បុណ្យវិសាខបូជា

បុណ្យវិសាខបូជា

តើពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?

ពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យថាជាអំពើទាំងឡាយណា  ដែលគេរៀបចំជាបែបផែន នៅក្នុងពិធីបុណ្យនីមួយៗតាមគន្លងព្រះពុទ្ធសាសនា ។

តើប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ?

ប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានដូចជា  បុណ្យវិសាខបូជា បុណ្យមាឃបូជា  បុណ្យ កឋិនទាន  និងបុណ្យចូលវស្សា ។

៣.១. ១​​. បុណ្យវិសាខបូជា

បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា  រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់  រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ  នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥កើត ›› ខែ ពិសាខ   ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសល ដ៏ប្រសើរ ។

ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ     អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖

១-ទ្រង់ប្រសូតចាកឧទរមាតា

២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ

៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន

សម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជា គាថាទុកដូច្នេះថា

អាសាឡ្ហបុណ្ណមោក្កន្តោ  វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។

សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ) ។

ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់  មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា ។ ព្រះអង្គទ្រង់ត្រាស់ដឹង  នៅថ្ងៃពុធ  ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង  រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់  វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់  ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះ  ទីក្រុង កុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។

ជាប្រពៃណីបុណ្យវិសាខបូជា  គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា  បូជាភ្លើងអគ្គិ សនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ  ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។

តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះ​រតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។

ប្រវត្តិបុណ្យវិសាខបូជា

            ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲ្យដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង)  ដែលគង់នៅក្រុងឧត្តុង្គ   ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង

បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា  ។

នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ  ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។

វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។  អាស្រ័យហេតុនេះហើយ  ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក  ថ្ងៃពេញបូណ៌មី ខែពិសាខនេះ  ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។

របៀបធ្វើវិសាខបូជា

មុននឹងប្រកាសវិសាខបូជា សូមលោកអាចារ្យនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យតាមវិធីរតនប្បណាមសង្ខេប ឬពិស្តារ ហើយសមាទានសីលរួចសឹមប្រកាស វិសាខបូជាដូចតទៅនេះ

វិធីប្រកាសវិសាខបូជា

(លោកអាចារ្យត្រូវអានមួយឃ្លាម្តងៗ ឲ្យឧបាសក ឧបាសិកា និងពុទ្ធបរិស័ទថាតាម)

នមោ     តស្ស     ភគវតោ    អរហតោ    សម្មាសម្ពុទ្ធស្ស

សូមនមស្ការ  ចំពោះព្រះភគវន្តមុនី  អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។

សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។

ព្រះភគវន្តមុនីអង្គណា     ទ្រង់ត្រាស់សំដែងនូវធម៌     ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង

ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន  យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធ អង្គនោះដោយគោរព ។

( ក្រាបថ្វាយបង្គំម្តង )

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន

ភគវតា តំ ធម្មំ អាទរេន នមស្សាម ។

ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ   ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកំចាត់

បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះ  ជាធម៌ស្រោចស្រង់សត្វពិតមែន   យើងខ្ញុំព្រះអង្គសូមថ្វាយ បង្គំនូវព្រះធម៌ដោយគោរព ។

( ក្រាបថ្វាយបង្គំម្តង )

សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។

ព្រះអរិយសង្ឃណា លោកប្រតិត្តិ ដើម្បីកំចាត់បង់ នូវសេចក្តីទុក្ខទាំងពូង  ព្រះអរិយសង្ឃ នោះ  ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ   លោកប្រតិបត្តិដោយប្រពៃមែនពិត  យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព ។

( ក្រាបថ្វាយបង្គំម្តង )

            ថ្ងៃនេះជាតិថី ពេញបូណ៌មីនៃខែវិសាខ  មានព្រះចន្ទ័ពេញវង់  ត្រូវនឹងថ្ងៃដែលព្រះសក្យមុនី  សម្មាសម្ពុទ្ធ  ជាបរមគ្រូ  ទ្រង់ប្រសូត   ទ្រង់បានត្រាស់   ជាព្រះសព្វញ្ញូពុទ្ធ  ប្រាកដឡើងក្នុង លោក  និងថ្ងៃដែលទ្រង់រំលត់ខ័ន្ធ  ចូលកាន់បរិនិព្វាន  តិថីនេះ  ជាឧបលក្ខិតសម័យមួយដ៏ឧត្តមក្នុង​ព្រះពុទ្ធ សាសនា   គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន  ទាំងបព្វជិត ទាំងគ្រហស្ថ   ប្រជុំគ្នាធ្វើសក្ការបូជា   ចំពោះ ព្រះសម្មាសម្ពុទ្ធ  ព្រមទាំងព្រះធម៌  ជាបរមពុទ្ធោវាទ  និងព្រះអរិយសង្ឃ   ជាសាវ័ករបស់ព្រះ អង្គ។

ឥឡូវនេះ  យើងទាំងអស់គ្នា  ជាពុទ្ធសាសនិកជន  បានមកប្រជុំគ្នា  បានរៀបគ្រឿង​សក្ការ បូជា មានទៀនធូបនិងផ្កាជាដើម  ក្នុងទីនេះ ដែលមានព្រះពុទ្ធរូបស្នងព្រះអង្គ  ជាប្រធាន  ហាក់ដូច ជា ព្រះបរមសាស្តាអង្គនោះ   ទ្រង់ស្តេចមកគង់  ក្នុងទីចំពោះមុខ  នៃយើងទាំងអស់គ្នា យើងខ្ញុំសូម ថ្វាយ  នូវគ្រឿងសក្ការបូជាទាំងនេះ  ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះ ធម៌  និងព្រះ អរិយសង្ឃ   រតនត្រ័យទាំងបី  ដោយសេចក្តីគោរព  ។

បពិត្រព្រះសក្យមុនីបរមគ្រូ  ព្រះអង្គជាបូជារហបុគ្គល  របស់ទេវតានិងមនុស្សក្នុងលោក​ឥត មានបុគ្គលណាមួយ   ត្រឹមស្មើនឹងព្រះអង្គឡើយ    ទោះបីព្រះអង្គ  ទ្រង់បរិនិព្វាន   បាតរូបព្រះកាយ​អស់កាលដ៏យូរអង្វែងហើយ ក៏ពិតមែន   ប៉ុន្តែទ្រង់បានប្រតិស្ថាន    ព្រះវិសុទ្ធោវាទ  គឺព្រះធម៌វិន័យ​ ដ៏បរិសុទ្ធវិសេស    ទុកជាតំណាងព្រះអង្គ   ទាំងព្រះគុណរបស់ព្រះអង្គ  ក៏នោមានប្រាកដ  ទាំងព្រះ បរម សារីរិកធាតុ   នឹងព្រះពុទ្ធរូបស្នងព្រះអង្គ  ក៏នៅមានប្រាកដដែរ    សូមព្រះដ៏មានបុណ្យជាបរម សាស្តា   ទ្រង់ព្រះមេត្តាប្រោសទទួល  នូវគ្រឿងសក្ការបូជា  របស់យើង ខ្ញុំព្រះអង្គ  ដែលបានរៀបចំ ថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ស ឲ្យយើងខ្ញុំព្រះអង្គបានប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ  និងសេចក្តីចម្រើន ដ៏ធំទូរលាយ អស់កាលជាអង្វែងទៅ ។

( ក្រាបថ្វាយបង្គំម្តង )

វេរគ្រឿងសក្ការបូជា

                  ឥទានាយំ   ភន្តេ   វិសាខបុណ្ណមី កាលោ  សម្បត្តោ  តស្ស  អម្ហាកំ ភគវតោ​តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ​ ។

តថា ហិ  ខោ  អម្ហាកំ  លោកនាយកោ  សោណសំវច្ជរេ   វិសាខបុណ្ណមីយំ សុក្រវារេ    គព្ភានិក្ខមនំ   បត្វា  ច  កុក្កដេ    វិសាខបុណ្ណមីយំ   ពុទ្ធវារស្មឹ    សព្វញ្ញុតំ   បត្វា  ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ  បរិនិព្វានំ  បត្វា  ច  អហោសិ  ។

តស្មា  មយំ  សព្វេ តំ  តំ   តស្ស   នក្ខត្តសមយំ  អនុស្សរន្តោ  ឥធ  សមាគតា ឥមេហិ   ទីបធូបមាលាទីហិ  សក្ការេហិ  ច  បូជំ ករោម  ធម្មេហិ ច  សាធុ  ភន្តេ  ភគវា  សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ  ចេវ  អម្ហាកញ្ច  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ  ។ រះពុទ្ធរូបស្នងព្រះអង្គ  ្តីគោរព

បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន     កាលឥឡូវនេះ    ជាថ្ងៃពេញបូណ៌មីខែពិសាខ ប្រកបដោយនក្ខត្តសម័យ ដូចសម័យរបស់ព្រះដ៏មានព្រះភាគ  ជាម្ចាស់នៃយើងនោះប្រាកដ  ។

ត្បិតថាព្រះលោកនាយកជាម្ចាស់នៃយើង    កាលទ្រង់ប្រសូតចាកគភ៌ ( ព្រះមាតា ) ក្នង ថ្ងៃសុក្រពេញបូណ៌មី    ខែពិសាខឆ្នាំចនោះក្តី    ត្រាស់ដឹងសព្វញ្ញុត្តញ្ញាណ   ក្នុងថ្ងៃពុធពេញបូណ៌មី ខែពិសាខឆ្នាំរកានោះក្តី    ទ្រង់បរិនិព្វាន  ក្នុងថ្ងៃអង្គារពេញបូណ៌មី  ខែពិសាខឆ្នាំម្សាញ់នោះក្តី  មាន ហើយដោយពិត ។

ព្រោះហេតុនោះ ( កាលឥឡូវនេះ )   យើងខ្ញុំទាំងឡាយ   រឭកនូវនក្ខត្តសម័យនោះៗ របស់ ព្រះអង្គ  ទើបនាំគ្នាមកជួបជុំក្នុងទីនេះ    ធ្វើបូជាដោយគ្រឿងសក្ការផ្សេងៗមានប្រទីបធូបទៀន  និង កម្រងផ្កាជាដើមផង   បូជាដោយធម៌ផង  ។     បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន    សូមព្រះដ៏មាន ព្រះភាគ    ដែលទ្រង់បរិព្វានហើយ    សូម្បីអស់កាលជាយូអង្វែងហើយក្តី      សូមព្រះអង្គទទួលនូវ គ្រឿនបណ្ណាការទាំងនេះ ដែលទុគ្គតបណ្ណាការរបស់យើងខ្ញុំទាំងឡាយ  ដើម្បីធ្វើឲ្យសាសនារុងរឿង ស្ថិតស្ថេរទៅផង  ដើម្បីជាប្រយោជន៍   និងសេចក្តីសុខផង    ដល់យើងខ្ញុំទាំងឡាយ   អស់កាលជា អង្វែងទៅហោង  ។

លុះចប់វិធីប្រកាសវិសាខបូជានេះហើយ សូមព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាម វិធីត្រៃប្រណាម និងធម៌សម្រាប់ នមស្ការផ្សេងៗទៀតតាមដែលអាចសូធ្យបានគ្រប់ព្រះអង្គ បន្ទាប់ មកទៀតគឺនិមន្តធម្មកឋិកសម្តែងធម៌ទេសនា។ លុះចប់ធម៌ទេសនាពុទ្ធបរិស័ទណាចេះសូធ្យធម៌បទ ផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ  ដូចជា នមោ ៨បទ និងធម៌បទដែលពិពណ៌នាអំពីពុទ្ធប្បវត្ត ជាដើម ។  ក្នុងកម្មវិធីបុណ្យនេះ  ពុទ្ធបរិស័ទគួរតែកំសាន្ត  តាមផ្លូវព្រះធម៌ឲ្យបានទាល់ភ្លឺ  កុំឲ្យខុស របៀបពីបុរាណមកផង  កុំឲ្យចាញ់ប្រៀបពួកកាតូលិក ដែលគេធ្វើបុណ្យណូអែលផង ។

​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: