ប្រពៃណីខ្មែរ

ទំនៀមទំលាប់ចូលម្លប់ខ្មែរ

ទំនៀមទំលាប់ចូលម្លប់នេះមានជាយូរលង់ណាស់មកហើយក្នុងសង្គមខែ្មរតែពុំមានឯកសារ
សេសសល់ណាមួយដែលបានអះអាងបញ្ជក់បា្រប់ថា សង្គមខ្មែរយើងបានអនុវត្តការចូលម្លប់នេះ ពីពេល​ណាមកទេ។ លុះរហូតមកដល់សម័យលង្វែកសតវត្សទី​ ១៦ ទើបយើងឃើញមាន​ភស្តុតាងខ្លះៗ​បញ្ជាក់ពីការចូលម្លប់នេះ​ តាមរយតួអង្គនាងទាវក្នុងរឿងទំទាវរបស់កវី សន្ធ ម៉ុក។ ការ​អនុវត្ត​ទំនៀមទំលាប់នេះ បានទទួលការនិយមពីសង្គមខែ្មររហូតដល់រជ្ជកាល​ព្រះបាទ​សមេ្តច​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស​ (ប្រហែលរវាង គ.ស ១៩៣០ ដល់ ១៩៤០) [1]ទើបបាន​សាប​រលាបជា​បណ្តើរៗ ទៅតាម​ពេលវេលានៃការរីកចំរើន វិទ្យាសាស្រ្ត និងលក្ខខ័ណ្ឌចាំបាច់ផ្សេងៗនៃសង្គម ។ សព្វថ្ងៃយើងដឹង​ពិធីចូលម្លប់នេះតាមរយ:ព្រឹទា្ធចារ្យ​ដែលបានចេះចាំ។​​ ការចេះចាំរបស់គាត់ទៀតសោត​ក៏មានការ​ប្លែក​គា្នខ្លះៗលើលំនាំពិធីនៃការអនុវត្តនៅក្នុងតំបន់នីមួយៗដែរ។ ក៏ប៉ុនែ្តទោះបីជាយ៉ាងនេះកី្តក៏ពិធីនេះ​មាន​គោលបំណងតែមួយគឺបំពេញលក្ខណ៍អោយកូនស្រីពោលគឺបំពេញលក្ខណ:ខាងរូបសម្បត្តិ និងចរិយាសម្បត្តិ។
១. លក្ខខណ្ឌនៃការចូលម្លប់
ពេលដែលកូនស្រីឈានចូលវ័យក្រមុំ គឺនៅពេលដែលកូនស្រីនោះចាប់ផ្តើមមាន​រដូវជាលើក​ដំបូង ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់អោយ​កូនស្រីខ្លួនបើយ៉ាងហោចណាស់​ក៏ត្រូវធើ្វអោយកូន​ស្រី​ច្បងនៃគ្រួសារដែរ។​​​​​ ឪពុកម្តាយនៃគ្រួសារនីមួយៗទោះនៅក្នុងសភាពក្រលំបាក​យ៉ាងណា​ក៏ដោយ​ក៏ត្រួវខិតខំបំពេញភារកិច្ចនេះអោយបានទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន។ ពិធីចូលម្លប់​នេះ​មិន​គគ្រឹកគគ្រេង ដូចពេល ចេញម្លប់ទេព្រោះឪពុកមា្តយមិនចាំបាច់រក​អាចារ្យដេញពេលារកថ្ងៃខែល្អអាក្រក់​​​ ដូចពេលឡើងផ្ទះ ពេល រៀប អាពាហ៍ពិពាហ៍នោះទេ។​ឪពុកម្តាយគ្រាន់តែគ្រាន់តែ ជម្រាបញាតិសនា្តន ជិតស្និទ្ធថាខ្លួន រៀប ចំបញ្ចូលម្លប់កូនស្រីខ្លួនថ្ងៃនេះថ្ងៃនោះតែប៉ុណោ្ណះ។
ក. រយ:ពេលចូលម្លប់
រយ:ពេលចូលម្លបនេះ តាមមតិឯកភាពគ្នាជាទូទៅ គឺកំណត់ពី ៣ ខែទៅ ៦​ ខែ​ហើយជួន កាល ទៀតគ្រួសារខ្លះអូសបន្លាយរយ:ពេលចូលម្លប់អោយយូរជាងនេះទៅទៀតតាមលទ្ធភាពនិងធនធាន របស់ ខ្លួន ដើម្បីបញ្ហាញលក្ខណពិសេសចំពោះញាតិអ្នកស្រុក ។ លំនាំពិធី គេរៀបចំតង្វាយ អុជទៀន ធូប​ សែនព្រេនគោរពេវិញ្ញាណក្ខខន្ធខ្មោចជីដូនជីតា និងញាតិទាំងប្រាំពីរសន្តានអោយបានដឹង
លឺ ពីការចូលម្លប់របស់កូនស្រីឈោ្មះនេះ ឈោ្មះនោះតែបុណ្ណោះ។បន្ទាប់មកគេយកតង្វាយបនិ្តចបន្តួច​ ទៅសែននៅក្រោមផ្ទះ មានច្រូចស្រាបន្តិចលើតង្វាយនោះ ហើយនាំគ្នានិយាយអំពាវនាវ បនស្រន់​ភូមិទេវតា ខោ្ម ព្រាយបិសាច នានាសុំកុំអោយប្រកាន់ ហើយអោយជួយប្រសិទ្ធិពរជ័យ សិរីមង្គលដល់​សាមីខ្លួន​កូនស្រីថែមទៀត ផង​ [2]
ខ. ត្រនមក្នុងពេលចូលម្លប់
ពេលចូលម្លប់នេះ ទាមទារអោយនារីចូលម្លប់មានអំនត់ តស៊ូព្យាយាមអត់ធ្មត់គោរពអោយបាន​នូវលក្ខខណ្ឌចាំបាច់ថ្មីៗជាច្រើនដែលនាងមិនដែលធ្លាប់ជួបប្រទះនៅពេលមុនចូលម្លប់។
លក្ខខណ្ឌនេះហៅថាត្រនម ។ ​តាមទំនៀមទម្លាប់លក្ខខណ្ឌដ៏តឹងរ៉ឹងនោះមាន៖
ខ.១. បង្ខាំងនារីអោយនៅក្នុងបន្ទុបពិសេស ឬនៅតែក្នុងផ្ទះ ។ ហាមនារីមិនអោយចេញក្រៅផ្ទះ នៅ​ពេលថ្ងៃតែនៅពេលយប់អាចអនុញ្ញាតអោយចេញក្រៅផ្ទះ ឬចុះដីងូតទឹកបត់ជើងតូច ធំបាន ។
ខ.២. មិនអោយនិយាយជាមួយបុរស ។
ខ.៣. មិនអោយហូបសាច់ ឬត្រី ។ ម្ហូបដែលគេអនុញ្ញាតគឺអំបិលបុកលាយល្ង ឬសណ្តែកដី បនែ្ល ចំអិនដោយគ្មានប្រើខ្លាញ់​ ឬសាច់ ដែលយើងតែងតែហៅថាបាយបួស ។
គួរកត់សំគាល់ថា នៅតំបន់ខ្លះ គេអនុញ្ញាតអោយនារីហូបបាយតែមួយពេល​ដូច​ព្រះសង្ឃដែរ [3]
គ. ភារកិច្ចនារីពេលចូលម្លប់
ក្នុងពេលចូលម្លប់នេះ ឪពុកមា្តយត្រូវរកក្បួនច្បាប់ផ្សេងៗដូចជា​ ច្បាប់ស្រី ឬសៀវភៅមេផ្ទះ មក អោយកូនរៀន ។ ប្រសិនបើនារីនោះមិនចេះអក្សរឪពុក ឬកូនប្រុសក្នុងគ្រួសារ មកអានអោយ​កូនស្រី នោះសា្តប់ ហើយនិងពន្យល់ខ្លឹមសារនៃច្បាប់ទាំងនោះ ។ ម្តាយត្រួវ​បង្រៀន​វិជ្ជាមេផ្ទះ ។ ឪពុកមានភារ កិច្ច អប់រំខាងសីលធម៌ ចរិយាធម៌និងគុណធម៌គ្រប់បែបយ៉ាងដើម្បីអោយកូនស្រីអាចរស់នៅ​ក្នុងសង្គម ឬនៅជាមួយប្តីបានសុខសប្បាយ គឺគាត់អប់រំអោយមានភាពទន់ភ្លន់ កុំអោយឡេះឡោះ​អោយកោតខា្លច និងរាប់អានញាតិជិតខាង ចេះសន្សំសំចៃ និងចេះទុកដាក់ទ្រព្យសម្បត្តិ ។ ក្រៅពីនេះអប់រំវិជ្ជាមេ​ផ្ទះដូចជា ដាំស្ល រៀបចំផ្ទះសំបែង និងវិជ្ជាជីវផ្សេងៗដូចជាក្រមា ផាមួង ហូល​ជាដើម។
២. ពិធីចេញម្លប់
ការរៀបចំបញ្ចេញម្លប់កូនស្រី មានលក្ខណគគ្រឹកគ្រេងកំប៉ិកកំប៉ុក និងស្មុគស្មាញណាស់ ។ គ្រួសារត្រូវចំណាយពេលវេលាកំលាំង និងធនធានច្រើន ។ ពេលវេលានៃការរៀបចំពិធីចេញម្លប់នេះ ឪពុកមា្តយត្រូវទៅរកអាចារ្យអោយមើលពេលា ថ្ងៃខែល្អដូចក្នុងការរើសពេលា រៀបអាពាហ៍ពិពាហ៍ដែរ ។ នៅពេលដែលបានពេលាហើយ ឪពុកម្តាយត្រូវរៀបចំប្រដាប់ប្រដាបំរុងម្ហបអាហារចំណី​សំរាប់​ទទួលភ្ញៀវ ។ គាត់ត្រូវដើរជំរាបញាតិមិត្ត ជិត ឆា្ងយមកចូលរួមក្នុងពិធីបញ្ចេញម្លប់កូនស្រី តាមពេលា ដែល អាចារ្យ បានកំណត់ [4] ។ តាមទំលាប់ក្នុងពិធីនេះ គេត្រូវសង់រោងធំមួយសំរាប់ទទួលភ្ញៀវ ។ នៅពី​ខាង​កើតរោងធំ នោះ ត្រូវសង់រោងទេវតាមួយ​ដែលមានរាជ័វតិព័ទ្ធជុំវិញ ដោយទុកច្រកបើកទៅ​ទិស​ទាំងបួន ។ ក្នុងករណី ដែលឪពុកមា្តយ គ្មានលទ្ធភាព សង់រោងធំសំរាប់ទទួល និងជប់លៀងភ្ញៀវ​ទេនោះ ក៏ចាំបាច់ត្រូវតែសង់ រោងទេវតាដែរ ព្រោះពិធីសំខាន់ៗត្រូវបា្ររព្ធនៅកនែ្លងនោះ ។
ពិធីចេញម្លប់មានរយ:ពេលពីរថ្ងៃ
–       ថ្ងៃចូលពិធី
–       ថ្ងៃឆ្លងពិធី
នៅថ្ងៃចូលពិធីនេះពុំសូវមានអ្វីច្រើនទេគេគា្រន់តែលេងភ្លេងកំដររោងតែប៉ុណ្ណោ។ ប៉ុន្តែ ដល់​ពេល​​យប់មានពិធីជាច្រើន ត្រូវរៀបចំជាបន្តបន្ទប់ដូចជា៖
–   ពិធីសូត្រមន្ត ឬស្រោចទឹក
–       ពិធីកាត់ស្លឹក
–       ពិធីបុកល័ខ
–       ពិធីធើ្វធេ្មញបំពេញលក្ខណ៍
–       ពិធីជីកខៃ្ញរ
–       ពិធីបញ្ចូលខោ្មចដំរីសារ [5]……។
៣.​ បំណងនៃការចូលម្លប់
នៅក្នុងសង្គមខ្មែរបុរាណ ទោះជាពិធីចូលម្លប់នេះមានការលំបាកស្មុគសា្មញ​និងចំណាយ​ធនធាន​ច្រើន​​​​ក៏ដោយ ក៏បុព្វបុរសយើង​ទោះជា​មានក្តី ក្រក្តី បានខិតខំអស់ពីលទ្ធភាព បំពេញភារកិច្ចនេះ​​ដើម្បី ប្តូរយកគុណធម៌ពិសេសៗ​អោយកូនស្រី ។
ពិធីនេះធើ្វឡើងក្នុងបំណង ៤ យ៉ាង៖
–       ប្រកាសភាពពេញក្រមុំអោយកូនស្រី
–       បន្ទុំសំបុរ​និងអប់រំរូបរាងកាយអោយកូនស្រី
–       បំពេញលក្ខណចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវអោយកូនស្រី
–       ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយរូបចរិយា និងវិជ្ចា
ក. ប្រកាសភាពពេញក្រមុំអោយកូនស្រី
ការចូលម្លប់នេះ គឺជាការប្រកាសភាពពេញក្រមុំអោយកូនស្រី ដើម្បីញាតិមិត្ត​ជិតឆ្ងាយ​បាន​ដឹងលឺ ។ នេះគឺដំណឹងប្រកាស ចំហបា្រប់អ្នកផងថា អាចចូលមកស្តីដណ្តឹងកូនស្រីនេះបានហើយ ។
ខ. បន្ទុំសំបុរ និងអប់រំរូបរាងកាយអោយកូនស្រី
ការអប់រំរូបរាងកាយនេះ គឺជាបំណងប្រាថា្នចាំបាច់របស់ឪពុកមា្តយដែលចង់អោយ​កូនស្រីខ្លួន​មាន សំបុរផូរផង់រលើបរលោង និងមានកាយវិការទន់ភ្លន់ ។ ហេតុនេះហើយទើបគាត់​ធើ្វការងារក្រៅ​គ្រប់បែប យ៉ងជំនួសកូនស្រី អោយ​នាងរស់នៅក្នុងម្លប់ធើ្វការងារស្រាលៗ ។ ពេលមុនចូល​ម្លប់​នារីប្រឡូក​ការងារ ហាលថ្ងៃកៅ្ត ហាលភ្លៀង​ជាមួយឪពុកម្តាយ សំបុរស្បែកគ​គ្រើម​សក់​ក្រញេស​ក្រញាស ដៃជើង​កខ្វក់ រូបកាយរឹងកំព្រឹស​គ្មានភាពទន់ភ្លន់ ហើយពុំបានគិតគួរតុបតែង​ខ្លួនបា្រណ​អោយបានល្អ​ផូរផង់​​នោះទេ ។ ក្នុងរយ:ពេលពី ៣ ទៅ ៦​ ខែ ដែលស្រីក្រមុំរស់នៅក្នុងម្លប់ ហូបចុកស្រួល មិននឿយហត់​ក្នុងការងារ ផេ្សងៗ មានឱកាសបានតុបតែងខ្លួនអោយស្អាតបាត តាំងពីសំបុរស្បែក ធ្មេញ ក្រចក….និងការ​ស្លៀក ពាក់ ។ នេះជាចំណេះដឹងមួយផែ្នក ដែលនារីត្រូវតែដឹង ព្រោះជាការតុបតែងខ្លួន ការសំអាតខ្លួន អោយ មានសោភ័ណភាពនេះជាសិល្ប:មួយ ។ បើគ្មានចំណេះដឹងផ្នែកនេះទេ ទោះជា​នាងសំលៀកបំពាក់ល្ង មានគ្រឿងអលង្ការ និងគ្រឿងសំអាងគ្រប់គ្រាន់ក៏ដោយ ក៏ពុំអាចទទួល​ការសរសើរពីគេបានដែរ ព្រោះ ការតុបតែងនោះ វាពុំសមរម្យដល់ភ្នែកអ្នកដទៃ ហើយវាអាចឈើ្លយ​អាចទទួល​​ការរឹះគន់ពេបជ្រាយ ពីអ្នក ដទៃថែមទៀតផង ។
ការបង្ខាំងនារីអោយនូវតែក្នុងម្លប់ លាបម្សៅលាបរមៀតសព្វខ្លួនប្រាណជាប្រចាំ ការអោយ​នារីហូបតែបាយបួស [6]​ នេះគឺក្នុងបំណងធើ្វអោយសំបុរសែ្បកនារីរលើបរលោង ដោយម្ហូប​ទាំងនេះ​មាន​ជាតិបេ្រង ដែលធើ្វអោយស្បែកបាត់ភាពក្រៀមក្រោះ ។ ការបន្តឹងនារីអោយនៅក្នុងម្លប់ អោយ​ស្លៀកពាក់​​អាវវែង សំពត់វែង ទោះជាធាតុអាកាសក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយនោះ ក៏ក្នុង​បំណង​​ធ្វើអោយ​សំបុរ ស្បែកល្អខ្ចីតែប៉ុណ្ណោះ ។ ការអោយហូបតែម្ហូបបួសការដែលមិនអោយនារី​ធើ្វ​ការធ្ងន់ នៅ​ពេល​ចូល ម្លប់ នេះ គឺធើ្វអោយសាច់នារីទន់ រក្សារាងល្វតល្វន់ ទន់ភ្លន់របស់នាងបាន ។
ដូចនេះក្នុងផ្នែកខាងលើ គឺមានគោលបំណងបន្ទុំរូបសម្បត្តិ និងសោភ័ណភាពអោយក្លាយជា​នារីប្រកបដោយបញ្ចពិធិកល្យាណី[7] (លំអសក់ លំអបបូមាត់ លំអធេ្មញ លំអសំបុរ លំអេវ័យ) តាម​វ័យក្រមុំ​របស់ខ្លួន ។
គ. បំពេញចរិយាវិជា្ជមេផ្ទះ និងវិជា្ជជីវអោយកូនស្រី
នេះជាលក្ខណចំបង និងចាំបាច់បំផុត ដែលជាបំណងប្រាថា្នរបស់ឪពុកម្តាយ និងសង្គម ។ ពេល​ចូល​ម្លប់នេះ ជាឱកាសត្រៀមបំរុងអប់រំកូនស្រីខ្លួនអោយមានចរិយា សីលធម៌ វិជ្ជាមេផ្ទះ និងវិជ្ជាជីវផ្សេៗ ដើម្បីអោយក្លាយជានារីគ្រប់លក្ខណ៍ជាមេ អាចដឹកនាំអប់រំកូនចៅ ប្តីសី និងសង្គមទៅរកសុភមង្គល និង​ការ​អភិឍ្ឍគ្រប់បែបយ៉ាងទៅអនាគត ។
គ.១. អប់រំចរិយា
នៅពេលចូលម្លប់នេះ នារីបានឆ្លងកាត់វិញ្ញាសាលំបាកៗ​ជាច្រើនដែលនាងមិនដែល​ធ្លាប់ជួប​ប្រទះ​មុនពេលពេញវ័យ ។ នាងបាន​ហាត់ពត់លត់ដំ​អត់ធ្មត់តស៊ូ ពុះពាររាល់ការ​លំបាក​តាមផ្លូវកាយក្តី តាមផ្លូវ​ចិត្តក្តី ដើម្បីអនុវត្ត​អោយ​បាន​​ក្រិត្យក្រមទាំងឡាយ ដែលទំនៀមទំលាប់តំរូវអោយធើ្វដូចជា ការបង្ខាំង​សេរីភាព មិនអោយនាងដើរចេញក្រៅផ្ទះ ហូបតែបួសដែលគួរអោយធុញទ្រាន់ និងខិត​ខំអនុវត្ត​ត្រនម​ផ្សេងៗ ។ ទាំងនេះគឺជាលក្ខខ័ណ្ឌថ្មីបង្ខំអោយនាងគោរព ។ មុនពេលចូលម្លប់ នាងធា្លប់​តែភ្លើតភ្លើន មាន​សេរីភាព​ក្នុងការដើរហើរ ហូបចុកគា្មនតមអ្វីទាំងអស់ ។ ពេលចូលម្លប់ ទំនៀមទំលាប់​បានកាច់បំបាក់ ទាំង​នេះ​គឺក្នុងបំណងអោយនាងរៀនផ្សុំាចិត្តគំនិត ដើម្បីរស់នៅអោយបានសុខសាន្ត​ជាមួយ​​គ្រួសារនៅ​ពេល​ខាងមុខ ។ ប្រាកដណាស់ នាងនឹងឈានទៅជាប្រពន្ធជាម្តាយគេ ។ វាទាមទារ​អោយ​នាងខិតខំ​អប់រំ​ចរិយា​ដើម្បីអោយប្តី បងប្អូនញាតិមិត្តស្រឡាញ់ និងចូលចិត្ត ។ ក្រៅពីការអប់រំផ្ទាល់​ឪពុកម្តាយមានភារកិច្ច ខិតខំ​រកសៀវភៅអប់រំផ្សេងៗ ពិសេសច្បាប់ស្រី អោយកូន​មើល​ក្នុងករណី​កូនចេះអក្សរ ។ បើមិនចេះ ឪពុក​ឬបងប្រុស​​អានពន្យល់ណែនាំ​នាងអោយ​ច្បាស់ ដើម្បីអោយអនុវត្តបាន​តាមច្បាប់នោះ តាំងពីឥរិយាបថ អាកប្បកិរិយា ចរិយា​ការទាក់ទង​ញាតិ​​មិត្តជិតឆ្ងាយ​ជាដើម ។
ក្នុងការអប់រំចរិយានេះ ម្តាយមានតួនាទីសំខាន់ណាស់ ព្រោះម្តាយជាអ្នករស់នៅផ្តាល់ ជាអ្នក​ថែរក្សា​ផ្ទាល់ និងអប់រំកូនស្រីផ្ទាល់ជាប្រចាំ ។ ម្តាយបានទទួល​ការទុកចិត្តស្និទ្ធស្នាល​ពីកូន​ជាង​ឪពុក ។ មិន​​ត្រឹម​តែ​អប់រំខាងចរិយាប៉ុណោ្ណះទេ មា្តយបានបង្ហាត់​បង្រៀន​វិជា្ជ​​ផ្សេងៗទៀតដូចជា ៖
គ. ២. វិជា្ជមេផ្ទះ
វិជា្ជមេផ្ទះបានបង្ហាត់បង្រៀននារីអោយចេះពីរបៀបរស់នៅក្នុងគ្រួសារ ពីអាកប្បកិរិយាដែល​នារី​ខ្មែរ​​ប្រកាន់យក ពីរបៀបរៀបចំផ្ទះសំបែង ពីការសំអាតខ្លួន ពីការថែរក្សាកូន ពីការធើ្វម្ហូបអារហារ ពីការថែរក្សាទ្រព្យសម្បត្តិ ពីការទទួលភ្ញៀវ…។ ពេលដែលមា្តយគា្ននការប៉ិនប្រសប់ ខាងមុខេវិជា្ជ​ណាមួយ​នោះ ម្តាយត្រូវទៅពឹងពាក់អ្នកជិតខាងដែលមានសមត្ថភាព មកជួយ​បង្ហាត់បង្រៀន​បន្ថែម​ទៀត ។ នេះជា​ការ​​​​​​បំពេញ​​លក្ខណ:​អោយកូនស្រីមានសមត្ថភាពពេញលេញ នៅ​ពេល​ដែល​នាង​ទៅរស់នៅ​ក្នុងសង្គម​ដាច់​​ចេញពីឪពុកមា្តយ ។
គ.៣. ការអប់រំវិជា្ជជីវ
ការអប់រំវិជា្ជជីវនេះ ក៏ជាកិច្ចការសំខាន់មួយទៀត ដែលម្តាយត្រូវបង្ហាត់បង្ហាញកូនអោយចេះ ត្បា​ញ​រវៃ មានត្បាញក្រមា ហូល ផាមួងចរបាប់ ដេរប៉ាក់ជាដើម ។ វិជា្ជនេះអាចអោយនាងមានលទ្ធភាព រក​ធនធានចិញ្ចឹមជីវិតបានដោយស្រួល ។
ការពណ៌មកហើយនេះ គឺជាការបំពេញចរិយាសម្បត្តិ និងវិជ្ជាសម្បតិ្តអោយកូនស្រី ។
ពេលចេញម្លប់គេតែងតែធើ្វពិធីកោសធេ្មញបំពេញលក្ខណ៍អោយកូនស្រី ។ ពិធីនេះបានបញ្ចាំង អោយឃើញជានិមិត្តរូបនៃការអប់រំខាងចរិយានេះដែរ ។ ដើម្បីយល់ពីនិមិត្តរូបនេះ យើងគួរសង្កេត​ពីរឿង​ព្រេង [8]  ដែលនិយាយពីការធើ្វធេ្មញ បំពេញលក្ខណ៍នេះ ។ រឿងបានដំណាលថា កាលនោះព្រះបាទ​អា​ទិត្យ​​វង្សា ព្រះចៅក្រុងកម្ពុជាធិបតី ជាចៅទូតព្រះកេតុមាលា [9] ។ ព្រះអង្គមាន​អគ្គ​មហេ​សី​​ជានាគី ។ នាង​​​នាគីមានគ៌ត ពេលប្រសូត្រចេញមកជាពងដូចសត្វ ។ ព្រះ​អាទិត្យ​វង្សា ទ្រង់តូច​ព្រះទ័យណាស់ ក៏ប្រើ​ពេជ្ឃឃាតអោយយកពងនោះទៅកប់ចោល ។ ស្តេច​ក្រាញ់​​នៅ​សុខោទ័យ ពេល​យក​សួយសារ​អាករ​មក​​ថ្វាយស្តេចក្រុងអង្គរ ក៏រើសពងនោះបាន ហើយ​ក៏យក​ទៅ​ថែរក្សា ថ្ងៃក្រោយមក​ពងនោះក៏ញាស់​បាន​ជា​មនុស្ស ។
ពេលប្រសូត្របានជាពងនេះ នាងនាគីមានការខ្មាសអៀនយ៉ាងខ្លាំង នាងសូមលាព្រះសា្វមី​ត្រ​ឡប់​​ទៅឋានភុជង្គនាគវិញ តែព្រះអាទិត្យវង្សាមិនព្រម ។ ព្រះអង្គតែងទៅរួមរក្ស​ជាមួយនាងនាគី​រាល់​រាត្រី ដោយការខា្មសអៀនខ្លាំង ហើយនឹកចង់ទៅនគរផង ពេលរាត្រីមួយនោះ ពេលផ្ទុំលក់នាង​ប្រែ​ក្លាយ​ខ្លួន​ជានាគ ។ ពេលព្រះរាជាយាងទៅដល់ ឆៀងព្រះនេត្រ​មើល​ទែនក្រលា​ក៏ឃើញ​នាគ​ពេន​ទ្រេល​ពេញ​លើ​គ្រែ ព្រះអង្គភ័យក៏រត់ចេញពីបន្ទាប់​ទៅប៉ះ​ព្រះភក្ត្រនឹង​មេទ្វារ​បែកចេញ​ឈាម​ដួលនៅ​ទី​នោះ ។ ព្រះ​នាង​​​​ដឹង​ខ្លួន ស្ទុះទៅត្រកងព្រះសា្វមី ហើយព្រះនាងដណ្តឹង​សួរព្រះសា្វមី​ពី​ហេតុ​​ភេទនេះ ។
ដោយជួបបាតុភូតចំឡែកបែបនេះ ព្រះអង្គទ្រង់បញ្ជាអោយទៅហៅហោរាមកទស្សន៍ទាយ ។ ហោ​រា​បានទាយថា ពេលព្រះនាង ផ្ទុំលក់ក្លាយជាពស់នាគនោះ មកពីនាងមមើមមាយ​ភ្លឹកទៅកាន់​ទី​ផ្សេងៗ ។ ដើម្បីបំបាត់បាតុភូតនេះត្រូវរៀបចំពិធីជញ្ជាត់ព្រលឹង កោស​ធេ្មញ តំរឹមធេ្មញ ដោយពួក​អា​លម្ពាយ [10] នោះ​ប្រាកដជានាងបាត់គ្រោះ ផ្ទុំលែងមមើមមាយ​ទៀត​ហើយ ។ ព្រះនាងបានយល់ព្រម​អោយ​ហ្មពស់​ឆ្នៃតំរឹម បៀមឱសថអោយសាបពិស ហើយស្រោបមាស​អោយវិញ ។ ឱសថដែលផ្សំដោយ​អា​លម្ពាយ​នោះ មាន​សាច់ជូរ ល័ខខ្មែរ និងក្រូច​សើច ។ ចាប់ពីពេលធើ្វ​ពិធីនោះមក នាងនាគី​រស់នៅយ៉ាង​សុខ​សាន្ត​គ្មាន​បាតុ​ភាព​អី្វ​កើតឡើង​ទៀត​ទេ ។ ក្រោមកនាងមានគ៌ត​ ហើយ​ប្រសូត្រ​​បាន​ឱរសដូច​មនុស្ស​ធម្មតា ។
ឯកសារជីវតាក្វាន់ ក៏បានបញ្ជាក់ពីរឿងនេះដែរ “ ខ្ញុំលឺគេនិយាយថាទីត្រង់នេះ​មានរបស់ប្លែកៗ​ច្រើន​ណាស់ ប៉ុន្តែបំរាមតឹងតែងពេកមិនអាច​អនុញ្ញាត​អោយ​ចូលមើលបាន ។ ក្នុងបណា្តលរឿងប្លែកៗ​ទាំងនេះ មានការណ៍មួយថានៅកណ្តាលប្រាសាទមានប្រាង្គមាសមួយ ហើយរាល់យប់ស្តេចតែងឡើង​ទៅ​​ផ្ទុំ​លើបា្រង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿ ហើយនាំគ្នានិយាយថា នៅក្នុងប្រាសាទមាសនោះ​មានបិសាចមួយមានរូបជាពស់ក្បាល ៩ ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែង ដំណែងខ្លួនជាមនុស្សស្រីហើយស្តេចត្រូវផ្តេកផ្តិតជាមួយនាងនោះ សូម្បីតែមហេសី រឺស្នំជិតស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅទីនោះដែរ ។ លុះមជ្ឈិមយាម ទើបស្តេចចេញពីនាងពស់នោះមករួមរក្ស នឹងមហេសី រឺស្រីស្នំដទៃទៀតបាន “។រឿងទាំងពីរ បានបញ្ចាំងអោយឃើញការខិតខំភ្ជាប់រាជវង្សអង្គរទៅ​នឹងនាងនាគ​ដែលជា​បឋម​ក្សត្រ​​​​​ខែ្មរ ។នេះបញ្ជាក់ប្រាប់ ពីការអោយតំលៃលើនាងនាគដែលយើងអាចសន្និដា្ឋនបានថា នៅ​សម័យ​អង្គរ​​ព្រលឹងមាតាធិបតេយ្យនៅតែមានឥទ្ធិពលនៅឡើយ ។
ក្រៅពីធើ្វធេ្មញអោយល្អ អោយស្អាតនោះ ពិធីធើ្វធេ្មញនេះក៏មានបង្កប់ អត្ថន័យដ៏ជា្រលជ្រៅ​មួយទៀត សំរាប់អប់រំចរិយានារីអោយមានប្រអប់មាត់ជិតល្អ ។ គេអោយបៀមឱសថបន្សាបពិស គឺចង់​បំបាត់​​​ពិសពុល​ទាំងឡាយដែលកើតចេញពីមាត់ ។ គេអោយបៀមសំបួរ [11] ដើម្បីលាងសំអាតអ្វីៗ​ដែល​​​ជា​អពមង្គល​ចង្រៃចង្រកផ្សេងៗអោយសា្អត វៀចាកអោយផុតពាក្យសំដីណាដែលជាពិសពុល ដូចជា​និយាយ​​​​​​​កុហក ពោលពាក្យ ចាក់ដោតញុះញង់ ពាក្យថោកទាបជេរប្រទេច និយាយដើមគេ និយាយ​ផ្តេស​ផា្តស​ ​ឡេះឡោះឥតប្រយោជន៍ ។
ក្នុងន័យមួយទៀត ការកោសធេ្មញនេះធើ្វអោនារីទទួលការឈឺចាប់មួយកំរិត ហើយថ្នាំដែលនាង​បៀម​នោះសុទ្ធតែល្វីង ជូរចត់ទាំងអស់ ។ នេះជានិមិត្តរូបអប់រំនារី អោយចេះអត់ធ្មត់គ្រប់បែបយ៉ាង​ទើប​តស៊ូក្នុងជីវិតបានព្រោះការរស់នៅក្នុងសង្គមវាតែងជួបភាពល្វីងជូរចត់ដូចថ្នាំបៀមនោះដែរ ។ អ្នកដែល​ទ្រាំ​ទ្រ​បាន​នឹងភាពល្វីងជូរចត់នេះ ទើបអាចរស់នៅក្នុងសង្គមបានសុខសាន្ត ។
៤. ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយា និងវិជ្ជា
ក្នុងពិធីចេញពីម្លប់ ជាឱកាសដ៏ប្រសើរដែលឪពុកម្តាយមានមោទនភាពបង្អួតភ្ញៀវ ញាតិមិត្ត ជិត ឆ្ងាយពីសម្រស់កូនស្រីរបស់ខ្លួនដែលនៅក្នុងម្លប់អស់រយៈពេល ៣ ខែ រឺ ៦ ខែ ពី អាកប្ប កិរិយា ចរិយា សណ្តាប់ធ្នាប់ដែលគាត់បានអប់រំនៅពេលចូលម្លប់នេះ។ គាត់បង្អួតប្រាប់ភ្ញៀវពីសា្នដៃកូនស្រី ដែល សំ​រេច​​បានដូចជា ហូល ផាមួង ចរបាប់ និងការដេប៉ាក់ផ្សេងៗរបស់កូន ។ សំរស់ចរិយា និងសមត្ថភាព របស់កូននេះ អាចទាញទឹកចិត្តភ្ញៀវ ញាតមិត្តជិតឆ្ងាយអោយកោត សរសើរ ស្រលាញ់ពេញចិត្តគ្រប់គ្នា ។ ត្រង់នេះ ជាកិត្តិយសដ៏ល្អប្រពៃសំរាប់គ្រួសារ និងកិតិ្តយសផ្ទាល់របស់នាង ។អានអត្ថបទបន្ត


ហេតុអី្វបានជាក្នុងប្រពៃណីរបស់ខ្មែរកូនស្រីត្រូវតែចោះត្រចៀក?

ចូរបំភ្លឺ។

អានអត្ថបទបន្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: