៀកទុក ឬសង្រោះទុកនូវអានិសង្សទាំង ៥
មិនឲ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន ។ក្នុងវត្តមួយបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរគ្មាន សិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបាន ចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា។
ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាត ឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រង និងអនុមោនាកឋិននោះ ដើម្បី​សម្រាលនូវទុក្ខលំបាក ក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភ សក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។
ហើយការសម្រាលទុក្ខនេះ ទៀត សោត ក៏បានតែត្រឹមរយៈកាល ៥ខែ​ និងបានចំពោះតែភិក្ខុដែលចូលបុរិមិកាវស្សា អស់ត្រៃ មាសបាន​​​​​​​​​​​​​​​​​​​​ ត្រឹមត្រួវមិន ដាច់វស្សានោះឯង ។ម្យ៉ាងទៀតកឋិនទាន លោកសំដៅយកតែចីវរប្បច្ច័យ គឺអ្នកធ្វើកឋិនមានសំពត់ត្រឹមតែអាច ធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ។ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ ( ស្បង់ ១ ចីពរ ១ សង្ឃាដី ១ ) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជា កឋិនឡើយ លោកហៅថាខូចកឋិន ឬកឋិនត្ថារវិបត្តិ ។
ប៉ុន្តែការដែលអ្នកមានសទ្ធាជាអ្នកមានធូរធាស្តុកស្តម្ភ ាំសំភារកស្តម្ភនកមានសទ្ធាជាអ្នកមានធូអាចនាំសំភារជាច្រើន ដូចជា
ចីវរ ១ត្រៃ ឬច្រើនត្រៃ បិណ្ឌបាតបច្ច័យ សេនាសនបច្ច័យ និងគិលានភេសជ្ជបច្ច័យ ព្រមទាំងបច្ច័យសង្កត់ត្រៃសម្រាប់ កសាង
និងអានិសង្សលាភផ្សេងៗ ។
កឋិនទាន ជាចីវរទានដូចទានទាំងពួងដែរ​ តែមានឈ្មោះវិសេសតាមកាលបរិច្ឆេទ ដែល ហៅថាកាលទាន ជាទានមានផលច្រើនជាងចីវរទានទាំងឡាយទាំងពួង ព្រោះប្លែកពីទានឯទៀត។
ប្លែកដោយលក្ខណាការ ៥ យ៉ាងគឺ៖
១-ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថា កឋិនមានតែ ២៩ ថ្ងៃ គឺខែអស្សុជ ១៤ ថ្ងៃពី ត្រឹម ១រោចដល់ ១៥រោច (ខែដាច់) ខែកត្តិក ១៥ ថ្ងៃ ពីត្រឹម ១កើត ដល់១៥កើត (ពេញបូណ៌មី)។ រយៈកាលនេះពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុងរដូវនេះ ទាយកចង់ធ្វើថ្ងៃណាមួយក៏បាន ក្រៅពី ថ្ងៃទាំង ២៩ នេះពុំបាន ហើយវត្តមួយធ្វើបានតែម្តង ក្នុងមួយរដួវកឋិនភិក្ខុទទួលកឋិនបានម្តង។
២-ប្លែកដោយវត្ថុ គឺសំពត់ដែលយកមកធ្វើកឋិននោះ បានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ សំពត់ក្រៅពីនេះពុំបាន ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោម ត្រៃចីវរ

( ស្បង់ ១ ចីពរ ១ សង្ឃាដី ១ ) គឺលោកក្រាលបានតែ ១មុខប៉ុណ្ណោះ ។
៣-ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឲ្យត្រូវរបៀបតាមវិនយបញ្ញត្តិ ហើយសង្ឃក៏គម្បី ក្រាលគ្រងនិងអនុមោទនាឲ្យត្រឹមត្រូវតាមវិនយប្បញ្ញត្តិដែរ ទើបកើតជាកឋិនពេញលក្ខណៈបាន។
៤-ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដីចីវរ ឬក៏ងភិក្ខុ ក្រៅពីភិក្ខុពុំបាន ភិក្ខុនោះ ទៀតលុះតែបាននៅចាំវស្សា
គ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងនិងអនុមោទនាក្នុងវត្ត នោះបាន ភិក្ខុដែលមិននៅបានចាំវស្សា ឬបាននៅចាំវស្សាដែរ តែឲ្យដាច់ក៏ទទួលពុំបាន។
៥-ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអាសង្ស។
អានិសង្ស របស់ភិក្ខុអ្នកក្រាលគ្រង និងអនុមោទនាមាន ៥យ៉ាងគឺ៖១-អនាមន្តចារោ ភិក្ខុត្រាច់ចរទៅកាន់ទីដទៃដោយមិនបាច់លាភិក្ខុផងគ្នា គឺរួចចាកអាបត្តិនៅក្នុងចារិត្តសិក្ខាបទទី ៦ អចេល្លកវគ្គ សុទ្ធិកបាចិត្តិយ ។
២-អសមាទានចារោ ភិក្ខុត្រាច់ទៅកាន់ទីដទៃដោយមិនបាច់យកត្រៃចីវរគ្រប់ទាំង ៣ ទៅ ជាមួយបាន ដោយរួចចាកអាបត្តិនៅក្នុងទុតិយកឋិន សិក្ខាបទទី ២ ចីវរវគ្គ និស្សគ្គិយបាចិត្តិយ។
៣-គណភោជនំ ភិក្ខុទទួលឆាន់គណភោជន គឺភោជនដែលគេនិមន្តចំពោះឈ្មោះភត្ត រួចចាកអាបត្តិនៅក្នុងគណភោជន សិក្ខាបទទី ២ នៃភោជនវគ្គ សុទ្ធិកបាចិត្តិយ។

៤-យាវទត្ថចីវរំ ភិក្ខុទុកដាក់អតិរេកចីវរបានតាមត្រូវការ រួចចាកអាបត្តិក្នុងបឋមកឋិន សិក្ខាបទទី ១ ចីវរវគ្គ និស្សគ្គិយបាចិត្តិយ។
៥-យោ ច តត្ថ ចីវរុប្បាទោ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ ចីវរណាដែលកើត ឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ។
អានិស្សបុណ្យរបស់ទាយកទាយិកាមាន ៥យ៉ាងគឺ៖
១-ភិក្ខបញ្ញា វិសារទោ ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានបញ្ញាដ៏ច្រើន។
២-សុរូបតា ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានរូបល្អ ។
៣-សុណ្ណតា ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានពណ៌សម្បុរកាយស្អាតល្អ ។

៤-សុសណ្ឋានា ដោយអំណាចនៃបុណ្យ រមែងជាអ្នកមានរូបរាងទ្រងទ្រាយស្អាតល្អ ។
៥-ចក្កវត្តិ រាជាហោតិ ដោយអំណាចនៃបុណ្យ រមែងបានកើតជាស្តេចចក្រពត្តិ ។

បុព្វហេតុនៃកឋិនទាន ណិនយប្បញ១៥កើតសម័យនោះ

គឺនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធជាបរមគ្រូនៃយើង ទ្រង់គង់នៅក្នុង វត្តជេតពន ជាអារាមរបស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី ។
គ្រានោះមានភិក្ខុ ៣០រូបនៅក្នុងដែនបាឋេយ្យៈ ធ្វើដំណើរទៅកាន់ក្រុងសាវត្ថី ដើម្បីក្រាបថ្វាយបង្គំគាល់ព្រះសម្ពុទ្ធ ដែលគង់នៅ ្នុងុ៣០រូបវត្តជេតពន នៅក្នុងពេលចេញវស្សា ដែលជារដូវនៅមានទឹកភ្លៀងជោកជាំ នាំឲ្យភិក្ខុ ៣០រូបនោះ មានស្បង់ចីពរ សង្ឃាដីទទឹកជោកអស់មានការលំបាកតាម
ផ្លូវយ៉ាងខ្លាំង ។លុះទៅដល់ ភិក្ខុទាំង ៣០រូប ក៏បានចូលទៅក្រាបថ្វាយបង្គំ ព្រះសម្ពុទ្ធ ។
នៅពេលនោះ ព្រះសម្ពុទ្ធព្រះអង្គមានបន្ទូល រួសរាយត្រាស់សួរ អំពីសុខ-ទុក្ខចំពោះ ភិក្ខុទាំង ៣០ រូបនោះ ហើយព្រះអង្គបានជ្រាបពី សេចក្ លំបាក ខ្លាំង ក្នុងការធ្វើដំណើរមកនៃភិក្ខុ ទាំងនោះ ព្រះអង្គសម្តែងនូវធម្មីកថា នាំឲ្យភិក្ខុទាំង៣០រូបនោះសម្រេចព្រះអរហត្តផលគ្រប់អង្គ។

លំដាប់ពីនោះមក ព្រះសម្ពុទ្ធទ្រង់មានព្រះពុទ្ធចិន្តាថា ប្រសិនបើតថាគតបានអនុញ្ញាតនូវ កឋិនត្ថារកិច្ច ដល់ភិក្ខុទាំងឡាយរួចហើយ ភិក្ខុទាំង ៣០ រូបនេះនឹងអាចទុកចីវរ១ នៅកន្លែងរបស់ ខ្លួន ហើយមកដោយមានតែស្បង់១ ចីពរ១ ប៉ុណ្ណោះ នឹងមិនលំបាកតាមផ្លូវយ៉ាង នេះឡើយ រីឯ កឋិន ត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងទាំងឡាយគ្រប់ ព្រះអង្គ ក៏ធ្លាប់តែទ្រង់ អនុញ្ញាតមកដែរ ។
លុះព្រះសម្មាសម្ពុទ្ធទ្រងមានព្រះពុទ្ធចិន្តាយ៉ាងនេះហើយ ទើបទ្រង់ឲ្យប្រជុំភិក្ខុទាំងឡាយ ហើយទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ច ដល់ភិក្ខុទាំងឡាយថា៖អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ ទទួល ក្រាលកឋិនបាន ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលបានក្រាលកឋិនរួចហើយ ។
បន្ទាប់ពីបានដឹងថា ព្រះពុទ្ធអង្គទ្រងអនុញ្ញាតឲ្យសាវ័កទទួលកឋិនត្ថារកិច្ច ព្រះបានបសេន ទិកោសល បានផ្តើមធ្វើកឋិនទានមុនគេបង្អស់ក្នុង
សម័យពុទ្ធកាល ។កាលនោះព្រះមហាកច្ចាយ នត្ថេ ជាប្រធាន បានទទួលការក្រាលគ្រងកឋិនឲ្យសម្រេចគ្រប់ប្រការ ។
ឯព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនាក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរអំពីអានិសង្ស នៃកឋិនទានជាអនេក បរិយាយ។
យេ ជនា សុខមិច្ឆន្តា ទត្វាន កឋិនចីវរំ តេបិ ទុក្ខា បមុញ្ចន្តិ ភុត្វា ទេវេសុ មនុស្សេសុ នរកាទីនំ ន ជាយន្តិ កឋិនទានស្សិទំ ផលំ ឆ ទេវលោកេ ចិរំ ភុត្វា ទិព្វសម្បត្តិ តតោ ចវិត្វា មនុស្សលោកេ រាជា ហោតិ មហព្វលា សត្តរតនសម្បន្នាចតុទីបេសុ ឥស្សរា តេ​ ជនា សំសរន្តាបិ អបាយេន គមិស្សន្តិ ទ្វេ កុលេ​ ឧបបជ្ជន្តិ ខត្តិយា ​ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ កឋិនទានស្សិទំ ផលំ ។
ជនទាំងឡាយឯណាប្រាថ្នានូវសេចក្តីសុខ ឲ្យនូវចីវរដើម្បីកឋិនទាន ជនទាំងឡាយនោះឯង រមែងរួចចាកទុក្ខក្នុងទេវតា នឹងមនុស្សទាំងឡាយ នឹងមិនកើតក្នុងអបាយទាំងឡាយ មាននរកជា ដើម នេះជាផលរបស់កឋិនទាន ជនទាំងឡាយនោះ នឹងបានសោយនូវសម្បត្តិដ៏ជាទិព្វ ក្នុងទេវ លោកទាំង ៦ជាន់អស់កាលដ៏យូរអង្វែង លុះច្យុតិអំពីទេវលោកនោះ មកនឹងបានជាស្តេចក្នុង មនុស្សលោកនេះ ជាស្តេចមានកម្លាំងច្រើន បរិបូណ៌ដោយរតន ៧ប្រការ នឹងបានជាធំក្នុងទ្វីបទាំង៤ កាលបើនៅអន្ទោលទៅមកក្នុងមនុស្សលោកនេះ នឹងមិនបានទៅក្នុងអបាយ រមែងកើតក្នុងត្រកូល ទាំងពីរគឺ ខត្តិយត្រកូល១ ព្រាហ្មណៈត្រកូល១ មិនកើតត្រកូលថោកទាបឡើយ នេះជាផលរបស់ កឋិនទាន ដែលជនទាំងឡាយកសាងហើយ ។
– កិច្ចបុណ្យកឋិន ដែលខ្មែរយើងតែងធ្វើជាប់ជាប្រពៃណីតាំងពីបុរាណមក មាន ៨ថ្នាក់គឺ១- កិច្ចធ្វើសំពត់កឋិនតាមពុទ្ធនុញ្ញាតសំពត់ដែលជាវត្ថុនៃកឋិននោះ ទោះជាសំពត់ថ្មីក៏ បាន សំពត់ជំនំដែលបោកស្អាតក៏បាន សំពត់បង្សុកូលក៏បាន សំពត់ធ្លាក់ក្នុងចន្លោះរានផ្សារក៏បាន ដែលអ្នកណានីមួយជាគ្រហស្ថក៏ដោយ ជាបព្វជិតក៏ដោយ មានសទ្ធាជ្រះថ្លា ។
សម័យបច្ចុប្បន្ននេះ ទាយកទាយិកាអ្នកធ្វើកឋិន គេតែងធ្វើដោយត្រៃចីវរ គឺស្បង់ ចីពរ សង្ឃាដី ដែលដេរជ្រលក់បាន ពណ៌ត្រឹមត្រូវស្រេច ហើយគេដង្ហែងទៅវេរប្រគេនព្រះសង្ឃដែលគងចាំវស្សាអស់ ៣ខែ នៅវត្តណា មួយតាមចិត្តដែលគេជ្រះថ្លា ។
– កិច្ចសុំវត្ដធ្វើកឋិនកាលទាយកជាម្ចាសកឋិន ​គេចាត់ចែងធ្វើសំពត់កឋិនបានហើយ គេ ទៅទួលសុំវត្តនោះ ដល់គ្រូចៅអធិការឲ្យបានជ្រាបជាមុន ថាខ្លួននឹងហែកឋិនចូលមកនៅថ្ងៃ ខែតាម ដែលត្រូវការ កាលបើលោកយល់ព្រមហើយ គេក៏កំណត់ថា និងហែតាមកាលបរិច្ឆេទនោះ ។
៣-កិច្ចផ្សាយដំណឹងបុណ្យកឋិន សម័យបុរាណ គេកំណត់ថា នឹងហែទៅចូលវត្តណាដោយ បានទួលដំណឹងដល់ព្រះសង្ឃក្នុងវត្តនោះហើយ គេប្រាប់ដោយមាត់ទទេ ដល់ញាតិមិត្តជិតឆ្ងាយ និងអ្នកចំណុះជើងវត្តជាមួយឲ្យជួយអនុមោទនា តែសម័យបច្ចុប្បន្ន គេប្រាប់ដោយបោះពុម្ពប្រូក្រាម បុណ្យ ចែកជូនដល់ញាតិមិត្តរបស់គេ និងធ្វើសេចក្តីជូនដំណឹងតាមរយៈ វិទ្យុនិងទូរទស្សន៍ ។
៤-កិច្ចសូត្រមន្តកឋិន និងទេសនាកិច្ចចម្រើនព្រះបរិត្ត ដែលអ្នកផងតែងហៅថា សូត្រមន្ត នោះ ជាកិច្ចគឺពុទ្ធសាសនិកជនតែងធ្វើតាមពេលដែលត្រូវការ ដោយគេជឿថា ជាកិច្ចរំដោះគ្រោះ ថ្នាក់ កំចាត់ចង្រៃ ចម្រើនសិរីសួស្តីជ័យមង្គល ។
កិច្ចចម្រើនព្រះបរិត្ត ឬសូត្រមន្តមាន ៦ថ្នាក់គឺ៖
១.កិច្ច រៀបចំទីកន្លែង និងគ្រឿងសក្ការៈ
២.កិច្ចនិមន្តព្រះសង្ឃ និងទទួលព្រះសង្ឃ
៣.កិច្ចនមស្សការព្រះរតនត្រ័យ និងសមាទានសីល
៤.កិច្ចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត
៥.កិច្ចប្រគេនទេយ្យទាន ដល់ព្រះសង្ឃ
៦.កិច្ចឧទ្ទិសផលបន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរិត្តចប់ អារាធនាព្រះធម្មកឋិកសម្តែង

ធម៌ទេសនា ។
៥-កិច្ចហែកឋិន ម្ចាស់ដើមបុណ្យចាប់ផ្តើមរៀបចំដង្ហែអង្គកឋិនទាន ចេញពីផ្ទះទៅកាន់វត្ត លុះហែដល់វត្តដែលគេត្រូវការនោះហើយ អ្នកផ្តើមស្រ្តី ទួលត្រៃអង្គកឋិន អ្នកផ្តើមបុណ្យប្រុស កាន់បាត្រ ឬបរិក្ខារ ពួកញាតិមិត្តខ្លះ កាន់បរិក្ខារផ្សេងៗ ដើរហែប្រទក្សិណព្រះវិហារ ជាទក្ខិណ
( វិលស្តាំ ) ៣ជុំ ហើយអាចារ្យស្រែកឃោសនាថា សូមអនុមោទនា លោក-អើយ ! អនុមោទនា ! ​អ្នកដើរហែទាំងអស់ទទួលថា សាធុ សាធុ ដើម្បីធ្វើឲ្យពុទ្ធបរិស័ទ មានសេចក្តីសោមនស្សជ្រះថ្លា រីករាយឡើងថែមទៀត ហើយចូលទៅក្នុងព្រះវិហារដំកល់ត្រៃអង្គកឋិន ក្នុងជំនុំសង្ឃ ។
៦-កិច្ចសូត្រសុន្ទរកថាពណ៌នាពីបុណ្យកឋិន បន្ទាប់ពីហែ ៣ជុំរួច ចូលទៅក្នុងព្រះវិហារអង្គុយ ក្នុងកន្លែងដ៏សមគួរហើយ លោកអាចារ្យនាំនមស្សការព្រះរតនត្រ័យ និងសមាទានសីល រួចហើយ ម្ចាស់ដើមបុណ្យផ្ទាល់ ឬលោកអាចារ្យវត្ត ឬអ្នកក៏តំណាងម្ចាស់ដើមបុណ្យ ឡើងថ្លែងសុន្ទរកថាអំពី ដំណើរការបុណ្យកឋិនទាន ។
-កិច្ចវេរសំពត់កឋិន លុះចប់សុន្ទរកថាហើយ ឧបាសក ឧបាសិកា ទាំងអស់អង្គុយបត់ជើងបែរមុខឆ្ពោះទៅព្រះសង្ឃលើកដៃប្រណម្យឡើង អ្នកដើមការ ឬអាចារ្យនាំសូត្រនមោ ៣ដងរួចវេរ សំពត់កឋិន ៣លើក ។
លើកទី១ ថា ឥមំ ទុស្សំ កឋិនចីវរំ សង្ឃស្ស ទេម ។
លើកទី២ ថា ទុតិយម្បិ ឥមំ ទុស្សំ ។ល។ ទេម ។
លើកទី៣ ថាតតិយម្បិ ឥមំ ទុស្សំ ។ល។ ទេម ។
ប្រែលើកទី១ថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនអើយ យើងខ្ញុំទាំងឡាយ សូមវេរនូវសំពត់នេះ ជាសំពត់ដើម្បីកឋិនចីវ ប្រគេនដល់ព្រះសង្ឃ ។
ប្រែលើកទី២ថា បពិត្រព្រះ ។ល។ ដល់ព្រះសង្ឃជាគម្រប់ពីរដងផង ។ប្រែលើកទី៣ថា បពិត្រព្រះ ។ល។ ដល់ព្រះសង្ឃជាគម្រប់បីដងផង ។
កាលវេរសំពត់កឋិនហើយ គេវេរគ្រឿងបរិក្ខារជាបរិវារកឋិន ៣លើកតទៅទៀតលើកទី ១ថា យេនម្ហាកំ កឋិន គហិតំ កឋិនានិសង្សានិ តស្សេវ ទេមិ ។
លើកទី ២ថា ទុតិយម្បិ យេនម្ហាកំ ។ល។ ទេម ។
លើកទី ៣ថា តតិយម្បិ យេនម្ហាកំ។ល។ ទេម ។
ប្រែលើកទី១ថា បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើនអើយ រីកឋិននៃយើងខ្ញុំទាំងឡាយ គឺលោកម្ចាស់ អង្គណាបានទទួលកាន់យកហើយ យើងខ្ញុំទាំងឡាយសូមវេរនូវគ្រឿងបរិក្ខារជាបរិវារនៃកឋិនទាំង ឡាយ ប្រគេនដល់លោកម្ចាស់អង្គនោះ ។
ប្រែលើកទី២ថា បពិត្រព្រះ ។ល។ អង្គនោះ ជាគម្រប់ពីរដងផង ។ប្រែលើកទី៣ថា បពិត្រព្រះ ។ល។ អង្គនោះ ជាគម្រប់បីដងផង ។
កាលវេរដោយវាចាហើយ គម្បីតម្តល់សំពត់កឋិន នៅចំពោះមុខព្រះសង្ឃ ក្នុងហត្ថបាស គឺប្រវែង ២ហត្ថ ១ចំអាមពីលោក ​មិនបានប្រគេនដោយដៃទេ ព្រោះក្នុងវិន័យមានចែងថា គម្បី ប្រគេនតែដោយវាចា មិនគម្បីប្រគេនដោយកាយឡើយ ។កាលទាយកវេរសំពត់កឋិន ព្រមទាំងគ្រឿងបរិក្ខារកឋិនហើយ ព្រះសង្ឃលោកទទួលដោយតុណ្ហីភាព ហើយលោកសូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ មានគាថាសម្តែងពីកាលទានជា ដើម ។ លុះអនុមោទនាចប់ហើយ ទាយកទាយិកាគប្បីចូលទៅប្រគេន នូវគ្រឿងបរិក្ខារផ្សេងៗជា បរិវារកឋិន ដល់ព្រះសង្ឃគ្រប់អង្គតាមលំដាប់លំដោយ រហូតដល់សព្វគ្រប់ព្រះអង្គ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ឬលោកតាអាចារ្យ ឬតំណាងម្ចាស់ដើមបុណ្យ គប្បីបវារណាបច្ច័យ ជាលទ្ធផល នៃបុណ្យកឋិនចំពោះសង្ឃ ។ ឯបច្ច័យជាលទ្ធផលនៃបុណ្យនោះ គប្បីចែកជា២ ចំណែក ចំណែកទី ១បច្ច័យសម្រាប់បវារណាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ចំណែកទី២បច្ច័យ សង្កត់ត្រៃសម្រាប់កសាង សេនាសនផ្សេងៗក្នុងវត្តអារាម ។
៨-កិច្ចឧទ្ទិសផល បន្ទាប់ពីបវារណាបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យសង្កត់ត្រៃហើយ លោកតាអាចារ្យដឹកនាំសូត្រយំ កិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ ។

​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: